កីឡាជាតិ
ជាតិ
កីឡាអេឡិចត្រូនិក ប្រែវាសនា ​CHMA ឱ្យល្បីល្បាញនៅកម្ពុជា
06, Apr 2024 , 7:59 am        
រូបភាព
កីឡាករ សូ ម៉ារ៉ា ដែលមានឈ្មោះក្នុងការប្រកួត (CHMA) បច្ចុប្បប្នជាតារាល្បីល្បាញមួយរូបក្នុងវិស័យកីឡាអេឡិចត្រូនិក Mobile Legends Bang Bang (MLBB) ក្នុងចំណោមកីឡាករល្បីដទៃផ្សេងទៀត ប្រចាំប្រទេសកម្ពុជា។ បន្ទាប់ពីបង្ហាញសមត្ថភាពការប្រកួតប្រជែងនៅក្នុងលីគអាជីព MPL របស់កម្ពុជា ២ឆ្នាំ កីឡាករវ័យ ១៩ឆ្នាំ ទទួលបានការងារថតពាណិជកម្ម និងការចុះកិច្ចព្រមព្រៀងការងារជាមួយនឹងក្រុមហ៊ុនម៉ាកទូរសព្ទ, ប្រព័ន្ធទូរគមនាគមន៍ និង គ្រឿងសំអាងនានា ដើម្បីជាការស្វែងរកប្រាក់ចំណូលបន្ថែម។



CHMA បច្ចុប្បន្នជាកីឡារបស់ក្រុម Flash KH អតីត Burn X Flash និងជាកីឡាករដែលធ្លាប់ឈ្នះពានលីគកីឡាអេឡិចត្រូនិកអាជីព MPL KH ២លើកផងដែរ។ 
 
ជាមួយរូបរាងសង្ហា មើលទៅហាក់បីដូចទៅនឹងតារាចម្រៀងក្នុងប្រទេសកូរ៉េខាងត្បូង (K-pop) ទាំងការតុបតែងខ្លួន ក៏ស្រដៀងគ្នានេះ សូ ម៉ារ៉ា មានអ្នកគាំទ្រជាច្រើនគោរពស្រលាញ់ ខណៈរូបគេផ្ទាល់ក៏ធ្លាប់បានអះអាងថាក៏នឹងក្លាយជាតារាចម្រៀងមួយរូបផងដែរ។
 
ភាពល្បីល្បាញកើតចេញពីការបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងកម្រិតអាជីព​នៃកីឡាអេឡិចត្រូនិក MLBB Esports និងពីការខិតខំប្រឹងប្រែងជម្នះលើវាសនាខ្លួនផងនោះ CHMA ថាខ្លួនសឹងតែមិនជឿនូវសមិទ្ធផលដែលខ្លួនសម្រេចបានមកដល់ពេលនេះ។ 
 
នៅក្នុងកិច្ចសម្ភាសជាមួយនឹងក្រុមអ្នកកាសែត ជាតិ និងអន្តរជាតិ រួមទាំងសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៧ ខែមីនា កន្លងមក កីឡាករ សូ ម៉ារ៉ា បានលើកឡើងថា៖« ពេលខ្លះ ខ្ញុំបានគិតពីខ្លួនឯងផ្ទាល់ ថាតើកត្តាអ្វីដែលអាចធ្វើឱ្យខ្ញុំទទួលបាននូវរឿងទាំងនេះ? វាសឹងតែមិនគួរឱ្យជឿបាន ខ្ញុំមិនដឹងទេថា​កត្តាអ្វីដែលធ្វើឱ្យមានអ្នកគាំទ្រ ខ្ញុំមិនដឹងឡើយ ហើយវាពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល​។»។
 
CHMA បានអះអាងថា ភាពល្បីល្បាញផ្ទុះឡើងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីគេបានក្លាយជាម្ចាស់ពាន MPL KH ជាមួយនឹងក្រុម Burn X Flash អំឡុងការប្រកួតរដូវកាលទី៣ ក្នុងឆ្នាំ ២០២២។
 
ដំណើរនៅក្នុងវិស័យកីឡាអេឡិចត្រូនិក
មុនពេលប្រលូកនៅក្នុងវិស័យកីឡាអេឡិចត្រូនិក កីឡាករ សូ ម៉ារ៉ា ជាកូនប្រុសមួយស្ថិតក្នុងក្រុមគ្រួសារអ្នកចំកាមួយរស់នៅអាស្រ័យផលទៅលើការដាំដំណាំកៅស៊ូ និងចំការដំឡូង ដែលរបរនេះហាក់បីស្រដៀងទៅនឹងប្រជាពលរដ្ឋជាអ្នករស់នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។
 
CHMA ជាយុវជនម្នាក់សិក្សាថ្នាក់វិទ្យាល័យ តែងចូលចិត្តលើការលេងហ្គេម នៅលើទូរស័ព្ទអេឡិចត្រូនិកទំនើប នាពេលទំនេរពីការសិក្សា ដ្បិតខ្លួនមិនមានការងារអ្វីច្រើនត្រូវធ្វើនៅក្រុមគ្រួសារ ក្រៅពីការរៀនសូត្រ ក្រេបជញ្ជក់យកចំណេះវិជ្ជា។ 
 
ឪពុក ម្តាយរបស់ CHMA ជាអ្នកចំការតែងមានការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាម ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់លើគ្រួសារ ហើយទន្ទឹមជាមួយនឹងមហិច្ឆតាខ្ពស់សម្រាប់គិតគូដល់អនាគតរបស់កូនប្រុសពួកគាត់។ ឪពុកម្តាយរបស់ CHMA ក៏ធ្លាប់បានខឹងសម្បារលើរូបគេ នៅពេលដែលគេសម្រេចឈានជើងចូលក្នុងការប្រកួតកីឡាអេឡិចត្រូនិក ហើយព្យួរការសិក្សាមួយរយៈពេល។
 
«មុនពេលខ្ញុំចូលរួម Esports ជីវិតខ្ញុំហាក់ធម្មតា ខ្ញុំគ្រាន់តែទៅរៀន និងលេងហ្គេមពេលទំនេរ ខ្ញុំត្រឹមជាក្មេងម្នាក់ចូលចិត្តលេងហ្គេម។ ពេលនៅខេត្ត ជីវិតខ្ញុំខុសប្លែកខ្លាំងពីជីវិតទីក្រុង យើងគ្មានរបស់ទំនើបប្រើឡើយ យើងត្រឹមតែផ្តោតលើការសិក្សាប៉ុណ្ណោះ។[…]​ ពេលខ្ញុំចូលរួម Esports គ្រួសាររបស់ខ្ញុំគាត់មិនសប្បាយចិត្តឡើយ ព្រោះខ្ញុំត្រូវព្យួរការសិក្សា ព្រោះត្រូវហ្វឹកហាត់ជាមួយនឹងក្រុមដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ផ្សេងៗ។»។ CHMA កីឡាករក្រុម ​Flash KH បាននិយាយបែបនេះ។
 
ទោះយ៉ាងណា CHMA បានបញ្ជាក់ថាឪពុកម្តាយ បានប្រែចិត្តគាំទ្ររូបគេឡើងវិញ ក្រោយពេលរូបគេទទួលបានជោគជ័យពីការឈ្នះពានរង្វាន់ផ្សេងៗ ប៉ុន្តែពួកគាត់នៅតែជំរុញឱ្យ CHMA វិលត្រឡប់ទៅការសិក្សាឡើងវិញ។ ទទួលបានជោគជ័យក្នុងការប្រកួតប្រជែង នឹងអាចរកបានប្រាក់ចំណូលជាប្រចាំ CHMA ក៏បានបន្ថែមថា រូបគេតែងបែងចែកប្រាក់មួយចំណែក ជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ជាពិសេសប្អូនស្រី ដែលកំពុងបន្តការសិក្សា ដោយការទិញជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម។
 
បង្ហាញខ្លួនលេងនៅក្នុងពានរង្វាន់ MPL KH តាំងពីរដូវកាលទីមួយ មកដល់ពេលនេះ CHMA បានឈ្នះពានរង្វាន់លីគកំពូលកីឡាអេឡិចត្រូនិកចំនួន ២ លើកជាមួយនឹងក្រុម Flash KH អតីត Burn X Flash ហើយកីឡាករវ័យ ១៩ឆ្នាំ ក៏ធ្លាប់បានបង្ហាញខ្លួនលេងនៅក្នុងការប្រកួតអន្តរជាតិដូចជា ពានរង្វាន់ MSC 2023 ពានរង្វាន់ M4 World Championship និងពានរង្វាន់ដទៃជាច្រើនផ្សេងទៀត។
 
កីឡាអេឡិចត្រូនិកផ្លាស់ប្តូរជីវិតរបស់ CHMA
ដំបូងឡើយការប្រកួតកីឡាអេឡិចត្រូនិក នៅតាមពានរង្វាន់នានា ក្នុងប្រទេសកម្ពុជាមានតម្លៃប្រាក់រង្វាន់មិនសូវខ្ពស់ប៉ុន្មានឡើយ ខុសពីពេលបច្ចុប្បន្នការប្រកួតពានរង្វាន់កីឡាអេឡិចត្រូនិកដូចជាលីគអាជីព MPL KH ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ ១៦,០០០ដុល្លារ, លេខ ២ ទទួល ៨,០០០ដុល្លារ និងក្រុមលេខ ៣ ទទួលបាន ៥,០០០ដុល្លារ។ ការប្រកួតពានរង្វាន់អន្តរជាតិ តួយ៉ាងដូចជា Mid Season Cup (MSC) 2024 មានប្រាក់រង្វាន់ ៣លានដុល្លារ ខណៈការប្រកួតពានរង្វាន់ M6 World Championship មានតម្លៃ ជិត ១លានដុល្លារ។
 
កីឡាករកីឡាអេឡិចត្រូនិក បច្ចុប្បន្នរបស់កម្ពុជា នៅតាមក្រុមអាជីពល្បីៗមួយចំនួន ក៏ទទួលបានប្រាក់ចំណូលសមរម្យ សម្រាប់ប្រើប្រាស់ប្រចាំជីវិត នឹងការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនថែមទៀត ខ្លះអាចឈានដល់ការកែប្រែជីវិតរស់នៅប្រចាំថ្ងៃល្អប្រសើរ។
 
សម្រាប់ CHMA កីឡាអេឡិចត្រូនិក បានបានផ្លាស់ប្តូរជីវិតគេយ៉ាងឆាប់រហ័ស៖«កីឡាអេឡិចត្រូនិក បានផ្លាស់ប្តូរជីវិតខ្ញុំ ដោយខ្ញុំអាចស្វែងរកប្រាក់ចំណូល។ ពីមុនខ្ញុំអាស្រ័យទៅលើប្រាក់ពីអាណាព្យាបាល ប៉ុន្តែពេលនេះ ខ្ញុំអាចរកប្រាក់បានដោយខ្លួនឯង ខ្ញុំពិតជាមានមោទកភាពចំពោះរឿងនេះ។»។
 
កីឡាករ សូ ម៉ារ៉ា បានអះអាងថាខ្លួនបានទិញទូរស័ព្ទម៉ាក iPhone 15 Pro Max ដែលមានតម្លៃជាង ១,២០០ដុល្លារ នាពេលបច្ចុប្បន្ន ដែលជាវត្ថុដែលមានតម្លៃថ្លៃបំផុតរូបគេបានទិញដោយប្រើប្រាស់ថវិការបស់គេផ្ទាល់។ CHMA ក៏មានបំណងសន្សំសំច្ចៃប្រាក់សម្រាប់ទិញផ្ទះ ទិញរថយន្តសម្រាប់រស់នៅជាមួយនឹងក្រុមគ្រួសារផងដែរ។
 
ប្រាក់ពិតជាសំខាន់ ប៉ុន្តែរឿងដែលសំខាន់ខ្លាំងជាងនេះនោះគឺ​ការផ្តោតអារម្មណ៍ទៅលើការប្រកួត ខណៈបច្ចុប្បន្នរូបគេកំពុងតែប្រជែងក្នុងពានរង្វាន់ MPL KH រដូវកាលទី៦។ «លុយពិតជាសំខាន់ ប៉ុន្តែខ្ញុំមិនផ្តោតលើវាពេកឡើយ ព្រោះខ្ញុំចង់បន្តនៅលេងក្នុងការប្រកួតប្រជែង និងចង់ឈ្នះពានរង្វាន់ ព្រមទាំងសមិទ្ធិផលបន្ថែមផ្សេងទៀត។»។ កីឡាករវ័យ ១៩ឆ្នាំ បានលើកឡើងដូច្នេះ។
 
ដំណើរក្តីស្រម៉ៃពេលអនាគត

នៅពេលត្រូវបានអ្នកកាសែតចោទសួរពីគោលដៅសម្រាប់អនាគត CHMA បាននិយាយថាពីតូចមកខ្លួនចង់ក្លាយជា«តារាចម្រៀង»។
 
CHMA បង្ហើបថាគេតែងមានក្តីស្រម៉ៃចង់ក្លាយជាអ្នកចម្រៀង បន្ថែមពីនេះក្នុងក្តីស្រម៉ៃមួយទៀតនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថល រូបគេក៏ចង់ក្លាយជាអ្នកបង្កើតមាតិការ និងជាយូធូបបឺ (YouTuber) មួយរូប។ អ្នកបង្កើតមាតិការ និង YouTuber អាចរកប្រាក់ចំណូលច្រើនពីប្រព័ន្ធបណ្តាញសង្គមទាំងអស់នេះ ដើម្បីជីវិតរស់នៅមួយដ៏សមរម្យ។
 
ត្រង់ចំណុចនេះ CHMA និយាយបកស្រាយដូច្នេះ៖«ពេលខ្ញុំនៅពីតូច ខ្ញុំចង់ក្លាយជាអ្នកបង្កើតមាតិការ និង YouTuber មួយរូបផងដែរ។ ព្រោះថាខ្ញុំចូលចិត្តមើលបណ្តាញសង្គម YouTube។»។
 
ដោយឡែកពីបញ្ហាអនាគតបន្តទៀតនៅលើវិស័យកីឡាអេឡិចត្រូនិកនេះ កីឡាករ សូ ម៉ារ៉ា បានពន្យល់ថាខ្លួនមិនខ្លាចឡើយចំពោះការបាត់បង់សមត្ថភាព ឬក៏ភាពល្បីល្បាញ ព្រោះជាធម្មតាសមត្ថភាពមានពេលខ្លាំង និងខ្សោយ ហើយភាពល្បីល្បាញ ក៏មានពេលមិនល្បីល្បាញផងដែរនៅពេលខាងមុខ ដែលខ្លួនមើលឃើញ។ «គ្មានភាពល្បីល្បាញណានឹងបន្តរហូតឡើយ។»។

នេះជាការបញ្ជាក់របស់ CHMA ​មុនពេលបន្ថែមថា គេក៏នឹងស្វែងរកអ្វីដែលថ្មីបន្ថែមទៀត និងត្រៀមខ្លួនរៀបចំរឿងរ៉ាវអនាគតដែលត្រូវជួបប្រទះឱ្យបានរួចសម្រេច ក្រោយពីបញ្ចប់ដំណើរនៅក្នុងកីឡាអេឡិចត្រូនិក៕

Tag:
 CHMA
  សូ ម៉ារ៉ា
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com