អន្តរជាតិ
នយោបាយអន្តរជាតិ
អុីស្រាអែលបារម្ភICC អាចចេញដីកាចាប់នាយករដ្ឋមន្ត្រីខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប៊ែនចាមីន ណេតានយ៉ាហ៊ូ ។ រូបភាព ៖ AFP
× រដ្ឋាភិបាលអុីស្រាអែលបានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី១៦ ខែមេសា ដើម្បីពិភាក្សាអំពីផែនការឆ្លើយតប ស្របពេលមានការព្រួយបារម្ភថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតានយ៉ាហ៊ូ និងថ្នាក់ដឹកនាំយោធា ពាក់ព័ន្ធនឹងប្រតិបត្តិការយោធានៅតំបន់កាហ្សា។
ខុទ្ទកាល័យអុីស្រាអែល និងទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលមួយចំនួនបានបើកកិច្ចប្រជុំបន្ទាន់មួយ ស្របពេលមានការព្រួយបារម្ភថា តុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងចេញដីកាចាប់ខ្លួនលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ និងអ្នកនយោបាយ រួមទាំងថ្នាក់ដឹកនាំយោធាចំនួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel 12 នៅថ្ងៃទី១៨ ខែមេសា។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា បន្ទាប់ពីទីក្រុង ថែល អាវីវ បានទទួលសេចក្តីព្រមានពាក់ព័ន្ធ ដីកាចាប់ខ្លួនលើប្រតិបត្តិការយោធានៅតំបន់កាហ្សា ដែលអាចចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងពេលឆាប់ៗ។
ក្នុងកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីបីរូបបានចូលរួមនៅទីក្រុងហ្ស៊េរុយសាឡិមក្នុងនោះរួមមានរដ្ឋមន្ត្រីការបរទេសលោក Israel Katz រដ្ឋមន្ត្រីយុត្តិធម៌លោក Yariv Lenin និងរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រលោក Ron Dermer។
បើតាមរដ្ឋាភិបាលអុីស្រាអែល ICC បានពឹងផ្អែកលើវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា និងការចោទប្រកាន់ជាបន្តបន្ទាប់ពីប្រទេសជាច្រើនថា អុីស្រាអែលបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាទីក្រុងហ្សឺណែវស្តីពីការប្រព្រឹត្តជាមួយជនស៊ីវិល និងអ្នកទោសសង្រ្គាមដែលជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តចាប់ខ្លួន។
ប្រមុខការទូត លោក Israel Katz បានបញ្ជាក់ នៅថ្ងៃទី១៨ ខែមេសា ថា គណៈរដ្ឋមន្ត្រីបានពិភាក្សាអំពីលទ្ធភាពរបស់ ICC ដែលផ្តោតលើមេដឹកនាំនៃកងកម្លាំងការពារអុីស្រាអែល ។ មន្ត្រីអុីស្រាអែលបានយល់ស្របគ្នានឹងចូលរួមពិភាក្សាជាមួយ ICC និងអ្នកនយោបាយដែលមានឥទ្ធិពលផ្នែកការទូត ដើម្បីរារាំងតុលាការពីការប្រកាសដីកាចាប់ខ្លួន។
គួរបញ្ជាក់ថា អុីស្រាអែលមិនមែនជាសមាជិកនៃតុលាការ ICC ហើយមិនទទួលស្គាល់យុត្តាធិការរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ដែរ។
ក្នុងឆ្នាំ ២០១៩ តុលាការ ICC បានប្រកាសពីការស៊ើបអង្កេតលើការចោទប្រកាន់ថា អុីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រតិបត្តិការឆ្នាំ២០១៤ ប្រឆាំងនឹងក្រុមហាម៉ាស់ជុំវិញកម្មវិធីតាំងទីលំនៅនៅតំបន់ West Bank និង Jerusalem ក៏ដូចជាប្រតិបត្តិការបង្ក្រាបបាតុករប៉ាឡេស្ទីននៅតាមព្រំដែនតំបន់ហ្កាហ្សា។ តុលាការ ICC បានចាប់ផ្តើមការស៊ើបអង្កេតនៅឆ្នាំ២០២១ ទោះបីជាមានការរិះគន់ពីទីក្រុង ថែល អាវីវ ដោយមិនទាន់ឈានដល់ការសន្និដ្ឋាននៅឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com