សេដ្ឋកិច្ច
អន្តរជាតិ
ក្រុមហ៊ុនរថយន្តចិន BYD កើបប្រាក់ចំណេញទ្វេដង ទោះមានការប្រជែងខ្លាំង
30, Mar 2024 , 8:30 am        
រូបភាព
ការតាំងពិព័រណ៍រថយន្តក្រុមហ៊ុន BYD នៅ Shenzhen។ រូបភាព ៖_ Xinhua
ការតាំងពិព័រណ៍រថយន្តក្រុមហ៊ុន BYD នៅ Shenzhen។ រូបភាព ៖_ Xinhua
ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានកត់ត្រាការកើនឡើងប្រាក់ចំណេញសុទ្ធ ៨០ភាគរយក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ទោះបីជាការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផ្សេងក៏ដោយ។

ក្រុមហ៊ុន BYD នៅថ្ងៃទី២៦ ខែមីនា បានប្រកាសប្រាក់ចំណេញសុទ្ធនៅក្នុងឆ្នាំ២០២៣ មានរហូតដល់ ៣០ពាន់លានយ័ន (៤,២ពាន់លានដុល្លារ) ដែលមានទំហំជិតទ្វេដងធៀបឆ្នាំ ២០២២។
 
«BYD ទទួលបានប្រាក់ចំណេញច្រើន បើទោះបីជាត្រូវប្រតិបត្តិការក្នុងបរិបទនៃបរិយាកាសខាងក្រៅដ៏ស្មុគស្មាញក៏ដោយ។ នោះ​ជា​អតិផរណា​ពិភពលោក​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ធំៗ»។ នេះបើតាមសារព័ត៌មាន CNN ដកស្រង់ការលើកឡើងរបស់ក្រុមហ៊ុន BYD។ 
 
នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ BYD បានវ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla លើចំនួនរថយន្តអគ្គិសនីដែលលក់ទូទាំងពិភពលោក។ BYD បានលក់រថយន្តច្រើនជាង ៥២៥​ ៤០០គ្រឿងដែលច្រើនជាង Tesla មានរថយន្តចំនួនត្រឹម ៤៨៤ ៥០០គ្រឿងប៉ុណ្ណោះ។
 
នៅឆ្នាំ២០២៣ BYD បានលក់រថយន្តចំនួន ៣,០២លានគ្រឿងនៅទូទាំងពិភពលោក កើនឡើង ៦២ភាគរយបើធៀបទៅនឹងឆ្នាំ២០២២។ ចំនួននេះរួមបញ្ចូលទាំងរថយន្តកូនកាត់អគ្គិសនី-សាំងចំនួន ១,៤៤លានគ្រឿង ដែលជាប្រភេទរថយន្ត Tesla មិនផលិត។ ប៉ុន្តែបើ​និយាយ​ពី​រថយន្ត​អគ្គិសនី​តែ​មួយ​គត់ ក្រុមហ៊ុនផលិត​រថយន្ត​របស់​អាម៉េរិកមួយនេះ នៅ​តែ​លក់​បាន​ច្រើន​ជាង BYD ដែល​មាន​ចំនួន ១,៨លាន​គ្រឿង។
 
បើប្រៀបធៀបទៅនឹង Tesla ថ្លៃរថយន្តរបស់ BYD មានតម្លៃទាបជាង។ នេះជាហេតុផលដែលក្រុមហ៊ុន BYD ទាក់ទាញអតិថិជនបានច្រើន។ រថយន្តអគ្គិសនីថោកបំផុតរបស់ BYD ដែលលក់នៅចិនមានតម្លៃជាង ១ម៉ឺនដុល្លារ។ ទន្ទឹមនេះ Model 3 ដែលថោកជាងគេបំផុតរបស់ក្រុមហ៊ុន Tesla មានតម្លៃ ៣,៩ម៉ឹនដុល្លារ។
 
យ៉ាងណាមិញ ការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការលក់បង្ខូចតម្លៃកាលពីឆ្នាំមុនបានប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តចិនជាច្រើន រួមទាំងក្រុមហ៊ុន BYD ដែរ។ ទិន្នន័យចុងក្រោយពីសមាគមរថយន្តដឹកអ្នកដំណើរចិនបង្ហាញថា ឧស្សាហកម្មរថយន្តរបស់ប្រទេសនេះបានកត់ត្រាប្រាក់ចំណេញជាមធ្យមត្រឹមតែ ៥ភាគរយកាលពីឆ្នាំមុន។ 
 
ទោះយ៉ាងណាក៏ដោយ ការលក់បង្ខូចតម្លៃនៅតែមិនបង្ហាញសញ្ញានៃការថមថយ។ កាលពីដើមខែមីនា BYD បានបញ្ចុះតម្លៃម៉ូដែលរថយន្តថោកបំផុតគឺ Seagull ចំនួន៥ភាគរយមកត្រឹម ៦៩៨០០យ័ន (៩៦៧០ដុល្លារ)។ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនផ្សេងទៀតក៏បានប្រកាសពីការកាត់បន្ថយតម្លៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែររួមមាន Geely, Chery និង XPeng Motors ៕

Tag:
 រថយន្តអគ្គិសនី
  BYD
© រក្សាសិទ្ធិដោយ thmeythmey.com