កីឡាជាតិ
ជាតិ
លោក ប៉ែន វុទ្ធី ជំរុញឲ្យគ្រូបង្វឹកការ៉ាតេ ពង្រឹងគុណភាពអត្ដពលិក ត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩
30, Mar 2024 , 6:39 pm        
រូបភាព
វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកការ៉ាតេ រូបពី NOCC
វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកការ៉ាតេ រូបពី NOCC
លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ប្រាប់ឲ្យគ្រូបង្វឹកកីឡាការ៉ាតេ ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ត្រូវផ្ទេរចំណេះដឹងបន្ដទៀត ទៅកាន់អត្ដពលិកនៅតាមបណ្ដាលរាជធាន-ខេត្ត សម្រាប់ត្រៀមប្រកួតព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ លោក ប៉ែន វុទ្ធី និយាយដូច្នេះ ក្នុងការបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។


 
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល លោក ប៉ែន វុទ្ធី ជំរុញឲ្យសិក្ខាកាមទាំងនោះ យកជំនាញដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល រយៈពេល ៥ថ្ងៃនេះ ទៅបង្ហាត់កីឡាករ-កីឡាការិនីថ្នាល។ សម្រាប់ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះ ការផលិតធនធានអត្តពលិក ឲ្យមានគុណភាព គឺជាផ្លូវមួយ នាំឲ្យកម្ពុជាជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029)។
 
«នៅពេលខាងមុខ ឆ្នាំ២០២៩ យើង នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី។ ខ្ញុំ សង្ឃឹមថាគ្រូបង្វឹកនៅទីនេះ ដែលបានទទួលពុទ្ធិនៅពេលនេះ នឹងទៅបណ្ដុះបណ្ដាលប្អូនៗ នៅតាមរាជធានីខេត្ត ដើម្បីបានកីឡាករ-កីឡាការិនីមានទេព្យកោសល្យ យកមកប្រកួតប្រជែង ក្នុងកម្រិតជាតិ ឬក៏អន្ដរជាតិ ជាពិសេសធ្វើយ៉ាងណាជោគជ័យ នៅពេលយើងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។»។ លោក ប៉ែន វុទ្ធី បាននិយាយដូច្នេះ។
 
វគ្គបណ្ដុះបណ្ដាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៥-២៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ដោយមានសិក្ខាកាមចូលរួម ៤០នាក់ មកពីបណ្ដាលសមាគមក្លិបរាជធាន-ខេត្ត។ ក្នុងចំណោម ៤០នាក់នោះ ស្ដ្រី មានចំនួន១២នាក់។
 
វគ្គបណ្ដុះបណ្ដាល ដែលមានរយៈពេល ៥ថ្ងៃនេះ បានបញ្ចប់ទៅទាំងមានផ្លែផ្កា ព្រោះសិក្ខាកាម ៣៦រូប ទទួលបាននិទ្ទេសល្អ និង៤រូបទៀត បានល្អបង្គួរ៕
 

Tag:
 ប៉ែន វុទ្ធី
  ការ៉ាតេ
© រក្សាសិទ្ធិដោយ thmeythmey.com