អន្តរជាតិ
ប៉ូឡូញទារការបកស្រាយពីរុស្ស៊ី ក្រោយមីស៊ីលហោះចូលដែនអាកាសខ្លួន
25, Mar 2024 , 3:32 pm        
រូបភាព
រូបភាព AP
រូបភាព AP
ប៉ូឡូញទាមទារការបកស្រាយពីរុស្ស៊ី ក្រោយពីមីស៊ីលមួយគ្រាប់ ដែលវាយប្រហារលើអ៊ុយក្រែន បានហោះលើដែនអាកាសរបស់ខ្លួន នៅថ្ងៃទី២៤ ខែមីនា។ វត្តមានមីស៊ីលមួយគ្រាប់ចុងក្រោយនោះ បានធ្វើឱ្យប៉ូឡូញពង្រាយយន្តហោះចម្បាំង F-16 ដើម្បីបង្ការការវាយប្រហារណាមួយ។

 
ក្នុងរយៈពេល ៤ថ្ងៃមកនេះ វាជាលើកទី៣ហើយដែលរុស្ស៊ី បានវាយប្រហារអ៊ុយក្រែន តាមរយៈមីស៊ីល ហើយវាជាលើកទីពីរ ដែលបានតម្រង់ទៅកាន់ទីក្រុងកៀវ។ មីស៊ីលរុស្ស៊ីជាច្រើន បានបន្តកន្ទុយគ្នា តម្រង់ទៅអ៊ុយក្រែន ដោយបាញ់ចេញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95MS។ អភិបាលនៃតំបន់ Lviv លោក Maksym Kozytskyi បានបញ្ជាក់លើតេឡេក្រាមថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានឆេះឆាប បាក់បែក និងខ្ទេចខ្ទី។ ការបាក់បែកនេះ កើតឡើងក្រោយរុស្ស៊ី ប្លោងមីស៊ីលទាំងយប់ទាំងថ្ងៃ តែរបាយការណ៍ពីអ្នកស្លាប់ និងរបួស មិនទាន់មានឡើយ។
 
ក្នុងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននេះ អាជ្ញាធរប៉ូឡូញ បានប្រទះឃើញមីស៊ីលរុស្ស៊ី មួយគ្រាប់ហោះចូលដែនអាកាសរបស់ខ្លួន។ តាមសេចក្តីថ្លែងការណ៍មួយ បញ្ជាការដ្ឋានប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានបញ្ជាក់ថា ខ្លួនមិនដឹងឡើយថា វាជាចេតនារបស់រុស្ស៊ីឬយ៉ាងណា ប៉ុន្តែវត្តមានមីស៊ីលនោះ ជាការបំពានដែនអាកាសរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ ប៉ូឡូញបានទាមទារឱ្យមានការបកស្រាយ។ 
 
«យើងនឹងទាមទារការពន្យល់ពីរុស្ស៊ី ពាក់ព័ន្ធនឹងការបំពានដែនអាកាសរបស់ខ្លួន»។ ក្រសួងការបរទេសប៉ូឡូញ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២៤ ខែមីនា ដោយបន្តជំរុញឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន និងបញ្ឈប់សង្រ្គាម។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ TVN24 អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញ លោក Andrzej Szejna បានបញ្ជាក់ថា ក្រសួងការបរទេសមានបំណងកោះហៅអគ្គរដ្ឋទូតរុស្ស៊ីទៅបំភ្លឺពីវត្តមានមីស៊ីលមួយគ្រាប់នោះ។ 
 
វត្តមានមីស៊ីលរុស្ស៊ីក្នុងដែនអាកាសប៉ូឡូញ កើតមានរយៈពេលប្រមាណ ៣៩វិនាទី នៅម៉ោងប្រមាណ ៤:២៣នាទីព្រឹក (ម៉ោងក្នុងស្រុក) មុននឹងវាយប្រហារលើតំបន់ភាគខាងលិចអ៊ុយក្រែន Lviv។
 
“ការវាយប្រហារដោយគ្រាប់មីស៊ីលប្រដេញ កាលពីយប់មិញលើអ៊ុយក្រែន ជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី នីតិវិធីយុទ្ធសាស្ត្រទាំងអស់ត្រូវបានអនុវត្តទាន់ពេលវេលា ហើយមីស៊ីលត្រូវបានឃ្លាំងមើលរហូតដល់វាចាកចេញពីដែនអាកាសប៉ូឡូញ” ។ លោក Władysław Kosiniak-Kamysz រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ប្រាប់សារព័ត៌មានបែបនេះ។ 
 
ប្រមុខការពារជាតិប៉ូឡូញ ក៏បានព្រមានបាញ់ទម្លាក់មីស៊ីលនោះដែរ ប្រសិនបើវាមានគោលដៅវាយប្រហារកន្លែងណាមួយនៅប៉ូឡូញ។  ប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូ បានត្រៀមជើងព្រួលយន្តហោះចម្បាំង F-16 ជាការឆ្លើយតបយុទ្ធសាស្ត្រផងដែរ។
 
នេះមិនមែនជាលើកដំបូង ដែលមីស៊ីលរុស្ស៊ីហោះចូលក្នុងដែនអាកាសប៉ូឡូញ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២៣ មីស៊ីលលមួយហោះក្នុងដែនអាកាសប៉ូឡូញជាង ៤០គីឡួម៉ែត្រនិងជាង៣នាទី។ ប៉ុន្តែមិនមានការឆ្លើយតបពីរុស្ស៊ីទេ៕ 

Tag:
 រុស្ស៊ី អ៊ុយក្រែន មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com