ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កើត រិទ្ធ ឱ្យរួមគ្នាដកត្រីស្អុយចេញពីត្រក ដើម្បីដកបណ្តាសា និងលើកមុខមាត់វិស័យយុត្តិធម៌
28, Mar 2024 , 9:44 am        
រូបភាព
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​នាពិធីបើក​មហាសន្និបាត​ក្រសួង កាលពីថ្ងៃទី​២៧ ខែ​មីនា។ រូបថត MOJ
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​នាពិធីបើក​មហាសន្និបាត​ក្រសួង កាលពីថ្ងៃទី​២៧ ខែ​មីនា។ រូបថត MOJ
«ត្រីមួយត្រក ស្អុយមួយស្អុយទាំងអស់»។ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនចង់ឃើញរូបភាពបែបនេះក្នុងវិស័យយុត្តិធម៌តទៅទៀតឡើយ។ នាពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវ័ស័យយុត្តិធម៌ទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែមីនា លោកប្រកាសយុទ្ធនាការដកបណ្តាសាពីអង្គចៅក្រម តាមរយៈការដកត្រីដែលស្អុយចេញពីត្រក។



ជាលើកដំបូងដែលមិនធ្លាប់មានពីមុន ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និង កំណត់ទិសដៅការងារអាទិភាពបន្ត ដែលមានរយៈពេលដល់ទៅ៣ថ្ងៃ ពោលគឺពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា នៅសណ្ឋាគារ Garden City ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ចៅក្រម ព្រះរាជអាជ្ញា និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ប្រមាណជាង៧០០នាក់។

ក្នុងពិធីបើកមហាសន្និបាត លោករដ្ឋមន្ត្រី កើត រិទ្ធ ជំរុញឱ្យមន្ត្រីយុត្តិធម៌ទាំងអស់រួមគ្នាដើម្បីកសាងភាពស្អាតស្អំ តាមរយៈការវះកាត់ក្នុងក្របខណ្ឌនៃយន្តការពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុស។ «ត្រីមួយត្រក [លោកប្រើពាក្យ «កន្ត្រក»] ស្អុយមួយស្អុយទាំងអស់ យើងមិនអនុញ្ញាតឱ្យត្រីនោះ មកស្អុយត្រីមួយត្រកទេ»។ លោកបានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា ជាការដកបណ្តាសាចេញពីអង្គចៅក្រម ដែលត្រូវបានសាធារណជនយល់ច្រឡំថា សុទ្ធតែជាក្រុមតែមួយ។

លោក កើត រិទ្ធ ក៏បានកោតសរសើរផងដែរចំពោះការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រមនារយៈពេលកន្លងមក ដោយមានការពិន័យ ការផ្លាស់ប្តូរដោយបង្ខំ ការផ្អាកប្រាក់បៀវរត្សរ៍ ឬពេលខ្លះបង្ខំឱ្យទៅរៀនសូត្របន្ថែម។ លោកបញ្ជាក់ថា បើកំហុសធ្ងន់ធ្ងរ កុំខ្លាចក្នុងការអនុវត្តការពិន័យចុងក្រោយ ដោយបណ្តេញបុគ្គលដែលប្រព្រឹត្តខុសចេញពីក្របខណ្ឌ ពីព្រោះច្បាប់បានបើកផ្លូវហើយ។

រដ្ឋមន្ត្រីយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៖ «បើត្រីណាដែលវាស្អុយរលួយ ដាក់ក្នុងត្រក នាំឱ្យត្រីដទៃផ្សេងទៀតស្អុយ។ ខ្ញុំជឿថា ពាក្យថា ឯកភាពគ្នាលើគោលជំហរ ទស្សនៈ នៅកន្លែងនេះ គឺយើងរួមគ្នាដើម្បីមុខមាត់វិស័យយុត្តិធម៌ ដូច្នេះត្រូវដកត្រីស្អុយចេញ»។

 មហាសន្និបាតរយៈពេល៣ថ្ងៃជាប្រវត្តិសាស្ត្រលើកដំបូងនៅកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។

ប្រធានបទ៨ចំណុចដែលមហាសន្និបាត ត្រូវពិភាក្សាដើម្បីយកធ្វើជាមូលដ្ឋានសម្រាប់ការអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស រួមមាន ប្រសិទ្ធភាព និងបញ្ហាប្រឈមលើការអនុវត្តក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី, ការចេញដីកាសម្រេចរក្សាការពារ, ការលើកកម្ពស់ប្រសិទ្ធភាព និង ជំនឿទុកចិត្តលើការលក់ដោយបង្ខំនូវអចលនវត្ថុ, ការជូនដំណឹង និង ការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ។

ប្រសិទ្ធភាព និង បញ្ហាប្រឈម ចំពោះការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ក៏ជាប្រធានដ៏សំខាន់មួយផងដែរ បន្ថែមពីលើនេះរួមមាន ការជូនដំណឹងអំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងសេចក្តីសម្រេចរបស់តុលាការ), បទល្មើសប្រព្រឹត្តដោយអនីតិជន និងបណ្តឹងឧទ្ធរណ៍ និង បណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ៕

© រក្សាសិទ្ធិដោយ thmeythmey.com