កីឡាជាតិ
ជាតិ
ប្រជែង Top4៖ លោក ភា សុភ័ក្ដ្រា ប្រាប់កីឡាករទ័ពកុំបោះបង់ ទោះសល់សង្ឃឹម១ភាគរយ
02, Apr 2024 , 7:59 am        
រូបភាព
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ ប្រាប់កីឡាកររបស់ខ្លួន កុំឲ្យបោះបង់ចោលក្ដីសង្ឃឹម បើទោះជាការប្រជែងយក Top 4 នៃ Cambodian Premier League 2023-2024 មានតិចតួចក៏ដោយ។ ក្រោយឈ្នះ វិសាខា  លទ្ធផល ២-១ នៅកីឡដ្ឋានស្ដាតចាស់​ នៅថ្ងៃទី៣១ ខែមីនា ក្រុមទ័ព្ធ កាន់តែមានឱកាស ប្រជែងយកតំណែងក្រុមកំពូលទាំង៤ ជាមួយបឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ និងវិសាខា។



កៅអី Top 4 នៅសល់តែ២ប៉ុណ្ណោះ ខណៈ២កន្លែងទៀត ត្រូវបាន ព្រះខ័នរាជស្វាយរៀង (៦៥ពិន្ទុ) និងភ្នំពេញក្រោន (៥៨ពិន្ទុ) ដែលមានពិន្ទុដាច់គេបានកក់រួចជាស្រេច។ ដោយឡែក វិសាខា, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ និងកងយោធពលខេមរភូមិន្ទ កំពុងប្រជែងគ្នា យកកៅអីដែលនៅសល់។ 
 
បរាជ័យ ៣ប្រកួតជាប់គ្នារបស់ វិសាខា ធ្វើឱ្យកាន់តែតានតឹងខ្លាំងក្នុងការប្រកួតប្រជែងយក Top 4 ព្រោះនៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ មុនពេលចូលដល់វគ្គទាត់ខ្វែង ៤ក្រុម ចុងក្រោយ។ បច្ចុប្បន្ន ក្រុមនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ ខណៈ បឹងកេតនៅលេខ៤ មាន៣៧ពិន្ទុ។ ដង្កោសែនជ័យ នៅលេខ៥ មាន៣៤ពិន្ទុ ស្របពេលទ័ពមាន៣៣ពិន្ទុ នៅលេខ៦។ នៅសល់២ប្រកួតទៀតប៉ុណ្ណោះការប្រកួតលីគជុំទី៣នឹងបញ្ចប់។
 
ក្រោយឈ្នះវិសាខា នៅជំនួបសប្តាហ៍ទី២៥​ ក្រុមទ័ព្ធ នៅតែមានក្ដីសង្ឃឹមឡើងវិញ។ លោក ភា សុភ័ក្ដ្រា តែងលើកទឹកចិត្តកីឡាករថា សង្ឃឹមសូម្បីតែ ១ភាគរយ ក៏ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ គ្រូបង្វឹករូបនេះ យល់ថា ការប្រកួតប្រជែងយកចំណាត់ថ្នាក់ គឺជារឿងផ្នែកមួយដើម្បីក្លិប និងដើម្បីអ្នកគាំទ្រ។ ទន្ទឹមនិងនេះ ការប្រកួត អស់ពីសមត្ថភាព ដើម្បីជ័យជម្នះ ក៏ជារឿងសំខាន់សម្រាប់ក្លិប ផងដែរ។ 
 
«ពាក្យដែលខ្ញុំតែងនិយាយទៅកាន់កីឡាករ គឺ«យើង មិនបោះបង់ចោល»។ យើង មើលដំណើរវែងឆ្ងាយ យើងមើលការប្រកួតយក Top 4 គឺបឹងកេត ត្រូវជួបជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ហើយ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវការ Top 4 ដូចគ្នា។ ហើយប្រកួតចុងក្រោយរបស់បឹងកេត ត្រូវជួបជាមួយស្វាយរៀង។ អ៊ីចឹង យើងឃើញថាគេ ក៏មានការលំបាក ហើយផ្លូវវែងឆ្ងាយ។ ដូច្នេះ យើង គឺអត់ត្រូវបោះបង់តែម្ដង។ ទោះបីសង្ឃឹម ១ភាគរយ យើង ត្រូវតែប្រឹងប្រែង។ ហើយម្យ៉ាងដើម្បីការអភិវឌ្ឍក្រុមផង។ ចំណាត់ថ្នាក់ គឺជារឿងមួយដែលត្រូវគិតទៅដល់ក្រុម ជាពិសេសគឺអ្នកគាំទ្រ។»។ លោក ភា សុភ័ក្ត្រា បាននិយាយដូច្នេះ។
 
ក្នុងសប្ដាហ៍ទី២៥នោះ គិរីវង់សុខសែនជ័យ បានឈ្នះ អាយ អេស​ អាយដង្កោសែនជ័យ លទ្ធផល៤-០ នៅកីឡដ្ឋានគិរីវង់។ ចំណែក បឹងកេត ឈ្នះ ណាហ្គាវើលដ៍ លទ្ធផល១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រីឯ អង្គរថាយហ្គឺ ចាញ់ភ្នំពេញក្រោន លទ្ធផល ២-០ នៅកីឡដ្ឋានហុនមាន ខណៈ ព្រៃវែង ចាញ់ ព្រះខ័នរាជស្វាយរៀង លទ្ធផល ៣-០ នៅកីឡដ្ឋានខេត្តព្រៃវែង។
 
គិតត្រឹមសប្ដាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន៦៥ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥៨ពិន្ទុ។ រីឯវិសាខា ឈរចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេខ៤ មាន៣៧ពិន្ទុ។ អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៥ មាន៣៤ពិន្ទុ និង កងយោធពលខេមរភូមិន្ទ ឈរលេខ៦ មាន៣៣ពិន្ទុ។

ដោយឡែកណាហ្គាវើលដ៍ នៅចំណាត់ថ្នាក់លេខ៧ មាន២៧ពិន្ទុ តាមពីក្រោយដោយ ព្រៃវែង ចំណាត់ថ្នាក់លេខ៨ មាន២៣ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ ឡើងមកចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ ហើយ អង្គរថាយហ្គឺរ ធ្លាក់មកចំណាត់ថ្នាក់១០ មាន១៨ពិន្ទុ៕

Tag:
 បាល់ទាត់
  CPL
  ភា សុភ័ក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com