កីឡាជាតិ
ជាតិ
ដង្កោសែនជ័យ និងទ័ព នឹងអស់ឱកាសប្រជែង Top 4 ប្រសិនចាញ់ក្នុងសប្ដាហ៍ទី២៦
04, Apr 2024 , 4:13 pm        
រូបភាព
នៅសល់តែ២ប្រកួតទៀត ការប្រកួតលីគកំពូលកម្ពុជា នឹងចូលដល់វគ្គទាត់ខ្វែង ៤ក្រុម ចុងក្រោយ (Top 4)។ កៅអី Top 4 ត្រូវបានព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលមានពិន្ទុដាច់គេ កក់២កន្លែងរួចជាស្រេច ខណៈ ២កៅអីផ្សេងទៀត មាន៤ក្រុម កំពុងប្រជែងគ្នា មានវិសាខា, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ និងកងយោធពលខេមរភូមិន្ទ។ អាយ អេស អាយ ដង្កោសែនជ័យ និង កងយោធពលខេមរភូមិន្ទ ត្រូវការឈ្នះដាច់ខាតក្នុងសប្ដាហ៍ទី២៦ ដើម្បីបន្ដឱកាស ដណ្ដើមទៅវគ្គ៤ក្រុម។



ជំនួប ៨លើកក្នុងក្របខណ្ឌលីគកំពូលកម្ពុជា តាំងពីចុងឆ្នាំ២០២០ មកទល់ពេលនេះ អង្គរថាយហ្គឺរ មិនធ្លាប់ឈ្នះ វិសាខា ម្ដងណាឡើយ។ វិសាខា ហាក់បីដូចជាងាយស្រួលយក ៣ពិន្ទុក្នុងសប្ដាហ៍ទី២៦ ព្រោះត្រូវស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦ល្ងាច ថ្ងៃទី៦ ខែមេសា។ ប្រសិនជាឈ្នះ១ប្រកួតនេះ វិសាខា អាចធនាបានកៅអី Top 4 តែម្តង។
 
ទន្ទឹមពេលជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១ ត្រូវជួបជាមួយគិរីវង់សុខសែន នៅកីឡដ្ឋានខេត្តស្វាយរៀង។
 
នៅថ្ងៃទី៧ ខែមេសា អាយ អេស អាយ ដង្កោសែនជ័យ ត្រូវប្រកួតជាមួយ បឹងកេត នៅកីឡដ្ឋាន AIA KMH Park  វេលាម៉ោង ៦ល្ងាច។ ជំនួបពីរលើកក្នុងលីគកំពូលរដូវកាលនេះ អាយ អេស អាយ ដង្កោសែនជ័យ ឈ្នះបឹងកេត ២-១ មួយលើក និងចាញ់បឹងកេត លទ្ធផល៤-១ មួយលើក។ ដោយឡែកជំនួបក្នុងពានសម្ដេច ហ៊ុនសែន លើកទី១៧ បឹងកេត ទម្លាក់ អាយ អេស អាយដង្កោសែនជ័យ ក្នុងវគ្គ៨ក្រុម ដោយលទ្ធផល ដូចគ្នាទាំង២ជើង ៤-២។ ប្រសិនជា អាយ អេស អាយ ដង្កោសែនជ័យ ចាញ់បឹងកេត នឹងអស់ឱកាសប្រជែងកៅអី Top 4។

ក្នុងសប្ដាហ៍ទី២៦ ពេលជាមួយគ្នានោះ កងយោធពខេមរភូមិន្ទ ដែលជាបេក្ខភាពប្រជែង Top 4 មួយដែរ ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ ជំនួបពីរលើកក្នុងលីគកំពូលកម្ពុជា នារដូវកាល២០២៣-២០២៤ ក្រុមទ័ព្ធ មិនទាន់ឈ្នះ ណាហ្គាវើលដ៍ ឡើយ បានត្រឹមតែស្មើ១ប្រកួត លទ្ធផល១-១ និងចាញ់ ១ប្រកួត លទ្ធផល ២-១។ បើទោះជាណាហ្គាវើលដ៍ មិនមានឱកាសប្រជែង Top 4 ប៉ុន្ដែក្រុមនេះ ក៏ឲ្យគូប្រកួតខ្លួនឈ្នះដោយងាយឡើយ។ លោក ឃឹម បុរី គ្រូបង្វឹកណាហ្គាវើលដ៍ នៅតែជំរុញឲ្យកីឡាករប្រឹងលេងអស់ពីសមត្ថភាព បើទោះជាមិនដណ្ដើម Top 4 ប៉ុន្ដែដើម្បីបង្ហាញទៅអ្នកគាំទ្ររបស់ខ្លួន។
 
ខណៈពេលដដែលនោះ ភ្នំពេញក្រោន បេក្ខភាពប្រជែងជើងឯកលីគកំពូលជា និងជាក្រុមការពារតំណែងជើងឯកលីគរដូវកាលមុន ត្រូវស្វាគមន៍ ព្រៃវែង នៅកីឡដ្ឋាន Smart RSN។
 
គិតត្រឹមសប្ដាហ៍ទី២៥ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន មាន៦៥ពិន្ទុ និងចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន មាន៥៨ពិន្ទុ។ រីឯវិសាខា ឈរចំណាត់ថ្នាក់លេខ៣ មាន៣៨ពិន្ទុ តាមពីក្រោយដោយ បឹងកេត លេខ៤ មាន៣៧ពិន្ទុ។ អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៥ មាន៣៤ពិន្ទុ និង កងយោធពលខេមរភូមិន្ទ ឈរលេខ៦ មាន៣៣ពិន្ទុ។
 
ដោយឡែកណាហ្គាវើលដ៍ នៅចំណាត់ថ្នាក់លេខ៧ មាន២៧ពិន្ទុ តាមពីក្រោយដោយ ព្រៃវែង ចំណាត់ថ្នាក់លេខ៨ មាន២៣ពិន្ទុ។ រីឯ គិរីវង់សុខសែនជ័យ ឡើងមកចំណាត់ថ្នាក់លេខ៩ មាន២០ពិន្ទុ ហើយ អង្គរថាយហ្គឺរ ធ្លាក់មកចំណាត់ថ្នាក់១០ មាន១៨ពិន្ទុ៕

Tag:
 Cambodian Premier League
  CPL
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com