កីឡាអន្តរជាតិ
អន្តរជាតិ
បុរសអង់គ្លេស Russ Cook ជាអត្តពលិកដំបូងគេ រត់កាត់ទ្វីបអាហ្រ្វិកបានសម្រេច
08, Apr 2024 , 2:39 pm        
រូបភាព
លោក Russ Cook បុរសសញ្ជាតិអង់គ្លេស ជាអត្តពលិករត់ចម្ងាយឆ្លងកាត់ឧបសគ្គលំបាកខ្លាំងបំផុត អាចរត់បានសម្រេចគោលដៅកាត់ទ្វីបអាហ្រ្វិក ទៅដល់គោលដៅចុងក្រោយនៅប្រទេសទុយណេស៊ី នាថ្ងៃទី៧ ខែមេសា ដោយឆ្លងកាត់ប្រទេសចំនួន ១៦ និងប្រើពេល ៣៥២ថ្ងៃ។ ទម្រាំតែអាចរត់បានសម្រេចគោលដៅលោក Cook ក៏បានប្រឈមមុខនឹងការស្ទាក់ប្លន់ដោយអាវុធ និងការពុលអាហារជាដើម។



ចាប់ផ្តើមការរត់លើកដំបូងកាលពីខែមេសា ឆ្នាំ ២០២៣ នៅចំណុចភាគខាងត្បូងបំផុតនៃទ្វីបអាហ្រ្វិក ដែលជាប្រទេសអាហ្វ្រិកខាងត្បូង ក្នុងភូមិមួយមានឈ្មោះថា L’Agulhas។ លោក Cook បានរត់ទៅកាន់ទិសខាងលិចនៃទ្វីបអាហ្វ្រិក ដោយការរត់នេះមានចម្ងាយប្រមាណ ១៦,០០០គីឡូម៉ែត្រ។
 
បុរសវ័យ ២៧ឆ្នាំ បានរត់កាត់ប្រទេស ណាមីប៊ី, អង់ហ្គោឡា, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, សាធារណរដ្ឋកុងហ្គោ, កាម៉េរូន​, នីហ្សេរីយ៉ា, បេណាំង, តូហ្គោ, ហ្គាណា, កូតឌឺវ័រ, ហ្គីណេ, សេណេហ្កាល់, ម៉ូរីតានី, អាល់ហ្សេរី មុនពេលរត់មកទីក្រុង Ras Angela ប្រទេសទុយណេស៊ី នាវេលាល្ងាចថ្ងៃទី៧ ខែមេសា។
 
ជាអត្តពលិកពូកែស៊ូទ្រាំ លោក Cook ដែលបានដាក់រហស្សនាមខ្លួនឯងថា បុរសដែលលំបាកបំផុត «Hardest Geezer» ក៏បានរៃអង្គាសប្រាក់បានជាង ៥ម៉ឺនផោន(៦០ម៉ឺនដុល្លារ) ចំពោះការរត់ដើម្បីសប្បុរសធម៌ដ៏វែងឆ្ងាយ។ ពាក្យ«Geezer» ក្នុងភាសាអង់គ្លេស មានន័យថាជាមនុស្សប្រុស ជាបុគ្គលដែលមានភេទប្រុស ឬក៏ជាមនុស្សចាស់ម្នាក់។
  


«មនុស្សដំបូងគេដែលអាចរត់កាត់ទ្វីបអាហ្រ្វិកបាន បេសកកម្មសម្រេចជោគជ័យ។ នេះបើតាមការបង្ហោះរបស់លោក Russ Cook នៅលើបណ្តាញសង្គម X អតីត Twitter។
 
អំឡុងការរត់ចុងក្រោយរបស់បុរសវ័យ ២៧ឆ្នាំ រូបគេត្រូវបានមនុស្សក្នុងប្រទេសទុយណេស៊ី ជាច្រើនអមការរត់ ដើម្បីសម្រេចគោលដៅ និងជាការអបអរចំពោះការសម្រេចសមិទ្ធិផលដែលមិនងាយនឹងមានមនុស្សអាចធ្វើបាន។



បើតាមសម្តីរបស់លោក Simon Klima ​ដែលជាប្រធានគ្រប់គ្រងប្រព័ន្ធកម្មវិធីសប្បុរសធម៌ Givestar បានប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះថា៖«គោលដៅដ៏ធំបំផុតនោះគឺជាការចង់យកឈ្នះលើខ្លួនឯង និងធ្វើរឿងរ៉ាវដែលអស្ចារ្យបំផុត ដែលជាអ្វីដែល«Hardest Geezer» តែងតែធ្វើ។ […] រហូតដល់ពេលនេះយើងរៃអង្គាសបានជិត ៦០ម៉ឺនផោន (៧៥ម៉ឺនដុល្លារ) សម្រាប់អង្គការសប្បុរសធម៌ Sandblast និងអង្គការសប្បុរសធម៍រត់។ ហើយយើងសង្ឃឹមថាលោក Russ នឹងធ្វើឱ្យវាកើតឡើងដល់ ១លានផោន។»។
 
ក្នុងពេលរត់នោះទៀតសោត​ បុរសសញ្ជាតិអង់គ្លេស​បានពាក់អាវក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដើម្បីបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន ហើយនៅពេលរត់មកដល់ទី រូបគេត្រូវបានមនុស្សជាច្រើនស្រែកអបអរដោយប្រើពាក្យថា«​Geezer Geezer»៕

Tag:
 Russ Cook
© រក្សាសិទ្ធិដោយ thmeythmey.com