កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ៖ អូឡាំពិក ផ្តល់ប្រាក់រង្វាន់អ្នកឈ្នះមេដាយមាសលើកដំបូង រយៈពេល១២៨ឆ្នាំ
11, Apr 2024 , 11:59 am        
រូបភាព
កីឡាអត្តពលកម្មនឹងក្លាយជាកីឡាដំបូងគេដែលនឹងទទួលបានប្រាក់រង្វាន់នៅព្រឹត្តិការណ៍អូឡាំពិក សម្រាប់អ្នកឈ្នះមេដាយមាសនៅប៉ារីស ឆ្នាំ២០២៤។ ម្ចាស់មេដាយមាសទាំង ៤៨វិញ្ញាសា ក្នុងប្រភេទកីឡាអត្តពលកម្ម នឹងទទួលបានប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ។ នេះបើតាមការប្រកាសរបស់ ស្ថាប័នអត្តពលិកពិភពលោក (WA) នៅថ្ងៃទី១០ ខែមេសា ដែលនេះនឹងក្លាយជាទីបញ្ចប់នៃវប្បធម៍ការប្រកួតអូឡាំពិកដោយស្ម័គ្រចិត្តរយៈពេល ១២៨ឆ្នាំ។

 
គំនិតនៃការប្រកួតស្ម័គ្រចិត្តទាំងស្រុងហាក់ត្រូវបានរសាត់ជាយូណាស់មកហើយនៅក្នុងវិស័យកីឡាអូឡាំពិកសម័យទំនើប ដោយរាល់អត្តពលិកតែងទទួលបានការឧបត្ថម្ភនិងការចំណាយផ្សេងៗ ពីខាងអ្នកឧបត្ថម្ភ ដើម្បីចូលរួមការប្រកួតកម្រិតអាជីពរៀងរាល់៤ឆ្នាំរួចមកហើយ។ ការសម្រេចចិត្តរបស់ស្ថាប័នអត្តពលិកពិភពលោក (WA) នឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយក្នុងកីឡាអូឡាំពិក។
 
បើតាមសម្តីរបស់ Sebastian Coe ប្រធាន WA ស្ថាប័នរបស់លោកមិនបានជជែកគ្នាជាមួយនឹងគណៈកម្មាធិការអូឡាំពិក (IOC) ឡើយ ដោយមានត្រឹមតែស្ថាប័ន WA ប៉ុណ្ណោ ដោយប្រកាសផ្តល់ប្រាក់រង្វាន់សរុបសម្រាប់ម្ចាស់មេដាយមាស ២,៤លានដុល្លារ។
 
ដំណឺងស្តីពីការផ្តល់ប្រាក់រង្វាន់នេះ ធ្វើឱ្យកីឡាករម្ចាស់មេដាយមាសអូឡាំពិក វិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ Karsten Warholm អបអរសាទរយ៉ាងខ្លាំង។ Karsten បាននិយាយដូច្នេះ៖« ខ្ញុំគិតថាវាជារឿងល្អ ខ្ញុំចង់គោរពដល់ពួកគេសម្រាប់រឿងនេះ។ តែយ៉ាងណាវានឹងមិនផ្លាស់ប្តូរការតាំងចិត្តរបស់ខ្ញុំសម្រាប់ឈ្នះឡើយ ព្រោះតែសម្រាប់អូឡាំពិក ខ្ញុំមិនមែនធ្វើដើម្បីប្រាក់នោះទេ។ មេដាយមាសពិតជាមានតម្លៃថ្លៃជាងនេះទៅទៀតសម្រាប់ខ្ញុំផ្ទាល់។»។
 
ក្រោយការប្រកាសពី WA ស្ថាប័ន IOC ក៏បានបញ្ជាក់ថារឿងនេះគឺអាស្រ័យលើសហព័ន្ធអន្តរជាតិនីមួយៗ (IF) និងគណៈកម្មាធិការជាតិអូឡាំពិក (NOC) ដើម្បីកំណត់ពីរបៀបដើម្បីបម្រើអត្តពលិករបស់ពួកគេឱ្យបានល្អបំផុត និងការអភិវឌ្ឍន៍កីឡារបស់ពួកគេ។
 
IOC ចែកចាយឡើងវិញ ៩០ភាគរយនៃប្រាក់ចំណូកទាំងអស់របស់ខ្លួន ជាពិសេសទៅកាន់ NOC និង IF។ នេះមានន័យថាជារៀងរាល់ថ្ងៃ ទឹកប្រាក់ស្មើនឹង ៤,២លានដុល្លារ ទៅជួយអត្តពលិក និងអង្គកាកីឡាគ្រប់កម្រិតជុំវិញពិភពលោក។
 
កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រាក់សរុបប្រមាណ ៥៤០លានដុល្លារ ត្រូវបានបែងចែកទៅកាន់ប្រភេទកីឡាចំនួន ២៨ប្រភេទ ដោយអត្តពលិកពិភពលោកទាំងអស់ទទួលបានប្រាក់ច្រើនជាង ៤០លានដុល្លារ។ 
 
ទោះជាយ៉ាងណាដំណាក់កាលនៃការផ្តល់ប្រាក់រង្វាន់នេះ មិនមែនផ្តល់សម្រាប់កីឡាទាំងអស់នោះឡើយ ដោយដំណាក់កាលដំបូងនេះ គឺសម្រាប់តែកីឡាអត្តពលកម្មតែប៉ុណ្ណោះ។ ស្ថាប័ន ​WA ក៏បានអះអាងថែមថាតម្លៃប្រាក់រង្វាន់សម្រាប់មេដាយប្រាក់ និងសំរិទ្ធិ នៅក្នុងប្រភេទកីឡាអត្តពលកម្ម នឹងទទួលបានប្រាក់រង្វាន់ដូចគ្នា ប៉ុន្តែចាប់ពីការប្រកួតអូឡាំពិក ២០២៨ ទីក្រុង Los Angeles៕

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com