កីឡាជាតិ
ជាតិ
AFF ប្រកាសបើក Champions League តំបន់អាស៊ីអាគ្នេយ៍ ឈ្មោះ Shopee Cup
05, Apr 2024 , 9:29 am        
រូបភាព
លោក ខៀវ សាម៉េត ប្រធាន AFF នៅខាងស្ដាំដៃ រូបពី AFF
លោក ខៀវ សាម៉េត ប្រធាន AFF នៅខាងស្ដាំដៃ រូបពី AFF
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃទី៤ ខែមេសា បានប្រកាសជាផ្លូវការនូវការប្រកួតពានរង្វាន់ Shopee Cup លើកដំបូង។ Shopee Cup ដែលមានលក្ខណៈស្រដៀងនឹង AFC Champions League ឬ UEFA Champions League ដែរនោះ នឹងមាន១៤ក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចូលរួម។ ក្រុមជើងឯកលីគ នៃប្រទេសនីមួយៗ នៅអាស៊ីអាគ្នេយ៍មួយចំនួន ទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់នេះដោយស្វ័យប្រវត្តិ និងមួយចំនួនទៀតត្រូវប្រកួតជម្រុះ។

 
យោងទៅលើការផ្សាយរបស់ AFF លោក ខៀវ សាម៉េត ប្រធាន AFF បាននិយាយថា នេះ ជាកាទន្ទឹងរង់ចាំរបស់ AFF ក្នុងការអភិវឌ្ឍបាល់ទាត់ក្នុងតំបន់អាស៊ាន ឲ្យមានកម្រិតប្រកួតប្រជែងកាន់តែខ្លាំង។ «យើង ទន្ទឹងរង់ចាំ ពួកគេ និងដៃគូពាណិជ្ជកម្ម SPORTFIVE ដើម្បីផ្តល់នូវព្រឹត្តិការណ៍លំដាប់ពិភពលោក និងបង្កើនមូលដ្ឋានអ្នកគាំទ្រអាស៊ានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ការប្រកួតដ៏សំខាន់នេះនឹងជំរុញក្តីប្រាថ្នាសម្រាប់ក្លិបឈានមុខគេក្នុងតំបន់ឱ្យក្លាយជាម្ចាស់ជើងឯកអាស៊ាន និងធ្វើឱ្យបានជោគជ័យនៅអាស៊ី។ »។ ប្រធាន AFF បាននិយាយដូច្នេះ។
 
Shopee Cup គឺជាពានរង្វាន់ប្រកួតប្រជែងក្លិបក្នុងតំបន់អាស៊ានថ្មីមួយទៀត ក្រៅពីពានរង្វាន់ AFC Champion League, AFC Cup, និង AFC President Cup។
 
ការប្រកួត នឹងប្រើទម្រង់លេងដូចជាលីគ ជាមួយនិងវគ្គជម្រុះសម្រាប់ក្រុមក្នុងប្រទេសមួយចំនួនក្នុងតំបន់។ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានពីកៅអីសម្រាប់ចូលរួម។

នោះមានន័យ ជើងឯកលីគ និងជើងឯករង ទទួលបានកៅអីចូលប្រកួត។ ហ្វីលីពីន និងសិង្ហបុរី ទទួលបាន១កៅអី។ ជើងឯកលីគកំពូល ព្រុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជម្រុះ ដណ្តើមកៅអី។
 
Shopee Cup មាន១៤ក្រុមចូលរួម និង៤០ប្រកួត ហើយនឹងចាប់ផ្តើមប្រកួត ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ក្រុមចំនួន ១៤នោះ នឹងចែកជា២ពូល ហើយការប្រកួតគិតក្រៅដី និងក្នុងដី (Home and Away)។ ចំពោះព័ត៌មានលម្អិត AFF នឹងផ្ដល់ដំណឹងជូនក្នុងការចាប់ឆ្នោតប្រកួតជាផ្លូវការ នៅដើមសប្ដាហ៍ ខែឧសភា ឆ្នាំ២០២៤៕
 

Tag:
 AFF
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com