អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អៀរឡង់ នឹងមាននាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ
25, Mar 2024 , 11:58 am        
រូបភាព
រូបភាព ៖ AP
រូបភាព ៖ AP
រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាអៀរឡង់ លោក Simon Harris នៅថ្ងៃទី២៤ ខែមីនា បានក្លាយជាមេដឹកនាំថ្មីនៃគណបក្ស Fine Gael ដែលកំពុងកាន់អំណាច ។ លោកនឹងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់អៀរឡង់ នៅពេលសភាជួបប្រជុំនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

 
លោក Simon Harris មានអាយុ ៣៧ឆ្នាំ ជាបេក្ខជនតែមួយគត់ឈរឈ្មោះជាមេដឹកនាំគណបក្ស Fine Gael ជំនួសលោក Leo Varadkar ដែលបានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី២០ ខែមីនា។ លោក Varadkar បានដឹកនាំរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន រួមជាមួយបក្ស Fianna Fáil និងគណបក្សបៃតង។ ដូច្នេះ អ្នកស្នងតំណែងបន្ទាប់ នឹងឡើងកាន់តួនាទីជានាយករដ្ឋមន្រ្តី។
 
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់សមាជិកនៃគណបក្ស Fine Gael បន្ទាប់ពីក្លាយជាមេដឹកនាំថ្មី លោក Harris បានសង្កត់ធ្ងន់ថា ៖« ខ្ញុំចង់អរគុណអ្នក។ ខ្ញុំចង់អរគុណមនុស្សគ្រប់រូបនៅក្នុងបន្ទប់នេះ និងអ្នកគ្រប់មកពីទូទាំងប្រទេសអៀរឡង់។ ខ្ញុំចង់អរគុណចំពោះការជឿជាក់របស់អ្នក ហើយថ្ងៃនេះខ្ញុំចង់ប្តេជ្ញាចិត្តនឹងអ្នកថាខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីតបស្នងការទុកចិត្តរបស់អ្នកដោយការខិតខំធ្វើការ ដោយកម្លាំងញើសឈាមពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្តីគោរព និងការទទួលខុសត្រូវ»។ នេះបើតាមសារព័ត៌មាន CNN។ 
 
លោក Harris ក៏បានសន្យាជួយដល់ក្រុមហ៊ុន ជាពិសេសអាជីវកម្មខ្នាតតូច ការធានាសុវត្ថិភាព សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ និងដោះស្រាយបញ្ហាអន្តោប្រវេសន៍។ លោក​បាន​បញ្ជាក់​ពី​ជំហររបស់​លោក​លើ​សេវា​សាធារណៈ និង​អំណាច​នៃ​នយោបាយ​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ជួយ​ជីវភាព​ប្រជាជន​​កាន់​តែ​ប្រសើរ។
 
លោក Harris ​មាន​ពេល​តែ១ឆ្នាំ​ប៉ុណ្ណោះ ​ដើម្បី​សង្គ្រោះ​ក្រុម​ចម្រុះ​ពី​ភាពបរាជ័យ ​ក្នុង​ការ​បោះឆ្នោត​សភា​អៀរឡង់។ លទ្ធផលនៃការស្ទង់មតិសាធារណៈ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ បង្ហាញថា Sinn Fein ដែលជាគណបក្សឆ្វេងនិយមគាំទ្រការបង្រួបបង្រួមនៃប្រទេសអៀរឡង់​ ជាមួយអៀរឡង់ខាងជើង ក្រោមការគ្រប់គ្រងរបស់អង់គ្លេស ទំនងជានឹងឈ្នះការបោះឆ្នោតសកលឆ្នាំ២០២៥ ។
 
លោក Harris បានក្លាយជាសមាជិកសភានៅអាយុ ២៤ឆ្នាំ ហើយបានឡើងតំណែងយ៉ាងឆាប់រហ័សនៅក្នុងបក្ស Fine Gael ។ អ្នកនយោបាយរូបនេះ បានចូលកាន់តួនាទី នៅគណៈរដ្ឋមន្ត្រីដំបូងក្នុងឆ្នាំ២០១៦ ដោយធ្វើជារដ្ឋមន្ត្រីសុខាភិបាលអៀរឡង់ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ការឆ្លើយតបដំបូងចំពោះជំងឺរាលដាលកូវីដ-១៩។
 
ចាប់តាំងពីឆ្នាំ២០២០ លោក Harris បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា ស្រាវជ្រាវ នវានុវត្តន៍ និងវិទ្យាសាស្ត្រ។ លោកជារដ្ឋមន្ត្រីដ៏ល្បីម្នាក់របស់អៀរឡង់ ដែលមាន អ្នកតាមដានជិត ១សែននាក់ និងអ្នកចូលចិត្ត១,៨លាននាក់លើបណ្តាញ TikTok៕ 

Tag:
 អៀរឡង់
  នាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com