ភ្នំពេញ៖ ព្រែកកំពង់ស្មាច់ ជាង១ម៉ឺនហិកតា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រ។ ការបង្កើតបែបនេះ ធ្វើឡើងក្នុងគោលបំណងធានាបានការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ជីវភាពពលរដ្ឋ តាមរយៈការនេសាទ និងវិស័យអេកូទេសចរណ៍។
ព្រែកកំពង់ស្មាច់ មានផ្ទៃដីសរុប១០.៩២៣ហិកតា គ្របដណ្តប់ដោយព្រៃកោងកាង២.៨៧៦ហិកតា ស្មៅសមុទ្រប្រមាណ២ហិកតា។ តំបន់នេះ មានសក្តានុពលខ្ពស់លើធនធានជលផល ជាពិសេសក្តាមថ្ម គ្រែងឈាម និងពពួកត្រីមានតម្លៃជាច្រើនប្រភេទ ព្រមទាំងមានសក្តានុពលលើវិស័យអេកូទេសចរណ៍ ផងដែរ។
នៅក្នុងកម្មវិធីប្រកាស «ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ» កាលពីថ្ងៃទី២៨មីនា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនេះ នឹងជួយពង្រឹងការគ្រប់គ្រងជលផល ជីវៈចម្រុះសមុទ្រ ដែលជាប្រភពចំណីអាហារមិនចេះរីងស្ងួត នៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព និងធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ឱ្យកាន់តែប្រសើរឡើង។
លោក ជឿជាក់ថា ប្រសិនបើគ្រប់គ្រងជលផលសមុទ្របានល្អ វានឹងផ្ដល់ផលប្រយោជន៍ដល់ការនេសាទរបស់ពលរដ្ឋ, លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
មុនឈានដល់ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ បានជួបបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងការអភិរក្សធនធានជលផល និងជីវៈចម្រុះក្នុងសមុទ្រ។ ការដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ គឺជាជោគជ័យមួយសម្រាប់ខេត្តព្រះសីហនុ ប៉ុន្តែ ទាមទារឱ្យអ្នកមានជំនាញ និងពលរដ្ឋក្នុងសហគមន៍រួមគ្នាអភិរក្សកាន់តែខ្លាំងបន្ថែមទៀត។ ចំពោះ បុគ្គលគ្មានស្មារតីអភិរក្ស មិនត្រូវអនុញ្ញាតឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រនេះទេ។ លោក គួច ចំរើន លើកឡើងបែបនេះ។
លោក ថ្លែងដូច្នេះថា៖«យើងអាចចាត់ទុកជាជោគជ័យមួយ ដែលបានដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តរបស់យើង ប៉ុន្តែ ទាមទារអ្នកមានជំនាញ ចំណេះដឹង និងបងប្អូននៅក្នុងសហគមន៍រួមគ្នាដឹកនាំចាត់ចែងថែរក្សា អភិរក្សបន្តទៀត។ ចំពោះបុគ្គលគ្មានស្មារតីអភិរក្ស មិនអនុញ្ញាតិឱ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រទេ»។
អភិបាលខេត្តព្រះសីហនុរូបនេះ បានណែនាំឱ្យប្រជាសហគមន៍រួមគ្នាថែរក្សាព្រៃកោងកាងឱ្យបានល្អ ជាពិសេសត្រូវកែច្នៃ ឬពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញទេសចរ។ ដោយឡែក ផលនេសាទដែលប្រជានេសាទរកបានពីតំបន់អភិរក្ស គឺជាផ្នែកមួយជួយសេដ្ឋកិច្ចសហគមន៍៕