កីឡាជាតិ
ជាតិ
ប្រធានថ្មី ប្ដេជ្ញាជំរុញគុនខ្មែរពីកីឡាអត្ដសញ្ញាណជាតិ ទៅជាកីឡាកម្រិតពិភពលោក
30, Mar 2024 , 5:39 pm        
រូបភាព
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អាណត្តិទី៧
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ អាណត្តិទី៧
គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានតែងតាំងលោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់ចប់អាណត្តិទី៧ ឆ្នាំ(២០២១-២០២៥) ជំនួសលោក តែម ម៉ឺន។ ប្រធានសហព័ន្ធទើបឡើងថ្មីរូបនេះ បានប្ដេជ្ញាចិត្តប្រឹងអភិវឌ្ឍន៍គុនខ្មែរ ទៅជាប្រភេទកីឡាកម្រិតពិភពលោក ដោយផ្អែកលើឆន្ទៈរួម។


 
លោក តែម ម៉ឺន ត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរ តែងតាំងជាប្រធានកិត្តិយស អាណត្តិទី៧ ឆ្នាំ២០២១-២០២៥។ ចំណែក លោក ខូវ ឆាយ ត្រូវបានសហព័ន្ធតែងតាំងជាប្រធានជំនួសលោក តែម ម៉ឺន សម្រាប់អាណត្តិទី៧នេះ។ 
 
ការសម្រេចនេះ ក្រោយគេសង្កេតឃើញថា មួយឆ្នាំនេះ ពោលគឺចាប់ពីពាក់កណ្ដាលឆ្នាំ២០២៣មក លោក ខូវ ឆាយ បានដើរតួសំខាន់ក្នុងនាមជាអនុប្រធានទី១ សហព័ន្ធប្រដាល់គុនខ្មែរ។ ក្នុងនោះ លោក ខូវ ឆាយ បានដោះស្រាយវិវាទផ្សេងៗ ក្នុងវិស័យគុនខ្មែរ ដែលបង្ហាញពីភាពជាអ្នកដឹកនាំ មានទំនួលខុសត្រូវ។ 
 
ក្រោយការចេញសេចក្ដីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធគុនខ្មែរ ប្រធានថ្មីរូបនេះ បានបង្ហោះសារ ដែលបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការពង្រឹង និងពង្រីកគុនខ្មែរ ឲ្យអន្ដរជាតិ បានស្គាល់កាន់តែខ្លាំងជាងនេះ ។ ជាពិសេសឲ្យកីឡាអត្ដសញ្ញាណជាតិមួយនេះ ក្លាយទៅជាកីឡាកម្រិតពិភពលោក។
 
«ខ្ញុំ ប្តេជ្ញានឹងពុះពារគ្រប់ឧបសគ្គដើម្បីចូលរួមជាមួយបងប្អូនទាំងអស់គ្នា ដឹកនាំនាវាគុនខ្មែរមួយនេះឲ្យរីកចម្រើនឈានឡើងដល់កំរិតពិភពលោក មិនឲ្យចាញ់ប្រទេសជិតខាងយើងឡើយ។ ឲ្យតែយើងរួបរួមគ្នា ចាប់ដៃគ្នា ឈរលើស្មារតីដើម្បីផលប្រយោជន៍រួម ខ្ញុំជឿជាក់ថាយើងនឹងអាចធ្វើបានជាក់ជាមិនខាន។»។ លោក ខូវ ឆាយ បានបង្ហោះលើហ្វេសប៊ុក ដូច្នេះ៕
 

Tag:
 ខូវ ឆាយ
  ប្រដាល់
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com