អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនស្នើអាមេរិកកុំឱ្យស្ទាក់ស្ទើរលើខ្លួនឯង
13, Apr 2024 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសភាអាមេរិករួម កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសភាអាមេរិករួម កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤។
ដោយ: VOA
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើឱ្យសហរដ្ឋអាមេរិកយកឈ្នះលើ «ភាពមិនជឿទុកចិត្តលើខ្លួនឯង» នៅពេលលោកថ្លែងសរសើរអំពីភាពជាអ្នកដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិកនៅក្នុងសភាអាមេរិក កាលពីថ្ងៃទី១១ មេសា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។


 
ដោយព្រមានអំពីហានិភ័យនៃឥទ្ធិពលកើនឡើងរបស់ចិន លោក Kishida បាននិយាយថា ប្រទេសជប៉ុន ដែលត្រូវបានដកសិទ្ធិយោធានៅក្រោយសម័យសង្គ្រាមលោកលើកទីពីរ បានតាំងចិត្តថានឹងធ្វើកិច្ចការបន្ថែមទៀតដើម្បីចែករំលែកការទទួលខុសត្រូវជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
 
លោក Kishida បានថ្លែងប្រាប់សម័យប្រជុំរួមរបស់សភាអាមេរិកទាំងពីរថ្នាក់ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «ខណៈយើងជួបប្រជុំគ្នានៅថ្ងៃនេះ ខ្ញុំឃើញមានភាពមិនជឿទុកចិត្តលើខ្លួនឯងក្នុងចំណោមពលរដ្ឋអាមេរិកាំងមួយចំនួនអំពីតួនាទីរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក»។
 
លោក Kishida បាននិយាយជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញថា៖ «របៀបរៀបរយអន្តរជាតិ ដែលសហរដ្ឋអាមេរិកបានធ្វើការអស់ជាច្រើនជំនាន់ដើម្បីស្ថាបនាឡើងកំពុងជួបនឹងការប្រឈមថ្មីៗជាច្រើន ដែលនោះគឺការប្រឈមពីប្រទេសដែលមានគុណតម្លៃនិងគោលការណ៍ខុសពីយើងខ្លាំង»។
 
លោក Kishida បាននិយាយថា លោកយល់អំពី «ភាពហត់នឿយក្នុងការធ្វើជាប្រទេសដែលប្រកាន់ខ្ជាប់នូវរបៀបរៀបរយអន្តរជាតិស្ទើរតែម្នាក់ឯង»។ ប៉ុន្តែ លោកបានបន្ថែមថា៖ «ភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកគឺមិនអាចខ្វះបាននោះឡើយ»។
 
លោកបានលើកជាសំណួរថា៖ «បើគ្មានការគាំទ្រពីសហរដ្ឋអាមេរិកទេ តើអ៊ុយក្រែនអាចស៊ូនឹងការវាយប្រហាររបស់រុស្ស៊ីបានយូរប៉ុណ្ណា? បើគ្មានវត្តមានរបស់សហរដ្ឋអាមេរិកទេ តើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអាចប្រឈមនឹងតថភាពដែលកាន់តែធ្ងន់ធ្ងរបានយូរប៉ុណ្ណា?»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com