ជាតិ
សង្គមជាតិ
នាវាបុកស្ពាននៅអាម៉េរិក ធ្លាប់មានប្រវត្តិបុកកំពង់ផែបែលហ្ស៊ិក
27, Mar 2024 , 3:09 pm        
រូបភាព
នាវា Dali បុកស្ពាននៅអាម៉េរិក ។ រូបភាព ៖ AFP
នាវា Dali បុកស្ពាននៅអាម៉េរិក ។ រូបភាព ៖ AFP
នាវាដឹកទំនិញ Dali ដែលបានបុកស្ពាន Francis Scott Key ក្នុងរដ្ឋ Maryland អាម៉េរិក នៅថ្ងៃទី២៦ ខែមីនា ធ្លាប់មានកំណត់ត្រាបុកជាមួយកំពង់ផែនៅទីក្រុង Antwerp បែលហ្ស៊ិកកាលពីឆ្នាំ ២០១៦។ ឧបទ្ទវហេតុនោះ បានកើតឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុល្អ។

 
តាមវេបសាយ ​​Vessel Finder ឧបទ្ទវហេតុឆ្នាំ២០១៦ បានកើតឡើងនៅពេលដែលកប៉ាល់ដឹកទំនិញប្រវែង ២៩០ម៉ែត្រ និងមានសមត្ថភាពផ្ទុក ១ម៉ឺនកុងតឺន័រកំពុងចាកចេញពីកំពង់ផែដឹកទំនិញនៅទីក្រុង Antwerp ទៅកាន់ទីក្រុង Bremerhaven អាល្លឺម៉ង់។
 
នៅពេលដែលចេញពីកំពង់ផែ ក្បាលរបស់នាវាបានបង្វិលហើយប៉ះបុកនិងជញ្ជាំងកំពង់ផែ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់នាវាជាច្រើនម៉ែត្រ។ ក្រោយមក កប៉ាល់នេះត្រូវបានអាជ្ញាធរឃាត់ខ្លួន និងចូលចតនៅកំពង់ផែ Deurganckdok ក្នុងប្រទេសបែលហ្សិក។ មិន​មាន​អ្នក​រង​របួស​ឬ​ការ​ធ្លាយ​ប្រេង​ទេ។ 
 
បើតាម Vessel Finder នាវា Dali ត្រូវបានផលិតនៅកូរ៉េខាងត្បូងដោយក្រុមហ៊ុន Hyundai Heavy Industries ក្នុងឆ្នាំ២០១៥ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្រិក Oceanbulk Maritime ប៉ុន្តែបានជួលឲ្យក្រុមហ៊ុន Maersk ដែលមានទីស្នាក់ការកណ្តាលនៅដាណឺម៉ាក។
 
ទាក់ទិននឹងឧបទ្ទវហេតុចុងក្រោយនៅអាម៉េរិកនេះ អាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា កប៉ាល់ Dali ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសខ្លួន និងមាននាវិកចំនួន២២នាក់នៅលើនាវា។ ក្រុមហ៊ុន Maersk បាននិយាយថា នាវិកទាំងអស់សុទ្ធតែជាជនជាតិឥណ្ឌា ប៉ុន្តែគ្មាននរណាម្នាក់មកពីក្រុមហ៊ុន Maersk នោះទេ។
 
មកទល់ពេលនេះ មនុស្សចំនួ​ន ៦នាក់​បានបាត់ខ្លួន ហើយត្រូវបានសន្មត់ថា បានបាត់បង់ជីវិត។ 
 
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ព័ត៌មានបឋមបង្ហាញថា Dali កំពុងដឹកទំនិញឆ្លងតាមដងទន្លេ Patapsco ឆ្ពោះទៅកាន់ស្រីលង្កា។ នៅម៉ោង ១:២៤ព្រឹកថ្ងៃទី២៦ ខែមីនា នាវានេះបានដាច់ចរន្តអគ្គិសនី។ ៣​នាទី​ក្រោយ​មក នាវាដឹកកុងតឺន័រ​នេះ​បាន​បុក​បង្គោល​ស្ពានបណ្ដាល​ឲ្យ​បាក់​ដួលរលំក្នុងរយៈពេល ២៤វិនាទី។ 
 
ក្នុងពេលដាច់ចរន្តអគ្គិសនី មន្រ្តីលើនាវាបានរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីបិទចរាចរណ៍លើស្ពានផងដែរ។ សេចក្តីរាយការណ៍នោះ បានជួយសង្រ្គោះមនុស្សជាច្រើននាក់៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com