ជាតិ
សង្គមជាតិ
ខេត្តកំពត នឹងមានរូបសំណាកសេះសមុទ្ទថ្មី នៅខាងមុខសាលាខេត្តចាស់
27, Mar 2024 , 9:59 pm        
រូបភាព
 រូបភាពពីរដ្ឋបាលខេត្តកំពត
រូបភាពពីរដ្ឋបាលខេត្តកំពត
រដ្ឋបាលខេត្តកំពត បានសម្រេចសាងសង់រូបសំណាកថ្មីមួយបន្ថែមទៀត ក្នុងក្រុងកំពត គឺរូប «សេះសមុទ្ទដ៏ធំ» តំណាងឱ្យខេត្តជាប់សមុទ្ទកំពត។ បើតាមនាយករដ្ឋបាលខេត្តកំពត រូបសំណាកនេះ ប្រើពេលសាងសង់ប្រមាណ១ខែហើយ គ្រោងនឹងបញ្ចប់នៅខែមេសា គឺមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។



លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា រូបសំណាកសេះសមុទ្ទនេះសាងសង់ឡើង ដើម្បីបង្ហាញដល់សាធារណជនពីធនធានក្នុងសមុទ្ទ ពិសេសក្នុងខេត្តទេសចរណ៍មួយនេះ។ រូបសំណាកដ៏ធំថ្មីមួយនេះ សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់។
 
នាយករដ្ឋបាលរូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា ការសាងសង់រូបសំណាកថ្មីទៀតនេះ ក៏ចង់បង្ហាញពីសក្តានុពលធនធានក្នុងសមុទ្ទរបស់កំពត ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។ រដ្ឋបាលខេត្តរំពឹងថា រូបសំណាកថ្មីមួយនេះ នឹងផ្ដល់ភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងបរទេស ឱ្យមកកម្សាន្តក្នុងខេត្តកំពត កាន់តែច្រើនថែមទៀត។
 
«ការបង្កើតរូបសំណាកនេះ ជាកត្តាជំរុញភាពទាក់ទាញទេសចរបន្ថែមទៀត និងបម្រើទស្សនីយភាពដល់ភ្ញៀវទេសចរជាតិ ដែលរស់នៅក្នុងប្រទេសកម្ពុជា២១ខេត្តទៀត អត់មានសមុទ្ទ អាចមកលេងកម្សាន្តខេត្តកំពតបាន»។ នេះជាការលើកឡើងរបស់ លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត ដែលបន្ថែមថា រូបសំណាកនេះសាងសង់បាន៩០ភាគរយហើយ ៕
 

Tag:
 កំពត
 រូបសំណាក
 សេះសមុទ្ទ
© រក្សាសិទ្ធិដោយ thmeythmey.com