ជាតិ
លោក ហ៊ុន ម៉ានី មានមោទកភាព ចំពោះការបោះជំហានទៅមុខនៃវិស័យមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ រូបភាពពីក្រសួងមុខងារសាធារណៈ
× ភ្នំពេញ៖ វិស័យមុខងារសាធារណៈ កំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ និងជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣ មេសា។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា សមិទ្ធផលជាច្រើន ដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុងរយៈពេល៧ខែមកនេះ ដោយសារកត្តាសំខាន់ ៣ យ៉ាង គឺកត្តាគោលនយោបាយ និងយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ក្នុងការអនុវត្តផែនការសកម្មភាព, កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ ដែលឈរលើចក្ខុវិស័យ ឆន្ទៈ និងផែនការច្បាស់លាស់ និងកត្តាចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មានទាំងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឧបនាយករដ្ឋមន្ត្រីរូបនេះ មានប្រសាសន៍ថា៖«ខ្ញុំពិតជាមានមោទកភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា»។
កន្លងមកក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការកែទម្រង់រដ្ឋបាលសាធារណៈ ពាក់ព័ន្ធនឹងការកែលម្អការជ្រើសរើសមន្ត្រីបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈ, ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មផងដែរ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ប្រពឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ សន្និបាតនេះ មានការចូលរួមពីមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត និងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ជាង៧០០នាក់៕
Tag:
ហ៊ុន ម៉ានី
ក្រសួងមុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com