ជាតិ
សង្គមជាតិ
លោក ស សុខា ជំរុញឱ្យសមាគមសម្ព័ន្ធសារព័ត៌មាន បង្កើនការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយ
01, Apr 2024 , 9:29 pm        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តី  ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យសមាគម បង្កើនការបណ្ដុះបណ្ដាលជំនាញនានា ​ក្នុងវិស័យសារព័ត៌មាន បច្ចេកវិទ្យា ពិសេសពង្រឹងការផ្សព្វផ្សាយ វិជ្ជាជីវដល់អ្នកសារព័ត៌មានតាមតំបន់។



ក្នុងពិធីបិទសន្និបាតសរុបលទ្ធផលការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី៣១ មេសា លោក ស សុខា ក្នុងនាមជាប្រធានកិត្តិយស ជំរុញឱ្យសមាគមសម្ព័ន្ធសារព័ត៌មាន IPA ពង្រឹងការបណ្ដុះបណ្ដាលជំនាញរាយការណ៍ព័ត៌មាន ការសរសេរអត្ថបទព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ដល់អ្នកសារព័ត៌មានវ័យក្មេង នៅតាមតំបន់។
 
ទន្ទឹមនឹងនេះលោក ក៏ជំរុញឱ្យសមាគមពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការអនុវត្តឱ្យមានសកម្មភាពសំខាន់ៗ ដូចជា រៀបចំឱ្យមានកម្មវិធីប្រកួតសំណេរអត្ថបទព័ត៌មាន ការផលិតព័ត៌មានតាមបែបទម្រង់ផ្សេងៗជាដើម។ លើសពីនេះ ត្រូវសហការជាមួយអង្គភាពសារព័ត៌មានជាតិ​ និងអន្តរជាតិនានា អង្គការសមាគមក្រៅរដ្ឋាភិបាល ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានសិក្សាជាដើម ដើម្បីពង្រីកវិសាលភាព និងលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជាផងដែរ។
 
លោក ស សុខា ក៏រម្លឹកឱ្យសមាគមចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ពិសេសបង្កើនធនធានមនុស្សក្នុងវ័ស័យសារព័ត៌មាន តាមរយៈការកៀរគរសមាជិកឱ្យចូលរួមក្នុងសមាគម ។ កាលពីឆ្នាំ២០២៣ សមាគម IPA បានកៀរគរសមាជិកជាង៥ពាន់នាក់ និងកិច្ចសហការជាមួយអង្គភាពសារព័ត៌មាន អង្គការ និងសមាគមដទៃទៀត ជាង៩០ស្ថាប័នរួចមកហើយ៕
 

Tag:
 សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ
 IPA
© រក្សាសិទ្ធិដោយ thmeythmey.com