ជាតិ
ទេសចរ៤៤នាក់ប៉ុណ្ណោះ បានឡើងភ្នំឱរ៉ាល់ ក្នុងថ្ងៃសម្រាកចំនួន៤ថ្ងៃចូលឆ្នាំខ្មែរ
17, Apr 2024 , 6:20 pm        
រូបភាព
កំពង់ស្ពឺ៖ រយៈពេល៤ថ្ងៃ នៃថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ប្រជាជនកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ដោយឡែកភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរចំនួន៤៤នាក់ប៉ុណ្ណោះ ក្នុងរយៈពេល៤ថ្ងៃកន្លងទៅ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២៤។



លោក ឈឺន ឆីម ប្រធានសហគមន៍ភ្នំឱរ៉ាល់ បានបញ្ជាក់ថា ទេសចរទៅកម្សាន្តនៅភ្នំឱរ៉ាល់ចំនួន៤៤នាក់ គឺថយចុះជាងឆ្នាំមុន ដោយសារតែតំបន់ភ្នំឱរ៉ាល់ បានបង្កើតទឹកធ្លាក់ថ្មី ហើយទេសចរភាគច្រើននិយមមកម្សាន្តនៅជើងភ្នំឪរ៉ាល់ប៉ុណ្ណោះ។ ភ្ញៀវទេសចរធ្លាក់ចុះ ចំណូលរបស់ពលរដ្ឋក្នុងសហគមន៍ក៏ធ្លាក់ចុះដែរ។

ជាមួយគ្នានេះ តំបន់ទេសចរណ៍ភ្នំឪរ៉ាល់ គឺពឹងផ្អែកលើកំណើនទេសចរ ដើម្បីធ្វើឱ្យសហគមន៍ភ្នំឪរ៉ាល់មានការអភិវឌ្ឍន៍ជាងមុន និងជួយពលរដ្ឋក្នុងសហគមន៍មានប្រាក់ចំណូលបន្ថែមបាន។ ភ្នំឱរ៉ាល់ សម្បូរទៅដោយធនធានធម្មជាតិ ដែលមានទេសភាពស្អាត មានខ្នងភ្នំតូចធំជាច្រើន ដើមឈើធំៗ ទឹកធ្លាក់ រួមទាំងសត្វព្រៃកម្រៗជាច្រើនប្រភេទ។ ទេសចរ អាចគយគន់ទេសភាពដ៏ស្រស់ស្អាតជាច្រើនកន្លែង ទស្សនាទឹកធ្លាក់ បោះតង់សម្រាក ជាពិសេសទទួលបានបទពិសោធន៍ថ្មីពីការឡើងភ្នំ។

ប្រធានសហគមន៍ភ្នំឱរ៉ាល់រូបនេះ បានលើកឡើងថា៖ «យើងបានសង្ឃឹមថានឹងទទួលបានទេសចរច្រើនឡើងវិញ មកកម្សាន្តនៅកំពូលភ្នំឱរ៉ាល់ នារដូវវស្សា ដោយសារតែរដូវវស្សាសម្រស់ភ្នំឱរ៉ាល់ហាកបីស្រស់ស្អាតខ្លាំងជាទីទស្សនា ដែលទេសចរអាចរំសាយអារម្មណ៍បានយ៉ាងល្អ»។

សូមជម្រាបថា ទេសចរដែលចង់ទៅឡើងភ្នំឱរ៉ាល់ គួរទៅចាប់ខែមករា ដល់ខែមីនា ព្រោះអាកាសធាតុមិនសូវត្រជាក់ខ្លាំងនៅលើកំពូលភ្នំ។ ប៉ុន្តែសម្រាប់វិច្ឆិកាវិញ  អាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែសហគមន៍ភ្នំឱរ៉ាល់បានរៀបចំកន្លែងស្នាក់នៅ និងត្រៀមតង់ជាច្រើន ដើម្បីទទួលទេសចរមកកម្សាន្តផងដែរ៕


Tag:
 ទេសចរណ៍
  ភ្នំឪរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com