ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ត្រៀមថវិកាប្រមាណ១៤០លានដុល្លារ សម្រាប់«កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលផ្តើមអនុវត្តន៍ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើតាមការបញ្ជាក់របស់ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌»នៅថ្ងៃទី២ ខែមេសា។
កម្មវិធីជាតិជំនួយសង្គមនេះ ផ្ដល់ឱ្យចំពោះតែគ្រួសារមានបណ្ណសមធម៌ប៉ុណ្ណោះ។ ចំពោះអត្ថប្រយោជន៍ដែលបានពីប្រព័ន្ធនេះរួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋម និងមធ្យម សិក្សាចំណេះទូទៅ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងជនចាស់ជរា ដែលមានអាយុ៦០ឆ្នាំឡើង និងការរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារ និងការឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
លោក ចន ណារិទ្ធ បានឱ្យដឹងថា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាប្រព័ន្ធជំនួយសង្គមថ្មី ដែលរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តក្រោយពេល «កម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ-១៩»បានបញ្ចប់។ ដើម្បីអនុវត្តកម្មវិធីថ្មីនេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព រដ្ឋបានត្រៀមថវិកាជាង១៤០លានដុល្លារក្នុងមួយឆ្នាំ ដែលវាមានទំហំតិចជាង«កម្មវិធីឧបត្ថម្ភសាច់ប្រាក់អំឡុងពេលជំងឺកូវីដ-១៩» មានប្រមាណ៤០០លានដុល្លារក្នុងមួយឆ្នាំ។
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវតែបោះជំហានទៅមុខជាបន្តបន្ទាប់។ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» គឺជាការគិតគូដ៏មានសារៈសំខាន់របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ទោះបីជំងឺរាត្បាតកូវីដ-១៩ បានធូរស្រាលហើយក្ដី។
លោក ចន ណារិទ្ធ ថ្លែងដូច្នេះថា៖«ការអភិវឌ្ឍប្រព័ន្ធការពារសង្គមនៅកម្ពុជា ត្រូវតែបោះជំហានទៅមុខជាបន្តបន្ទាប់ ដើម្បីជួយជីវភាពប្រជាពលរដ្ឋ ដែលនៅខ្វះខាត ហើយត្រូវការការឧបត្ថម្ភ។ អំឡុងពេលកូវីដ-១៩ តម្រូវការរបស់ពលរដ្ឋកើនឡើងខ្ពស់ ប៉ុន្តែជាគោលនយោបាយរដ្ឋាភិបាល បានដាក់ទិសដៅថា ទោះបីជំងឺកូវីដ-១៩ បញ្ចប់ តែមិនត្រូវឱ្យប្រព័ន្ធគាំពារសង្គមធ្លាក់ចុះមកវិញនោះទេ»។
សូមជម្រាបថា មូលនិធិជាតិជំនួយ បានបើកយុទ្ធនាការចុះឈ្មោះតាមភូមិហើយចាប់ពី ថ្ងៃទី១ ដល់ថ្ងៃទី២០ខែមេសានៅតាមស្នាក់ការភូមិ ឬទីតាំងសមស្របណា មួយក្នុងភូមិគោលដៅផ្ទាល់ ដើម្បីសម្រួល និងជំរុញដល់ការចុះឈ្មោះជូនគ្រួសារដែលមានបណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ឱ្យបានឆាប់រហ័ស និងជៀសវាងការបាត់បង់អត្ថប្រយោជន៍ណាមួយរបស់អ្នកទទួលផល។
លក្ខខណ្ឌ គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសា រជាអ្នកចុះឈ្មោះទទួលបានប្រាក់ឧបត្ថម្ភគោលគ្រួសារ ដែលទាមទារឱ្យមានបណ្ណសមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើមដែលមានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ។ ជនមានពិការភាព ត្រូវមានបណ្ណសមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងបណ្ណសម្គាល់ជនមានពិការភាពច្បាប់ដើម ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ចំពោះ ជនចាស់ជរា ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើង មានបណ្ណសមធម៌ កម្រិតក្រីក្រ១ និងក្រីក្រ២ ច្បាប់ដើម មានសុពលភាព និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។ ចំណែក អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។
បច្ចុប្បន្ន គ្រួសារទទួលបានបណ្ណសមធម៌រួចហើយមានប្រមាណ៨០ម៉ឺនគ្រួសារ ធៀបនឹងឆ្នាំ២០២០មានត្រឹម៥៣ម៉ឺនគ្រួសារប៉ុណ្ណោះ៕