កីឡាជាតិ
ជាតិ
ប្រតិភូកីឡាជិត៣ពាន់នាក់ ចូលរួមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤
31, Mar 2024 , 8:59 pm        
រូបភាព
ការប្រកួតបាល់ទាត់ក្នុងកីឡាសាលាបឋមសិក្សា រូបពីអគ្គនាយកដ្ឋានកីឡា
ការប្រកួតបាល់ទាត់ក្នុងកីឡាសាលាបឋមសិក្សា រូបពីអគ្គនាយកដ្ឋានកីឡា
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ បានបើកជាផ្លូវការ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ប្រតិភូកីឡា ២ ៩៦០នាក់ មកពី២៥រាជធានី-ខេត្ត ចូលរួមប្រកួតលើ១២ ប្រភេទកីឡា។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ណែនាំកុមារដែលជាអត្ដពលិក ត្រូវគោរពវិន័យ នៃការប្រកួត ហើយត្រូវមានស្មារតីប្រកួតដើម្បីមិត្តភាព និងសាមគ្គីភាព។


 
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា» ប្រព្រឹតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់១២ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍នេះ ដែល  មានដូចជាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្ដពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT, តេក្វាន់ដូ  ITF, ប៊ូល និងប៉េតង់, ល្បុក្កតោ, ហែលទឹក និង គុនដាវ។ ចំណែកប្រតិភូ អ្នកចូលរួម មានចំនួនសរុប ២ ៩៦០នាក់ មកពី២៥រាជធានីខេត្ត។
 
ក្នុងពិធីបើកការប្រកួត នាថ្ងៃទី៣១ ខែមីនា លោក វ៉ាត់ ចំរើន បានលើកទឹកចិត្តកុមារដែលជាអត្ដពលិក ឱ្យគោរពវិន័យ និងប្រកួតស្មារតីជាកីឡា ដើម្បីបង្កើតមិត្តភាព និងសាមគ្គីភាព។
 
លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា  បាន ឱ្យដឹងថា គោលដៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំផុសសកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងជួយឲ្យសិស្សានុសិស្សមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតឆ្នៃប្រឌិត និងការតស៊ូ។
 
បើតាមលោក ហួត សេងទ្រី ព្រឹត្តិការណ៍នេះក៏ជាការលើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករ-កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសឲ្យសិស្សជួបជុំគ្នា ចងមិត្តភាព និងសាមគ្គីភាពផងដែរ៕
 

Tag:
 កីឡាសាលាបឋមសិក្សា
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com