អន្តរជាតិ
ប្រមុខការទូតអាម៉េរិក នឹងលើកការគាំទ្រឧស្សាហកម្មយោធារុស្ស៊ីពេលទស្សនកិច្ចនៅចិន
17, Apr 2024 , 5:00 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller នៅថ្ងៃទី១៦ ខែមេសាបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ក្នុងដំណើរទស្សនកិច្ចនា ពេលខាងមុខទៅចិនត្រូវបានរំពឹងនឹងលើកឡើងពីការព្រួយបារម្ភរបស់អាម៉េរិកដែលទីក្រុងប៉េកាំងកំពុងជួយរុស្ស៊ីកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។



ជាច្រើនសាមកហើយ អាម៉េរិកបានព្រមានចិនកុំឱ្យជួយដល់សកម្ម្មភាពសង្គ្រាមរបស់ទីក្រុង មូស្កូចាប់តាំងពីការឈ្លានពានពេញលេញលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ ដែលបាន កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរុស្ស៊ី និងចិនប្រកាសពីភាពជាដៃគូគ្មានដែនកំណត់។

«អ្វីដែលយើងបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះគឺថាមានសម្ភារៈផ្លាស់ប្តូរពីចិនទៅកាន់រុស្ស៊ី ដែលរុស្ស៊ីបានប្រើប្រាស់ក្នុងការកសាងមូលដ្ឋានឧស្សាហកម្មនោះឡើងវិញ និងផលិតអាវុធដែលកំពុងមានវត្តមាននៅសមរភូមិក្នុងអ៊ុយក្រែន»។ លោក Miller ថ្លែងក្នុង សន្និសីទសារព័ត៌មានមួយបែបនេះ ហើយបន្ថែមថាលោកប្លីងខិនរំពឹងនឹងលើកឡើងពីបញ្ហា មួយនេះជាមួយភាគីចិន។

មន្ត្រីអាម៉េរិកកាលពីសប្ដាហ៍មុនបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីសម្ភារៈដែលចិនកំពុងផ្គត់ផ្គង់ឱ្យរុស្ស៊ីដែលរួមមាន យន្តហោះដ្រូននិងបច្ចេកវិទ្យាមីស៊ីល រូបភាពផ្កាយរណប និងឧបករណ៍ម៉ាស៊ីនផ្សេងៗ។ យ៉ាងណាមិញ អ្នកនាំពាក្យស្ថានទូតចិនបានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា ចិនមិនមែនជាភាគីនៃវិបត្តិអ៊ុយក្រែនទេ ហើយពាណិជ្ជកម្មធម្មតារវាង ចិន និងរុស្ស៊ីមិនគួរត្រូវបានជ្រៀតជ្រែក ឬដាក់កម្រិតនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ធ្លាប់លើកឡើងពីបញ្ហាខាងលើជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនភីងម្ដងដែរនៅក្នុងការជជែកតាមទូរស័ព្ទកាលពីដើមខែនេះ។ លោកប្លីងខិនក៏បានលើកឡើងពីបញ្ហាជាមួយរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធយោធាណាតូនៅទីក្រុងព្រុចសែលកាលពីដើមខែមេសាដូចគ្នា ហើយនឹងពិភាក្សានៅពេលលោកជួបជាមួយ សមភាគីមកពីក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅអ៊ីតាលីក្នុងសប្តាហ៍នេះ៕


Tag:
 អាម៉េរិក
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com