កីឡាជាតិ
ជាតិ
ឡាយហ្វ និងមហាផ្ទៃ រង់ចាំការពិនិត្យលក្ខខណ្ឌពី FFC និង CPL ដើម្បីបង្ហាញខ្លួននៅលីគកំពូលកម្ពុជា
01, Apr 2024 , 6:59 pm        
រូបភាព
ក្រុម Life FC អបអរជ័យជម្នះ រូបពី Cambodian League 2
ក្រុម Life FC អបអរជ័យជម្នះ រូបពី Cambodian League 2
ក្លិបកីឡាបាល់ទាត់ ឡាយហ្វ (Life FC) ម្ចាស់ជើងឯកលីគ២ រដូវកាល ២០២៣-២៤ និង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជើងឯករង បានត្រៀមលក្ខណៈរួចរាល់ដើម្បីបង្ហាញខ្លួននៅលីគកំពូលកម្ពុជារដូវកាលក្រោយ។ អាជ្ញាប័ណ្ណក្លិប, ចក្ខុវិស័យអភិវឌ្ឍកីឡាករ, រដ្ឋបាលការងារ, ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងថវិការ ជាលក្ខខណ្ឌវិនិច្ឆ័យ ដែលក្លិបទាំង២នេះ បានបំពេញ។ ក្លិប២ នៅតែរង់ចាំការពិនិត្យ និងទទួលស្គាល់ពី សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cambodian Premier League ប៉ុណ្ណោះ ដើម្បីចូលរួមជាមួយលីគកំពូល។



ក្លិបបាល់ទាត់ Life FC មកពីខេត្តព្រះសីហនុបានក្លាយជាម្ចាស់ជើងឯក Cambodian League 2 បន្ទាប់ពីប្រកួតស្មើក្លិបក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៤-៤ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
 
 ក្រោយពី Angkor City ដកខ្លួនចេញពីលីគ២ ក្រុម ដែលនៅប្រកួតមានចំនួន ៧ក្រុម។ 
 
យោងទៅតាមគោលការណ៍របស់ក្រុមហ៊ុនCPL ម្ចាស់ជើងឯកលីគ២ និងជើងឯករង ត្រូវឡើងទៅលីគកំពូល ប៉ុន្ដែក្លិប ត្រូវតែមានគ្រប់លក្ខណៈវិនិច្ឆ័យ ៥យ៉ាង ដែលជាតម្រូវការរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC)។
 
លោក កាក់ មេសា ប្រធានផ្នែករដ្ឋបាល និងទីផ្សារក្លិប Life FC បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថាលក្ខណៈវិនិច្ឆ័យ ៥យ៉ាង ដែលក្លិបបានបំពេញនោះ មានដូចជា៖
លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria), លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria), លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria), លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria) និង លក្ខណៈវិនិច្ឆ័យលើហិរេញ្ញវត្ថុ (Financial Criteria)។
 
«លក្ខខណ្ឌរបស់ CPL គឺតម្រូវឲ្យយើងបំពេញតាម AFC។ យើង បានបំពេញរួចរាល់ហើយ។ យើងនៅតែក្រុមការងារ CPL មកពិនិត្យនូវឯកសារជាក់ស្ដែង និងទីកន្លែងជាក់ស្ដែង។»។ ប្រធានផ្នែករដ្ឋបាលរូបនេះ បាននិយាយដូច្នេះ។ 
 
ចំណែកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ លោក សារ៉េត ស៊ីដន អ្នកចាត់ការទូទៅ បានបញ្ជាក់ថាឯកសារបំពេញតាមតម្រូវការសហព័ន្ធបាល់ទាត់កម្ពុជា និង CPL បានត្រៀមរួចរាល់ ប៉ុន្ដែត្រូវរងចាំការពិនិត្យ ប៉ុណ្ណោះ។ អ្នកចាត់ការរូបនេះ មិនទាន់អាចបញ្ជាក់ថាក្លិប អាចឡើងមកលីគកំពូលប្រាកដនៅឡើយទេ ព្រោះរងចាំការចុះពិនិត្យជាក់ស្ដែង ពី FFC និង CPL នៅថ្ងៃទី៤ ខែ៤ ឆ្នាំ២០២៤។
 
«យើង មិនអាចបញ្ជាក់ទេ ប៉ុន្ដែចាំមើលថ្ងៃទី៤ ដែលសហព័ន្ធ និង CPL ចុះមកពិនិត្យឯកសារសិន។»។ លោក សារ៉េត ស៊ីដន​ បានប្រាប់តាមទូរស័ព្ទដូច្នេះ។
 

Tag:
 បាល់ទាត់
  លីគ២
  Life FC
  Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com