ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ហាមមិនឱ្យមានការឈូសឆាយព្រៃអភិវឌ្ឍន៍នៅតំបន់ផ្លូវអន្ទង់អាំង
31, Mar 2024 , 4:41 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ហាមមិនឱ្យមានការឈូសឆាយព្រៃ ដើម្បីអភិវឌ្ឍន៍នៅតំបន់សងខាងផ្លូវអន្ទង់អាំង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់នោះទេ។ សម្រាប់សម្តេច ហ៊ុន ម៉ាណែត ការរក្សាទេសភាពធម្មជាតិនៅផ្លូវអន្ទង់អាំង ដែលសម្តេចអះអាងថាពុំមាននៅឯទីណាទៀតទេនៅកម្ពុជានេះ នឹងក្លាយជាមរតកធម្មជាតិ និងផលប្រយោជន៍ក្នុងវិស័យទេសចរណ៍ សម្រាប់ជនរួមជាតិជាច្រើនជំនាន់តទៅទៀត។

 
នៅក្នុងពិធី សម្ពោធឆ្លង«ព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម» ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា សម្ដេច បានណែនាំឱ្យអាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធដោះស្រាយ ឬបង្វែរគម្រោងអភិវឌ្ឍនានា ចេញពីតំបន់សងខាងផ្លូវអន្ទង់អាំង ដែលមានប្រវែងប្រមាណ៤គីឡូម៉ែត្រ ដើម្បីទុកទីតាំងនេះអភិរក្សព្រៃឈើ បម្រើឱ្យផលប្រយោជន៍ពលរដ្ឋ និងវិស័យទេសចរណ៍រយៈពេលវែង។ 
 
សម្ដេច បានចាត់តាំង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឱ្យដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានផ្ដាំផ្ញើដល់អ្នកដែលចង់អភិវឌ្ឍតំបន់ផ្លូវអន្ទង់អាំង ទៅជាកន្លែងសម្រាក ឬស្នាក់នៅ ឱ្យចៀសវាង ឬធ្វើឱ្យហួសពីទីតាំងកំណត់។ 
 
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«កន្លងទៅ តំបន់ផ្លូវអន្ទង់អាំង មានការឈួសឆាយអភិវឌ្ឍខ្លះ។ ដូច្នេះ ខ្ញុំសូមឱ្យពិនិត្យឡើងវិញ ដើម្បីកែសម្រួលចេញទាំងអស់ ទោះការអភិវឌ្ឍកម្រិតណាក៏ដោយ ហើយរកវិធីដោះស្រាយ ដើម្បីរក្សាដី៤គីឡូម៉ែត្រ និងតំបន់សងខាងផ្លូវអន្ទង់អាំងនេះ ទុកជាកន្លែងអភិរក្សធម្មជាតិសម្រាប់ប្រជាពលរដ្ឋយើង និងទេសចរក្នុងស្រុក ឬក្រៅស្រុក តទៅមុខទៀត»។ 
 
ផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន គឺជាទីតាំងគយគន់ទេសភាពព្រៃភ្នំ ផ្លូវកាច់កុង តែមួយគត់នៅប្រទេសកម្ពុជ។ សូម្បីតែ សម្ដេច ហ៊ុន សែន និងសម្ដេច ហ៊ុន ម៉ាណែត ក៏ជាប់ចិត្តដែរនឹងតំបន់នោះដែរ។ 
 
កាលពីពេលថ្មីៗនេះ ក្រសួងបរិស្ថាន បានសម្រេចដកហូតដីជាង១០០ហិកតា ពីគម្រោងវិនិយោគទេសចរណ៍១៣កន្លែង ស្ថិតក្នុងភូមិសាស្រ្តភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីពិនិត្យឃើញថា ក្រុមហ៊ុនវិនិយោគទាំងនោះមិនបានគោរពតាមគោការណ៍របស់រដ្ឋាភិបាល និងមិនបានដំណើរការអភិវឌ្ឍជាច្រើនឆ្នាំ។ ដីដកពីគម្រោង ទាំងនេះ នឹងត្រូវដាំស្ដារព្រៃឈើឡើងវិញ៕  

Tag:
 ហ៊ុន ម៉ាណែត
  ផ្លូវអន្ទង់អាំង
  ភ្នំ១៥០០
© រក្សាសិទ្ធិដោយ thmeythmey.com