ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង ! កំពូល​អាហារ​ទាំង​៤ ជួយ​បង្ការ​ជំងឺមហារីក
26, Mar 2024 , 10:59 pm        
រូបភាព
ជំងឺមហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ និង​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ដូច្នេះ​ហើយ ការ​ការពារ​ខ្លួន​ពី​ជំងឺមហារីក​ជា​រឿង​សំខាន់ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ជាក់ស្ដែង ក្រៅពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ របប​អាហារ​ក៏​ដើរតួ​នាទី​ចម្បង​ក្នុង​ការ​ទប់ស្កាត់​ជំងឺមហារីក​ផង​ដែរ​។

 
អាហារ​មួយ​ចំនួន​ដែល​ជួយ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺមហារីក
 
១. ពពួក​បន្លែ​បណ្ដុះ
ពពួក​បន្លែ​បណ្ដុះ​ជា​ប្រភេទ​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូ​ខូ​លី​បណ្ដុះ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ និង​ព្យាបាល​ជំងឺមហារីក​បាន​យ៉ាង​អស្ចារ្យ​។ គ្រាន់តែ​ប្រូ​ខូ​លី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​រហូត​ដល់​៥០%​ឯណោះ​។
 
២. បន្លែ​បៃតង
រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូច​ជា​ស្ពៃ​ពួយ​ឡេ​ង ខាត់ណា​ខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺមហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។
 
៣. ប៉េងប៉ោះ
ចំពោះ​បុរស ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ជា​ពិសេស ប៉េងប៉ោះ​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ ពីព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​។
 
៤. តែ​បៃតង
ចំណែកឯ​តែ​បៃតង​មិន​ត្រឹមតែ​ជួយ​ការពារ​ជំងឺមហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី និង​មេរោគ​។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដូច​គ្នា​។ ហេតុនេះ​ហើយ យើង​គួរ​ញ៉ាំ​តែ​បៃតង​ជា​ប្រចាំ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​បន្ថែម​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com