កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ាតុងក្រុងឡុងដ៍! អ្នករៀបចំជឿជាក់ថា មានស្ត្រីចូលរួម ច្រើនជាងអូឡាំពិកប៉ារីស
19, Apr 2024 , 8:29 am        
រូបភាព
លោក Hugh Brasher នាយកព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ បានទស្សន៍ទាយថានឹងមានស្ត្រីដែលជាអត្តពលិកល្បីៗលើពិភពលោកចូលរួមប្រកួតប្រជែង ច្រើនជាងការរត់ម៉ារ៉ាតុងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នាយកកម្មវិធី រូបនេះក៏បង្ហាញការជឿជាក់ថាកំណត់ត្រាពិភពលោកតែមួយគត់របស់ស្ត្រីនឹងកើតឡើងនៅក្នុងឡុងដ៏ នាថ្ងៃទី២១ ខែមេសា។



សម្រាប់កម្មវិធីរត់ម៉ារ៉ាតុងទីក្រុងឡុងដ៏ នឹងមានវត្តមានកីឡាការិនីរត់បានលឿនជាងគេលើលោក ​Tigh Assefa ដែលស្ថិតនៅក្នុងបញ្ជីកីឡាការិនី ៧ នាក់លើពិភពលោករត់ក្រោមថេរវេលា ២ម៉ោង ១៧នាទី ៣០វិនាទី។ កីឡាការិនីអេត្យូពី Assefa ក៏ស្ថិតក្នុងចំណោមអ្នករត់បានលឿនបំផុត ៤នាក់លើពិភពលោកផងដែរ។
 
«ម៉ារ៉ាតុងក្រុងឡុងដ៏ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានស្ត្រីចូលរួមច្រើន។ ដូច្នេះខ្ញុំមិនដឹងថានរណានឹងឈ្នះនោះទេ តែខ្ញុំគិតថាវានឹងក្លាយជាព្រឹត្តិការណ៍ប្រកួតប្រជែងដ៏មិនគួរឱ្យជឿ។ នេះនឹងក្លាយជាការរត់ម៉ារ៉ាតុងដ៏លំបាកបំផុតដើម្បីឈ្នះ ជាងការរត់ម៉ារ៉ាតុងអូឡាំពិកក្នុងទីក្រុងប៉ារីស ខ្ញុំពិតជាប្រាកដច្បាស់ណាស់ចំពោះរឿងនេះ។»។ នេះបើតាមសម្តីរបស់លោក Brasher បាននិយាយប្រាប់អ្នកកាសែត។
 
កីឡាការិនី Assefa អំឡុងការរត់នៅម៉ារ៉ាតុងទីក្រុងប៊ែកឡាំង កាលពីខែសីហា ឆ្នាំ ២០២៣ នាងធ្វើបានថេរវេលា ២ម៉ោង ១១នាទី ៥៣វិនាទី ដោយសម្រេចបានកំណត់ត្រាពិភពលោកសម្រាប់ផ្នែកស្ត្រី ក្នុងការរត់ប្រណាំងដែលមានអត្តពលិកជាបុរសលាយឡំ។ កីឡាការិនី Assefa ដដែលក៏សម្លឹងមើលការបំបែកកំណត់ត្រារបស់កីឡាការិនី Mary Keitany ជាម្ចាស់កំណត់ត្រាថេរវេលា ២ម៉ោង ១៧នាទី ១វិនាទី ក្នុងការរត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ វិញ្ញាសាស្ត្រីសុទ្ធ កាលឆ្នាំ ២០១៧ ដែលមិនទាន់មាននរណាអាចបំបែកបាននៅឡើយ។
  


សម្រាប់ផ្នែកបុរស ម្ចាស់ជើងឯករត់ម៉ារ៉ាតុងទីក្រុងញូវយ៉ក់ Tamirat Tola រួមជាមួយនឹងអត្តពលិករត់ម៉ារ៉ាតុងល្បីៗរួមមាន Alexander Mutiso Munyao, Dawit Wolde និង Kinde Atanaw សុទ្ធសឹងតែត្រៀមបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍រត់បុរស ខណៈតំណែងជើងឯកកំពុងស្វែងរកម្ចាស់ថ្មី ក្រោយអវត្តមានរបស់ម្ចាស់កំណត់ត្រាពិភពលោក Kelvin Kiptum និងជាជើងឯកកាលពីឆ្នាំមុន។ Kelvin Kiptum បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១២ ខែកុម្ភៈ ត្រឹមអាយុ ២៤ឆ្នាំ។
 
លោក Brasher បានបញ្ជាក់ពីជំនឿចិត្តដ៏មុតមាំថា យ៉ាងហោច ៩៩ភាគរយ ដែលការរត់ប្រណាំងម៉ារ៉ាតុងលើកទី៤៤ នៃទីក្រុងឡុងដ៍នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាន ដោយអ្នករត់ដល់ទីត្រូវបានរំពឹងទុកថានឹងអាចមានច្រើនជាង ៥ម៉ឺននាក់។
 
រត់ម៉ារ៉ាតុងទីក្រុងឡុង ក៏នឹងបង្កើតប្រវត្តិសាស្ត្រលើកដំបូងដូចគ្នាជាការរត់ម៉ារ៉ាតុងដែលនឹងផ្តល់រង្វាន់ស្មើៗគ្នា ដល់អត្តពលិកកាយសម្បទាធម្មតា និងអ្នកប្រណាំងរទេះរុញ (ជនពិការ) ដែលនឹងទទួលរង្វាន់សរុបប្រមាណជាង ៣០៨,០០០ដុល្លារ ដូចគ្នា។ អ្នកឈ្នះចំនួន ៤នាក់ នៅតាមវិញ្ញាសាររត់ប្រណាំងកម្រិតខ្ពស់ (Elite Races) នឹងទទួលបានប្រាក់ប្រមាណ ៥៥,០០០ក្នុងម្នាក់។
 
ការរត់នោះទៀតសោត នឹងមានវត្តមានលោក Russ Cock វ័យ ២៧ឆ្នាំ ចូលរួមរត់ប្រណាំង ក្រោយរយៈពេល ២សប្តាហ៍ ដែលលោកបានក្លាយជាមនុស្សដំបូងគេលើពិភពលោកដែលអាចរត់កាត់ទ្វីបអាហ្រ្វិកបានសម្រេច។ ចំណែកកីឡាការិនីរត់ឆ្លងកាត់ឧបសគ្គ Jasmin Paris ដែលទើបក្លាយជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចរត់សម្រេចចម្ងាយ ១៦០គីឡូម៉ែត្រ (១០០ម៉ាយ) ក្នុងកម្មវិធីរត់ឆ្លងឧបសគ្គ Barkley ម៉ារ៉ាតុង ក៏នឹងចូលរួមរត់ក្នុងវិញ្ញាសាកម្រិតខ្ពស់ស្ត្រីផងដែរ៕

Tag:
 រត់ម៉ារ៉ាតុង
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com