ជាតិ
សេដ្ឋកិច្ច
២ខែដើមឆ្នាំ ប្រាក់កម្ចីក្នុងវិស័យទេសចរណ៍មានជាង ២,៦ពាន់លានដុល្លារ
30, Mar 2024 , 8:19 pm        
រូបភាព
អាជីវករលក់ដូរនៅផ្សាររាត្រីខេត្តសៀមរាប។
អាជីវករលក់ដូរនៅផ្សាររាត្រីខេត្តសៀមរាប។
រយៈពេល ២ខែដើមឆ្នាំនេះ កម្ពុជាមានប្រាក់កម្ចីចំនួន ២,៦៨ ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស។ ឥណទានទាំងនេះ មានគោលបំណងជំរុញឲ្យវិស័យទេសចរណ៍ កាន់តែប្រសើរឡើង ជាពិសេសអាជីវកម្មដែលរងគ្រោះពីវិបត្តិកូវីដ-១៩។

 
ឥណទានបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះ ក្រោយការរាលដាលជំងឺកូវីដ-១៩។ ប្រាក់កម្ចីចំនួន ២,៦៨ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤។ ក្នុងនោះប្រាក់កម្ចី ១២,៦៨ភាគរយ ត្រូវបានផ្តល់ឱ្យប្រជាជន ដែលស្នើឥណទានក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។
 
អំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ វិស័យទេសចរណ៍នៅខេត្តសៀមរាប បានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសសណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍ពុំសូវមានភ្ញៀវទៅទស្សនាកម្សាន្តឡើយ។ ការណ៍នេះ បានធ្វើឲ្យអាជីវកម្មជាច្រើនបាត់បង់ប្រាក់ចំណូល ដោយសារខ្វះលំហូសាច់ប្រាក់ក្នុងការបង្វិលសងបំណុល។
 
មើលឃើញបែបនេះ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសមាគមទេសចរណ៍កម្ពុជា (CATA) ព្រមទាំងអាជ្ញាធរខេត្តសៀមរាប បានសហការគ្នារៀបចំសិក្ខាសាលា ដើម្បីពង្រីកការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន វិធីពិនិត្យសុខភាពហិរញ្ញវត្ថុ និងចំណេះដឹងវាយតម្លៃឥណទាន សម្រាប់ភាពរីកចម្រើនរបស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ 
 
ប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើរតួនាទីជាគ្រឹះក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ នៅពេលដែលបុគ្គល ឬម្ចាស់អាជីវកម្មស្នើសុំប្រាក់កម្ចីនោះ អ្នកផ្តល់ប្រាក់កម្ចីគ្រប់រូប ត្រូវពិនិត្យមើលប្រវត្តិឥណទានពីក្រុមហ៊ុន ស៊ីប៊ីស៊ី។ សេវាកម្មរបស់ ស៊ីប៊ីស៊ី នឹងជួយបុគ្គល និងអាជីវកម្មទទួលបានប្រាក់កម្ចីដោយផ្តល់ព័ត៌មានសំខាន់ៗ អំពីទម្រង់ឥណទានរបស់ពួកគេ ដែលជួយស្ថាប័នហិរញ្ញវត្ថុផ្ដល់កម្ចី ដោយការវាយតម្លៃ និងសម្រេចចិត្តផ្តល់ប្រាក់កម្ចីបានលឿន និងត្រឹមត្រូវជាងមុន។


រូបភាព ៖ CBC 
 
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន CBC បានថ្លែងក្នុងសិក្ខាសាលាថា ឥណទានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុក ជាពិសេសខេត្តសៀមរាប ដែលកំពុងរងគ្រោះនៅក្នុងវិស័យទេសចរណ៍។ លោកបញ្ជាក់ថា ៖« សមតុល្យប្រាក់កម្ចីអាជីវកម្មខ្នាតតូចបានកើនឡើង ៥២ភាគរយក្នុងរយៈពេល៥ ឆ្នាំចុងក្រោយចាប់តាំងពីឆ្នាំ ២០១៩ ក្នុងនោះ ៧៣,៣៥ភាគរយនៃប្រាក់កម្ចីសរុបស្ថិតនៅខេត្តសៀមរាប»។
 
ទន្ទឹមនេះ តំណាងអាជ្ញាធរខេត្តសៀមរាប លោក ង៉ូវ សេងកាក់ លើកឡើងថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ត្រូវតែយល់ដឹង និងរៀបចំខ្លួន ដើម្បីទទួលបានឥណទាន សម្រាប់ការវិនិយោគប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ លោកគូសបញ្ជាក់ថា ៖ «ដោយសារវិស័យទេសចរណ៍ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់យើង កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ ស៊ីប៊ីស៊ី និងធនាគារ អាចជួយជំរុញកំណើនវិស័យនេះ»។
 
សមាគមទេសចរណ៍កម្ពុជា (CATA) ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រអាជីវកម្មរបស់សមាជិកខ្លួន ដើម្បីពង្រីកចំណេះដឹង ការផ្សព្វផ្សាយ និងបង្កើតបណ្តាញសម្រាប់ការពង្រឹងអាជីវកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សមាជិក។ មុនពេលជំងឺរាតត្បាតកូវីដ-១៩ វិស័យទេសចរណ៍បានរួមចំណែកដល់ ១៨,២ភាគរយនៃផលិតផលជាតិក្នុងស្រុកសរុបក្នុងឆ្នាំ ២០១៩។
 
ស្រដៀងគ្នានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត់សម្គាល់ថា វិស័យទេសចរណ៍ដើរតួនាទីចាំបាច់ ក្នុងការស្តារកំណើនសេដ្ឋកិច្ចនៃខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នករៀបចំសិក្ខាសាលា លោកស្រីបានគូសបញ្ជាក់ថា សមាគមត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាមួយវិស័យហិរញ្ញវត្ថុ សមាគមធុរកិច្ច សមាគមផ្សេងៗ និងរាជរដ្ឋាភិបាល ដើម្បីបង្កើតបានជាធ្លុងដ៏រឹងមាំមួយ ដែលអាច សម្រេចបាននូវកំណើនក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ 
 
គូសបញ្ជាក់ថា ថ្មីៗនេះរដ្ឋាភិបាលបានប្រកាសកញ្ចប់សាច់ប្រាក់កម្ចីចំនួន ៥០លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យមទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីពន្លឿនកំណើន និងជំរុញការងើបឡើងវិញ ក្នុងវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩៕ 
 

Tag:
 ឥណទាន
  សហគ្រាស
  អាជីវកម្ម
  CBC
  CATA
© រក្សាសិទ្ធិដោយ thmeythmey.com