ជាតិ
ហេតុអ្វីដូនតាខ្មែរ ប្រើក្បួនគណនាអាយុតាមចន្ទគតិ ? លោក ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ
× ភ្នំពេញ៖ ចន្ទគតិ គឺជាឆ្នាំរបស់ខ្មែរសុទ្ធសាធ។ តាំងពីបុរាណមកដល់បច្ចុប្បន្ន ខ្មែរតែងប្រកាន់យក ការគណនាអាយុ ឬពេលវេលា តាមចន្ទគតិ។ តើហេតុអ្វី ខ្មែរមិនបោះបង់ ការគណនាអាយុ តាមចន្ទគតិ? តើការគណនា តាមបុរាណបែបនេះ មានគុណប្រយោជន៍យ៉ាងណា ក្នុងជីវភាពប្រចាំថ្ងៃ?
យុវជនសម័យបច្ចុប្បន្នមួយចំនួនធំ ពុំសូវចាប់អារម្មណ៍ឡើយ អំពីដំណើរចន្ទគតិ ពិសេសការគណនាអាយុតាមក្បួន ឬតាមដំណើរចន្ទគតិនេះតែម្ដង។ ពួកគេចូលចិត្តគណនា អាយុមនុស្ស ឬពេលវេលាណាមួយ ទៅតាមដំណើរសុរិយគតិ នៃគ្រិស្ដសករាជ ដែលជាឆ្នាំរបស់បរទេសទៅវិញ។
លោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានអះអាងថា ការគណនាតាមដំណើរចន្ទគតិ ដែលជាទំនៀមទម្លាប់ខ្មែរពីបុរាណ ពិតជាមានសារសំខាន់ ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
ចន្ទគតិ ជាក្បួនគណនាអាយុ ឬពេលវេលា ដែលដូនតាខ្មែរបានចងក្រង តាំងពីបុរាណ។ ការគណនាតាមក្បួនចន្ទគតិនេះ នឹងធ្វើឱ្យយើងដឹងពីរាសីរបស់មនុស្សនោះ ថាខ្ពស់ ឬនៅកណ្ដាល ឬធ្លាក់ចុះ។ ចំពោះការគណនាអាយុ ឬពេលវេលា តាមសុរិយគតិ នៃគ្រិស្ដសករាជ(ឆ្នាំបរទេស) ពុំអាចដឹងពីរាសីរបស់មនុស្ស ដែលកើតនៅខ្មែរឡើយ ដ្បិតអីដំណើរ សុរិយគតិនៅបរទេស ខុសពីដំណើរចន្ទគតិនៅកម្ពុជា។ នេះបើតាមលោក វាសនា។
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយលោកអាចារ្យ ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍ នៃ
គណៈកម្មការ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ ដោយការពិចារណា ដូចតទៅ៖
**audio1**
ទោះជាយ៉ាងណា លោកអាចារ្យ ប៊ុន វាសនា បន្ថែមថា ដូនតាខ្មែរ ក៏បានចងក្រងក្បួនសុរិយគតិដែរ តែក្បួនសុរិយគតិនេះ គេប្រើសម្រាប់តែការគណនា រកថ្ងៃសង្ក្រាន តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកអាចារ្យ បានសង្កត់ធ្ងន់ថា ដំណើរចន្ទគតិ និងដំណើរសុរិយគតិរបស់ខ្មែរ គឺមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ប៉ុន្តែដំណើរសុរិយគតិ នៃគ្រិស្ដសករាជ(ឆ្នាំបរទេស)នោះ ពុំអាចយកមកគណនាជាមួយឆ្នាំចន្ទគតិ ឬសុរិយគតិរបស់ខ្មែរ ឱ្យស៊ីចង្វាក់គ្នាបានឡើយ។
បន្ថែមពីនោះ លោកអាចារ្យ ប៊ុន វាសនា ក៏អះអាងថា ការយកឆ្នាំបរទេស(សុរិយគតិនៃគ្រិស្ដសករាជ) ទៅគណនារករដូវកាល នៅក្នុងប្រទេសកម្ពុជា ក៏ពុំអាចបញ្ជាក់បានត្រឹមត្រូវឡើយ (គិតតែរដូវកាលនៅកម្ពុជាប៉ុណ្ណោះ)៕
Tag:
វប្បធម៌
ទំនៀមទម្លាប់
ចន្ទគតិ
សុរិយគតិ
ពុទ្ធសករាជ
មហាសករាជ
ចុល្លសករាជ
គ្រិស្ដសករាជ
© រក្សាសិទ្ធិដោយ thmeythmey.com