ជាតិ
សេដ្ឋកិច្ច
លោក គី សេរីវឌ្ឍន៍៖ ការបោកប្រាស់ក្រោមរូបភាពវិនិយោគ កំពុងធ្វើឱ្យសេដ្ឋកិច្ចពលរដ្ឋកាន់តែដុនដាប
26, Mar 2024 , 8:59 am        
រូបភាព
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ។ រូបភាព ៖ CCJ
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ។ រូបភាព ៖ CCJ
​អំពើ​ទុច្ចរិត​កេងប្រវ័ញ្ច​ បោកប្រាស់​ ​តាមរយៈ​វិស័យអចលនទ្រព្យ ក៏ដូចជាការដាក់ទុនវិនិយោគលើវិស័យនានា ដើម្បីបានការប្រាក់ខ្ពស់ ឬផលចំណេញច្រើន​ កំពុងធ្វើឱ្យសេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋខ្មែរមួយចំនួន កាន់តែដុនដាប។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក មើលឃើញថា ពលរដ្ឋដែលរងគ្រោះពីការបោកប្រាស់ក្នុងប្រព័ន្ធនេះ ភាគច្រើនស្ថិតនៅក្នុងវិស័យលក់រាយ-ដុំ និងសេវាកម្ម​តូចៗ និងកសិករ​ ដែលជាអ្នកមានចំណូលទាប។

 
រយៈពេលចុងក្រោយនេះ មានករណីបោកប្រាស់ដាក់ប្រាក់វិនិយោគ​ ដោយទទួលបានការប្រាក់ខ្ពស់(ការប្រាក់បាន៣ភាគរយក្នុងមួយខែឬលើសពីនេះ) ឬផលចំណេញច្រើន កំពុងតែផ្ទះឡើងយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ​​។ ករណីចុងក្រោយ​នេះ គឺតុលាបានចាប់ខ្លួន​ ឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋជាច្រើននាក់ បានអះអាងថា ពួកគេបាន ចាញ់បោកម្ចាស់ក្រុមហ៊ុនមួយនេះ ក្រោមរូបភាព​ដាក់ទុនវិនិយោគបានការប្រាក់ខ្ពស់។ សព្វថ្ងៃនេះ​ ក៏បានលេចឡើងនៃភាពអវិជ្ជមានរបស់ក្រុមហ៊ុន CIC ជុំវិញការប្រមូលទុនវិនិយោគនេះដែរ។ 
 
បើតាមលោកបណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ការវិនិយោគក្នុងរូបភាពបែបនេះ បានបង្កឱ្យមានភាពចលាចលនៅក្នុងសេដ្ឋកិច្ច។ «ក្នុងបរិបទនេះ,​ យើងមើលនៅក្នុងប្រទេសកម្ពុជា​ ការវិនិយោគក្នុងទ្រង់ទ្រាយបែបនេះ  បានជះឥទ្ធិពលដល់សង្គមយើងកាន់តែដុនដាប ខណៈពេលដែលរដ្ឋាភិបាលកំពុងតែខិតខំជំរុញឱ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ»។ លោក គី សេរីវឌ្ឍន៍ បាននិយាយបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី២៥មីនា ​។
 
អ្នកជំនាញរូបនេះ បានបន្តរៀបរាប់ថា ៖ «ចាប់ផ្តើមងើបប្រសើរឡើង, ស្រាប់តែផ្ទះឡើងនូវវិបត្តិការបោកប្រាស់ទុនវិនិយោគជាបន្តបន្ទាប់ ដែលនេះជាចលករមួយទាញឱ្យសេដ្ឋកិច្ចយើងហ្នឹង ធ្លាក់ចុះ ជាពិសេស គឺវិស័យលក់រាយ ដែលពលរដ្ឋបច្ចុប្បន្ន កំពុងមានភាពភ័យខ្លាចបាត់បង់នូវប្រាក់ចំណូល ហើយអ្នកធ្វើអាជីវកម្មតូចតាច គឺពិបាកស្តារប្រាក់ចំណូលមកវិញ»។ 
 
លោក គី សេរីវឌ្ឍន៍ មើលឃើញថា បញ្ហាដែលកើតចេញពីការបោកប្រាស់ក្រោមរូបភាពដាក់ទុនវិនិយោគនេះ មានផលប៉ះពាល់ទៅលើសេដ្ឋកិច្ច ​​មិនខុសពីការដួលរលំនូវវិស័យអចលនទ្រព្យ ដែលកើតចេញពីការបោកប្រាស់ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នាឆ្នាំ២០២៣ឡើយ។ 
 
ត្រង់ចំណុចនេះ លោក គី សេរីវឌ្ឍន៍ បានពន្យល់យ៉ាងដូច្នេះ៖ «កាលពីផលប៉ះពាល់នៃការដួលរលំវិស័យអចលនទ្រព្យនោះ គឺមានពលរដ្ឋមួយចំនួនធំ ដែលទិញអចលនទ្រព្យអត់បានហើយត្រូវសង់បំណុលធនាគារ។ នេះការជាប់បំណុលមួយរបស់ពលរដ្ឋ, ហើយដល់ពេលវិបត្តិនៃការវិនិយោគនេះកើតឡើងធ្វើពួកគាត់បាត់ដើមទុនមួយទៀត។ ដូច្នេះ! គាត់[ពលរដ្ឋ]ក្លាយទៅជនរងគ្រោះ ដោយអត់មានលុយសងធនាគារបន្តទៀត។ មានន័យថា សេដ្ឋកិច្ចពលរដ្ឋចាប់ផ្តើមងើបឡើងវិញបន្តិច តែបែរជាធ្លាក់ទៅវិញ ដោយសារតែវិបត្តិនេះកើតឡើង»។​
 
សម្រាប់លោក គី សេរីវឌ្ឍន៍ បញ្ហាដែលប្រជាពលរដ្ឋចាញ់បោកគេ តាមរយៈរូបភាពដាក់ទុនវិនិយោគនេះ ក៏កំពុងនឹងជះឥទ្ធិពលអវិជ្ជមានទៅដល់វិស័យធនាគារ​និងហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ ព្រោះប្រជាពលរដ្ឋភាគច្រើន ខ្ចីលុយពីធនាគារ ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យនានា។ 
 
ជុំវិញបញ្ហានេះ លោក គី សេរីវឌ្ឍន៍​ បានលើកឡើងថា រដ្ឋាភិបាលគួរចាត់វិធានការឱ្យបានតឹងរឹង និងសើរើឡើងវិញ រាល់ការវិនិយោគ ដែលមានលក្ខណៈចូលហ៊ុនពីសំណាក់ប្រជាពលរដ្ឋនេះ ដើម្បីផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ និងបង្កានូវហានិភ័យនានាដល់ប្រជាពលរដ្ឋ។ «រដ្ឋាភិបាល ត្រូវតែបង្ការហានិភ័យមុន រឿងនេះកើតមានឡើង» ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បន្ថែម៕

អត្ថបទទាក់ទង
 

Tag:
 បោកប្រាស់
© រក្សាសិទ្ធិដោយ thmeythmey.com