ជាតិ
សេដ្ឋកិច្ច
នាយកប្រតិបត្តិ Maybank ក្លាយជាប្រធានសមាគមធនាគារនៅកម្ពុជា
01, Apr 2024 , 2:03 pm        
រូបភាព
លោក រ័ត្ន សោភ័ណ ប្រធានថ្មីនៃសមាគមធនាគារនៅកម្ពុជា (ABC)។ រូបថត៖ ទូច សុវណ្ណឌី /ThmeyThmey
លោក រ័ត្ន សោភ័ណ ប្រធានថ្មីនៃសមាគមធនាគារនៅកម្ពុជា (ABC)។ រូបថត៖ ទូច សុវណ្ណឌី /ThmeyThmey
លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារ Maybank បានក្លាយជាប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ក្នុងអាណត្តិទី១០(ពីឆ្នាំ២០២៤-២០២៥)។ លោកបានកាន់តំណែងនេះ ជំនួសលោក Raymond Sia ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា។​

 
លោក សោភ័ណ ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា សមាសភាពក្រុមប្រឹក្សានៃសមាគម ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០​នេះ គឺមានចំនួន១២រូប។ ក្នុងនោះ ក្រៅពីលោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជាហើយនោះ គឺមានលោក​ Raymond Sia Say Guan ជាអនុប្រធាន​​ ខណៈលោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង (ខេមបូឌា) ម.ក  ជាហេរញ្ញិកសមាគមធនាគារ ដែលមានសមាជិក៩នាក់។
 
ប្រធានសមាគមធនាគារថ្មី នៅកម្ពុជារូបនេះ បានប្ដេជ្ញាបម្រើវិស័យធនាគារ និងសមាជិករបស់ខ្លួន ឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត។ ជាមួយសមាជិកក្រុមប្រឹក្សាអាណត្តិថ្មី លោក សោភ័ណ បានបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួន និងសសរស្តម្ភចំនួន៤។
 
ក្នុងនោះសសរស្តម្ភទី១ គឺលោក សោភ័ណ បានកំណត់នូវរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងមុខងារ និងការ​ប្រព្រឹត្តទៅនៃសមាគមធនាគារនៅកម្ពុជា។ សសរស្តម្ភទី២ គឺផ្តល់ប្រឹក្សាលើការគ្រប់គ្រង និងប្រតិបត្តិធនាគារប្រកបដោយការទទួលខុសត្រូវ និងផ្អែកលើគុណតម្លៃ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន ជំរុញបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ភាពរឹងមាំ និងភាពលូតលាស់នៃវិស័យធនាគារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។
 


រីឯសសរស្តម្ភទី៣ គឺលើកកម្ពស់វប្បធម៌នៃការរៀនសូត្របន្តសម្រាប់ធនាគារិក និងលើកកម្ពស់សមត្ថភាពរបស់ធនាគារិកក្នុងជំនាញបច្ចេកទេស ឧត្តមភាពវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌។ ចំពោះសសរស្តម្ភទី៤ របស់លោក រ័ត្ន គឺជាបង្កើតកិច្ចសហប្រតិបត្តិការនៃប្រព័ន្ធអេកូឡូស៊ីធនាគារបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលនៃវិស័យធនាគារ ដើម្បីបង្កើនសក្តានុពលវិស័យធនាគារបន្ថែមទៀត ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពជាតិ។
 
សមាគមធនាគារនៅកម្ពុជា គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុក និងធ្វើប្រតិបត្តិការមិនស្វែងរកប្រាក់ចំណេញ។ សមាគមនេះ ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ 
 
សមាគមធនាគារអនុវត្តសកម្មភាពរបស់ខ្លួន ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្តរជាតិ ហើយបម្រើសេវាកម្មជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកកម្មរបស់សមាគម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា។ 
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន៥៨ និងធនគារឯកទេស៩។​ ធនាគារទាំងនេះ មានទ្រព្យសកម្មកើន៧៧,៤ពាន់លានដុល្លារ កើន១៦,៨ភាគរយ ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះមាន ឥណទានអតិថិជនដល់ទំហំទឹកប្រាក់៥១,៨ពាន់លានដុល្លារ៕ 
 

Tag:
 ហិរញ្ញវត្ថុ
  សមាគមធនាគារនៅកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com