កីឡាជាតិ
ជាតិ
សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ គ្រោងបង្កើតមូលនិធិ និង App គុនខ្មែរ
28, Mar 2024 , 8:29 am        
រូបភាព
លោក វ៉ាត់ ចំរើន ពាក់អាវក្រៅពណ៌ខ្មៅ ចូលរួមក្នុងមហាសន្និបាតគុនខ្មែរអន្ដរជាតិ ឆ្នាំ២០២៣
លោក វ៉ាត់ ចំរើន ពាក់អាវក្រៅពណ៌ខ្មៅ ចូលរួមក្នុងមហាសន្និបាតគុនខ្មែរអន្ដរជាតិ ឆ្នាំ២០២៣
សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងរៀបចំការបង្កើតមូលនិធិគុនខ្មែរ ដើម្បីគាំទ្រដល់អត្ដពលិកខ្វះខាត និងការរៀបចំការព្រឹត្តិការណ៍នានា។ មូលនិធិនេះ ក៏នឹងជួយដល់ការបង្កើតគេហទំព័រ និង អេប (Application) ដែលជាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងការបំផុសចលនា នៃការផ្សព្វផ្សាយកីឡាគុនខ្មែរ។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។


 
សហព័ន្ធប្រដាល់គុនខ្មែរអន្ដរជាតិ ទទួលបានជោគជ័យ ៤លើករួចមកហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក គឺនៅឆ្នាំ២០១៨, ២០១៩, ២០២០ និង២០២៣។ សហព័ន្ធអន្ដរជាតិនេះ បានរៀបចំការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅទឹកដីអង្គរ ទីលានព្រះអង្គចេក ព្រះអង្គចម កាលពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ហើយប្រព្រឹតទៅដោយជោគជ័យ ព្រោះមានប្រទេសចូលរួម ១៦ប្រទេស និងទទួលបានការគាំទ្រពីប្រទេសជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ។ ចំណែកលើកទី៥ សហព័ន្ធ ក៏នឹងរៀបចំនៅអំឡុង ខែធ្នូ ឆ្នាំ២០២៤ នៅទឹកដីសៀមរាប។ 
 
យោងទៅលើវីដេអូផ្សាយរបស់ NOCC នាថ្ងៃទី២៧ ខែមីនា លោក វ៉ាត់ ចំរើន បាននិយាយថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងបង្កើត «មូលនិធិគុនខ្មែរ» ដើម្បីអភិវឌ្ឍ និងជួយដល់កីឡាករ-កីឡាការិនីដែលខ្វះខាត។ បន្ថែមជាងនេះទៀត មូលនិធិនេះ ក៏បង្កើតដើម្បីការរៀបចំការងារបច្ចេកទេស ផងដែរ។
  
ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤

«សហព័ន្ធគុនខ្មែរអន្ដរជាតិ នឹងរៀបចំឲ្យមានមូលនិធិគុនខ្មែរ ដើម្បីជួយដល់កីឡាករគុនខ្មែរ និងអភិវឌ្ឍគុនខ្មែរ ទៅតាមការរៀបចំ បច្ចេកទេស ក៏ដូចជាការបំផុសចលនា ព្រោះយើងនៅមានការខ្វះខាតច្រើន។ ដូច្នេះ យើង បង្កើតមូលនិធិនេះឡើងដើម្បីជួយ ដល់ការរៀបចំគុនខ្មែរ ជាមូលនិធិរបស់សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិរបស់យើង។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
ចំពោះកិច្ចការបច្ចេកទេសនោះ លោក វ៉ាត់ ចំរើន ចង់សំដៅទៅលើការងារអភិវឌ្ឍបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ មានដូចជា គេហទំព័រ (Website) និងអេប (Application)។ អគ្គលេខាធិការរូបនេះ បានបញ្ជាក់បែបនេះថា៖«អ្វី ដែលយើងនិយាយគ្នា គឺយើងនិយាយពីការរៀបចំធ្វើទីផ្សារនេះ ឲ្យបានខ្លាំងក្លារពីមួយជំហាន ទៅមួយជំហាន។ យើង កំពុងពង្រឹងសមត្ថភាពការងារអភិបាលកិច្ចល្អ របស់សហព័ន្ធគុនខ្មែរអន្ដរជាតិរបស់យើង ដើម្បីអាចពង្រីកឥទ្ធិពលទៅក្រៅប្រទេស ទៅឲ្យសមាជិកទាំង៥០ប្រទេសជាងរបស់យើង មានទំនុកចិត្ត និងមានការគាំទ្រមកយើង។ យើង កំពុងតែរៀបចំ បង្កើតនៅវេបសាយ និងអេប (Application) ដែលជាបច្ចេកវិទ្យាទាន់សម័យបំផុសចលនា ការផ្សព្វផ្សាយ និងការគាំទ្រ។»៕

Tag:
 គុនខ្មែរ
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com