កីឡាជាតិ
ជាតិ
លោក អ៊ួ តារា បដិសេធចំពោះការរិះគន់ថា គ្រូគុនល្បុក្កតោ យកថ្លៃបង្វឹកតាមសាលាខ្ពស់
19, Apr 2024 , 3:50 pm        
រូបភាព
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានច្រានចោលចំពោះការចោទគ្រូបង្វឹកគុនល្បុក្កតោ យកតម្លៃខ្លួនខ្ពស់ក្នុងការបង្ហាត់តាមគ្រឹះស្ថានអប់រំ។ គ្រូបង្វឹកភាគច្រើនរកចំណូល បានចន្លោះពី១០០ដុល្លា ទៅ២៥០ដុល្លាប៉ុណ្ណោះ ក្នុង១ខែ ជាមួយឆន្ទៈ និងស្មារតីថែរក្សាក្បាច់គុនបុរាណខ្មែរ។ អគ្គលេខាធិការរូបនេះយល់ថា បញ្ហាតម្លៃបង្ហាត់ថ្លៃ ទំនងកើតឡើង ក្នុងករណីដែលគ្រឹះស្ថានអប់រំមួយចំនួន មិនបានចរចាជាមួយសហព័ន្ធ ឬស្ថាប័នជំនាញ ក្នុងការយកគ្រូបង្វឹក ប៉ុន្ដែបែជាទាក់ទងជាមួយបុគ្គល​ ណាមួយទៅវិញ។



ការបញ្ច្រៀប និងផ្សព្វផ្សាយគុនល្បុក្កតោ ទៅក្នុងគ្រឹះស្ថានអប់រំគឺជាយុទ្ធសាស្ដ្រមួយរបស់សហព័ន្ធ។ លោក អ៊ូ តារា ចាត់ទុកថា នេះបានបង្ហាញពីការរីកចម្រើននៃវិស័យកីឡាអត្ដញ្ញាណជាតិ។

អគ្គលេខាធិការរូបនេះ បានប្រាប់ពីមុខព្រួញ៣យ៉ាង ដែលសហព័ន្ធកំពុងអនុវត្ត ក្នុងការផ្សព្វផ្សាយគុនល្បុក្កតោ។ មុខព្រួញទាំងនោះមាន៖ សហការជាមួយវិទ្យាស្ថានអប់រំកាយ និងកីឡា ដើម្បីបង្វឹកសិក្ខាកាមនៅទីនោះពីក្បាច់គុនល្បុក្កតោកម្រិតបឋម, លើកទឹកចិត្តឲ្យសិស្សគុនល្បុក្កតោ បង្កើតជាសាលា ឬក្លិប ដើម្បីបង្វឹកដល់អ្នកនៅក្នុងតំបន់ និងបណ្ដុះបណ្ដាលគ្រូនៅតាមកងកម្លាំង ដើម្បីបង្វឹកដល់ក្មេងៗនៅតាមសហគមរបស់ពួកគេ។
 
«យើង មានសកម្មភាពច្រើនមុខព្រួញក្នុងការបញ្ច្រៀប។ យើង បានសហការជាមួយវិទ្យាស្ថានអប់រំកាយ និងកីឡា។ យើង ឲ្យគ្រូគុនរបស់យើង ទៅបង្ហាត់គ្រូនៅទីនោះ ពីក្បាច់គុនល្បុក្កតោកម្រិតបឋម។ មួយទៀតតាមលក្ខខណ្ឌស្ម័គ្រចិត្ត សាលាមួយចំនួន មិនច្រើនទេ មានគ្រូគុនល្បុក្កតោ។ ពួកគាត់បានបើកជាសាលា ជាក្រុម នៅក្នុងវិទ្យាល័យ ឬសាលាក្នុងតំបន់របស់ពួកគាត់។ យើង បានឃើញហើយថាសង្ក្រាន្ដ ចូលឆ្នាំនេះ នៅតាមសាលាមួយចំនួន គឺមានគ្រូៗស្ម័គ្រចិត្តទៅធ្វើសកម្មភាពបង្ហាញពីគុនល្បុក្កតោនៅទីនោះ។ យើងបានបណ្ដុះបណ្ដាលគ្រូនៅតាមក្របខ័ណ្ឌកងកម្លាំង។ ពួកគាត់ចេះ ហើយបានបង្ហាត់ក្មេងៗនៅតាមសាលារដ្ឋ និងសាលាឯកជនក្នុងមូលដ្ឋានរបស់គាត់។»។ អគ្គលេខាធិការរូបនេះ បាននិយាយដូច្នេះ។
 
អគ្គលេខាធិការរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា តម្លៃគ្រូគុនល្បុក្កតោមិនថ្លៃទេ ប៉ុន្ដែអ្នកទាំងនោះនៅតែបន្ដបង្វឹកសិស្ស ព្រោះតែមានឆន្ទៈ និងស្មារតីថែរក្សាគុនបុរាណខ្មែរមួយនេះ។ លោក តារា បញ្ជាក់ថាភាគច្រើនគ្រូគុន ដែលបានចេញពីសហព័ន្ធរកចំណូល បានចន្លោះពី១០០-២៥០ដុល្លាប៉ុណ្ណោះក្នុង១ខែ។ មន្ដ្រីសហព័ន្ធរូបនេះ ចាត់ទុកជាចំណូលតិចតួចបំផុត ហើយសាលារដ្ឋ និងឯកជនសុទ្ធតែអាចជួលគ្រូទាំងអស់នោះបាន។ 
 
ករណីក្នុងការទារតម្លៃខ្លួនថ្លៃនេះ លោក អ៊ួ តារា យល់ថាអាចកើតមាន នៅពេលដែលគ្រឹះស្ថានអប់រំទាំងនោះ មិនបានទាក់ទងមកស្ថាប័នជំនាញដើម្បីរកគ្រូបង្វឹក ហើយបែជាចរចារកគ្រូឯកជនផ្សេងដោយខ្លួនឯង។
 
«ទាក់ទងទៅនិងតម្លៃគ្រូ នៅតាមសាលារដ្ឋ និងឯកជននោះ គឺអត់មានដូចអ្វីដែលគេលើកឡើងនោះទេ។ សហព័ន្ធ ទទួលបន្ទុកជាស្ថាប័នជំនាញបច្ចេកទេស។ សម្រាប់សាលាឯកជនជាទូទៅ គ្រូដែលចេញពីសហព័ន្ធទៅ គឺមិនមានច្រើនទេ។ ការចូលរួមនេះ គឺជាការចូលរួមដោយឆន្ទៈ បូករួមផ្សំ។ តាមសាលាឯកជនតូចៗខ្លះ គាត់អត់គិតម៉ោងទេ គឺគិតជាថ្ងៃ។ ដូចជា២ថ្ងៃក្នុង១សប្ដាហ៍ ហើយមួយខែផ្ដល់ជូន ១លានរៀល។ ហើយបើយើងគិតមើលទៅវាតិចមែនទែន មិនដល់ថ្នាក់សាលាអត់មានលទ្ធភាពទេ។ ទិន្ន័យ ដែលថាគ្រូថ្លៃពេកនេះ មិនដឹងថាទិន្ន័យហ្នឹងបានមកពីណាទេ ព្រោះទិន្ន័យ ក្នុងសហព័ន្ធគឺតិចមែនទែន។ យើងអាចនិយាយបានថា ប្រសិនជាគ្រូគ្មានឆន្ទៈជួយទេ គឺប្រហែលជាមិនអាចទៅរួចទេ។»។ អគ្គលេខាធិការសហព័ន្ធរូបនេះ បាននិយាយបែបនេះ៕ 

Tag:
 អ៊ួ តារា
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com