កីឡាជាតិ
ជាតិ
ណាហ្គាវើលដ៍ អស់ឱកាសប្រជែង Top 4 ខណៈ បឹងកេត កាន់តែមានសង្ឃឹម
31, Mar 2024 , 12:59 pm        
រូបភាព
កីឡាករក្លិបណាហ្គាវើលដ៍ រូបពី Cambodian Premier League
កីឡាករក្លិបណាហ្គាវើលដ៍ រូបពី Cambodian Premier League
ណាហ្គាវើលដ៍ បាត់បង់ឱកាសប្រជែង Top 4 ក្រោយចាញ់បឹងកេត ១-០ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជ័យជម្នះលើណាហ្គាវើលដ៍ ធ្វើឲ្យបឹងកេត មានឱកាសខ្ពស់ក្នុងការប្រជែង Top 4។ ចំពោះការរបូតគ្រាប់បាល់នៅនាទី ៩០+៨លោក ឃឹម បុរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ បញ្ជាក់ថាដោយសារកីឡាករ អស់កម្លាំង និងបាត់បង់ការប្រមូលស្មារតីប្រកួត។



ការប្រកួតរវាងណាហ្គាវើលដ៍ និងបឹងកេត រំលង៩០នាទីពេញ ដោយលទ្ធផល ០-០។ លុះចូលដល់នាទី៩០+៨ Golubovic Stefan ខ្សែប្រយុទ្ធបឹងកេត បានតែតបាល់បញ្ជូលទី លទ្ធផល១-០ បន្ទាប់ពីមិត្តរួមក្រុម លើកបាល់បញ្ជូនមកក្នុងតំបន់គ្រោះថ្នាក់។

ការធ្វេសប្រហែសនៅនាទីថែមនេះ លោក ឃឹម បុរី បាននិយាយថា កីឡាករ លេងបានល្អ ប៉ុន្ដែនៅនាទីចុងក្រោយ អ្នកទាំងនោះ ធ្វេសប្រហែសដោយសារហត់នឿយ និងការប្រមូលអារម្មណ៍ ស្មារតីក្នុងការប្រកួតធ្លាក់ចុះ។ «យើង មានការហត់នឿយ។

យើង មើលប៉ុន្មាននាទីចុងក្រោយ ពួកយើងធ្លាក់អារម្មណ៍។ ប៉ុន្ដែកីឡាករ ពួកគេធ្វើបានល្អច្រើន សម្រាប់ការប្រកួតថ្ងៃនេះ។»។ លោក ឃឹម បុរី បាននិយាយដូច្នេះ។


Golubovic តែតបាល់បញ្ចូលទី រូបពី Cambodian Premier League

ដោយឡែក មុនពេលបរាជ័យនេះ ណាហ្គាវើលដ៍ គឺជាបេក្ខភាព ដណ្ដើម Top 4 ដែលមានពិន្ទុតិចជាងគេ។ បេក្ខភាព ដណ្ដើម Top 4 មានវិសាខា (ពិន្ទុ៣៨), បឹងកេត (ពិន្ទុ៣៤) អាយ អេស អាយ ដង្កោសែនជ័យ (ពិន្ទុ៣៤), កងយោពលខេមរភូមិន្ទ (៣០ពិន្ទុ) និងណាហ្គាវើលដ៏ (២៧ពិន្ទុ)។ ការចាញ់បឹងកេត ធ្វើឲ្យណាហ្គាវើលដ៍ អស់ឱកាសដណ្ដើម Top 4 នៅរដូវកាលនេះ ប៉ុន្ដែ លោក ឃឹម បុរី នៅតែជំរុញកីឡាករទាំងអស់ ប្រមូលអារម្មណ៍លេង ២ប្រកួតដែលនៅសល់ ឲ្យបានល្អ។ ចំណែកបឹងកេតបន្ទាប់ពីទទួលបានជោគជ័យនេះ លោក ហុង ផេង នៅតែមិនទាន់កក់ក្ដៅប៉ុន្មានឡើយ ព្រោះមិនអាចធានាថា នឹងដណ្ដើមបានកៅអី Top 4។

«Top 4 សម្រាប់ការប្រកួត ខ្ញុំ គិតថាយើងនៅជួបជាមួយក្រុម ដែលគេមានឱកាសប្រជែងដែរ យើងមិនអាចថាកក់ក្ដៅបានទេ។ យើងសប្បាយចិត្ត ដែលយើងឈ្នះ និងរក្សាតំណែង Top 4 បណ្ដោះអាសន្នសិន។ បើយើងថាកក់ក្ដៅ គឺមិនទាន់កក់ក្ដៅទេ។»។ គ្រូបង្វឹកកេត បាននិយាយដូច្នេះ។

ការប្រកួតក្នុងថ្ងៃជាមួយគ្នានេះដែរ អាយ អេស អាយ ដង្កោសែនជ័យ បានចាញ់គិរីវង់សុខសែនជ័យ លទ្ធផល ៤-២ នៅកីឡដ្ឋានគិរីវង់។ ដោយឡែក ការប្រកួតក្នុងសប្ដាហ៍ទី២៥ នាថ្ងៃទី៣១ ខែមីនា ព្រៃវែង ត្រូវស្វាគមន៍ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៤៥រសៀល ស្របពេលអង្គរថាយហ្គឺរ ទទួល ភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន។ លុះចូលដល់ម៉ោង ៦:០០ល្ងាច កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតជាមួយ វិសាខា នៅកីឡដ្ឋានស្ដាតចាស់៕
 

Tag:
 Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com