ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ និងកែច្នៃផលិតមូលដ្ឋាន ផ្គត់ផ្គង់ទីផ្សារ
02, Apr 2024 , 9:29 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន 

ភ្នំពេញ៖ គណៈកម្មាការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អបអរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផល​ខ្មែរ​ លើកទី៧ ​​ក្រោមប្រធានបទ «ផលិតផលនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» នៅថ្ងៃទី ៩ មេសាឆ្នាំ ២០២៤​ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យបំផុសចលនាភូមិមួយ ផលិតផលមួយថែមទៀត។  ​

 
សម្ដេច ហ៊ុន ម៉ាណែត មើលឃើញថា ចលនាភូមិមួយ ផលិតផលមួយ ជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន ឱ្យមានការផលិតវត្ថុធាតុដើម ការដាំដុះនិងចិញ្ចឹមសត្វ ការកែច្នៃ មានគុណភាពល្អ តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ទាំងក្នុងនិងក្រៅប្រទេសបាន។ ចលនានេះ គឺធ្វើឱ្យប្រជាជន មានចំណេះជំនាញ ក្នុងការប្រកបរបរកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ហើយកែច្នៃផលិតផលទាំងនោះបានយ៉ាងច្រើនទៅ តាមទីកន្លែងផ្សេងៗគ្នា។ បើតាមសម្ដេច ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកលើកសិកម្មឧស្សាហកម្ម និងសេវាកម្ម និងការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់ និងសកល។ 
 
សារលិខិតនាយកមន្រ្តី ហ៊ុន ម៉ាណែត ចេញផ្សាយថ្ងៃទី១ មេសា បានប្រាប់ទៅកាន់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់រួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទ តាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក។ ជាពិសេសការកែច្នៃផលិតផលកសិកម្ម ជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូប ឱ្យកាន់តែល្អប្រសើរឡើង។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ជំរុញឱ្យគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវបន្តសហការផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។
 
ដោយឡែកកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ត្រូវដាក់បញ្ចូលផលិតផលសក្តានុពលនានា ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម កត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ត្រូវរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរ ,ផលិតផលភូមិមួយផលិតផលមួយ នៅតាមទីកន្លែង ដែលមានសក្តានុពលឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយលើកកម្ពស់ និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។ 
 
គិតត្រឹមឆ្នាំ២០២៣ មានផលិតផលចំនួន៥៥៩ ហើយ ដែលបានទទួលស្គាល់ជាស្លាកសញ្ញាភូមិមួយផលិតផលមួយ។

© រក្សាសិទ្ធិដោយ thmeythmey.com