កីឡាជាតិ
ជាតិ
លោក ឃឹម បុរី៖ ណាហ្គាវើលដ៍ នៅតែសង្ឃឹមដណ្ដើម Top 4 ទោះជាមានឱកាសតិចតួច
30, Mar 2024 , 3:29 pm        
រូបភាព
ក្រុមណាហ្គាវើលដ៍ រូបពី Cambodian Premier League
ក្រុមណាហ្គាវើលដ៍ រូបពី Cambodian Premier League
លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ និយាយថា ក្លិបរបស់លោក នៅតែមានក្ដីសង្ឃឹមជានិច្ចក្នុងការដណ្ដើមកៅអី Top 4 សម្រាប់ការប្រកួតខ្វែង នៃ Cambodian Premier League 2023-2024។ ដោយឡែក ណាហ្គាវើលដ៍ ត្រូវជួបជាមួយ បឹងកេត នៅថ្ងៃទី៣០ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០ល្ងាច។


 
មុនជំនួបជាមួយ បឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក ឃឹម បុរី បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតក្រៅដី ជាមួយក្រុមខ្លាំង ហាក់បីដូចជាមានសម្ពាធបន្ដិច។ ប៉ុន្ដែ ណាហ្គាវើលដ៍ យកការប្រជែង Top 4 ជាគោលដៅធំ។ 
 
បច្ចុប្បន្ន ណាហ្គាវើលដ៍ ឈរនៅចំណាត់ថ្នាក់លេខ៧ មានត្រឹមតែ២៧ពិន្ទុប៉ុណ្ណោះ។ ក្តីសង្ឃឹមសម្រាប់ក្រុមនេះ ក្នុងការប្រជែងយក Top 4 គឺមានតិចតួចបំផុត  ខណៈ២កៅអីទៀត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលមានពិន្ទុដាច់គេ កក់ទុករួចទៅហើយ។ ក្រុមដែលកំពុងប្រជែង២កៅអីនៅសល់ ក្នុង Top 4 មានដូចជា វិសាខា, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, កងយោធពលខេមរភូមិន្ទ និងណាហ្គាវើលដ៍។
 
លោក ឃឹម បុរី ដាក់គោលដៅថា ណាហ្គាវើលដ៍ ត្រូវឈ្នះ ៣ប្រកួតចុងក្រោយនេះឲ្យបាន ព្រោះជាឱកាសសម្រាប់ក្រុម។ គ្រូបង្វឹកនេះ បន្ថែមទៀតថា បឹងកេត គឺជាឧបសគ្គរបស់ក្រុមលោក សម្រាប់កៅអី Top 4។
 
«យើង នៅតែមានជំនឿចិត្តថា កីឡាករ អាចធ្វើបានសម្រាប់ ៣ប្រកួតចុងក្រោយ ដើម្បីបាន Top 4។ លទ្ធផលជាមួយបឹងកេត យើងពិបាកថា នឹងអាចឈ្នះ ១០០ភាគរយណាស់ ប៉ុន្ដែដាច់ខាតយើង មិនប្រកួតដើម្បីចាញ់ទេ។»។ លោក ឃឹម បុរី បាននិយាយដូច្នេះ។
 
ក្នុងថ្ងៃជាមួយគ្នានេះ អាយ អេស អាយដង្កោសែនជ័យ ក៏ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានគិរីវង់ វេលាម៉ោង ៣:៤៥ រសៀល។
 
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន៥៩ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥២ពិន្ទុ។ រីឯវិសាខា ឈរចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេខ៤ និងអាយ អេស អាយ ដង្កោសែនជ័យ លេខ៥ មាន៣៤ពិន្ទុ ស្មើគ្នា។ ចំណែក កងយោធពលខេមរភូមិន្ទ លេខ៦ មាន៣០ពិន្ទុ ហើយណាហ្គាវើលដ៍ លេខ៧ មាន២៧ពិន្ទុ។ ព្រៃវែង ឈរចំណាត់ថ្នាក់លេខ៨ មាន២៣ពិន្ទុ តាមពីក្រោយដោយ អង្គរថាយហ្គឺរ លេខ៩ មាន១៨ពិន្ទុ។ ដោយឡែកគិរីវង់សុខសែនជ័យ រក្សាបាតតារាង មាន១៧ពិន្ទុឈរចំណាត់ថ្នាក់លេខ១០៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com