អន្តរជាតិ
លោកស្រីស៊ូ​ជី ត្រូវបាន​ផ្ទេរទៅឃុំខ្លួន​ក្នុង​ផ្ទះ​ ព្រោះអាកាសធាតុក្ដៅខ្លាំង
18, Apr 2024 , 10:21 am        
រូបភាព
អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានយោធាមីយ៉ាន់ម៉ា ផ្លាស់ប្តូរពីការឃុំខ្លួននៅពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះក្នុងក្រុងណៃពិដោ ក្រោមហេតុផលអាកាសធាតុក្តៅខ្លាំង។ យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ា មិនបានបង្ហាញពីទីតាំងផ្ទះ ដែលត្រូវឃុំខ្លួនលោកស្រីស៊ូជីនោះទេ។

 
«ចាប់តាំងពីអាកាសធាតុក្តៅខ្លាំង មិនត្រឹមតែសម្រាប់លោកស្រី អ៊ុង​សាន ស៊ូ​ជីប៉ុណ្ណោះទេ...(ប៉ុន្តែ) សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ ជាពិសេសអ្នកទោសវ័យចំណាស់ ពួកយើងកំពុងធ្វើការដើម្បីការពារពួកគេពីជំងឺឡើងកម្ដៅខ្លួនខ្លាំង»។ អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ លោក Zaw Min Tun បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ នៅថ្ងៃទី១៦ ខែមេសា។ យ៉ាងណាមិញ ទីតាំងដែលលោកស្រីត្រូវបានប្តូរទៅមិនទាន់ត្រូវបានបញ្ជាក់ថានៅទីណាច្បាស់នោះឡើយ។
 
ទោះយល់ថាជារឿងល្អ ប៉ុន្តែរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានជំរុញជាថ្មីឱ្យមានការដោះលែងលោកស្រីស៊ូជីពីពន្ធនាគារ។ កន្លងមក លោកស្រីស៊ូជី ធ្លាប់ស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ១៥ឆ្នាំ នៅនិវេសនដ្ឋាន Inya Lake ក្នុងក្រុងយ៉ាំងហ្គោន។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលបង្រួបបង្រួម លោក Kyaw Zaw បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា​ ការផ្លាស់ ពីពន្ធនាគារទៅផ្ទះគឺជាការល្អ ព្រោះផ្ទះប្រសើរជាងពន្ធនាគារ។​ យ៉ាងណាក៏ដោយ ពួកគេត្រូវតែដោះលែងដោយគ្មានលក្ខខណ្ឌ ហើយរបបយោធាត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះសុខភាព និងសន្តិសុខរបស់លោកស្រីស៊ូជី និងលោក Win Myint។ 
 
លោកស្រីស៊ូជី វ័យ ៧៨ ឆ្នាំត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១។ លោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការ រំលោភច្បាប់ទូរគមនាគមន៍ ដែលការចោទប្រកាន់ទាំងនេះត្រូវបានលោកស្រីបដិសេដ។
 
កាល​ពី​ខែ​កុម្ភៈ កូន​ប្រុស​របស់​លោកស្រីស៊ូជី លោក Kim Aris អះអាងថា លោកស្រី ត្រូវ​បាន​គេ​ឃុំ​ក្នុងបន្ទប់ពន្ធនាគារមួយតែឯង ហើយ​លោកស្រីមានស្មារតី​ល្អ បើ​ទោះ​បី​ជា​សុខភាពមិន​ល្អ​ដូច​កាល​ពី​មុន​ក៏​ដោយ។
 
គួរបញ្ជាក់ថា មេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តង ហើយម្តងទៀតឱ្យមានការដោះលែងលោកស្រីស៊ូជី។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលស្រមោល បានអំពាវនាវឱ្យមានការដោះលែងមេដឹកនាំរូបនេះ និងអតីតប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអំណាច លោក Win Myint៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com