RFI
អន្តរជាតិ
មូលនិធិរូបិយវត្ថុ​អន្តរជាតិ និងធនាគារពិភពលោក ប្រជុំរកដំណោះស្រាយ​បញ្ហាបំណុល និងអាកាសធាតុ
20, Apr 2024 , 8:20 pm        
រូបភាព
ដោយ៖ម៉ម ពិសី/ RFI ខេមរភាសា
 
មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ត្រូវចាប់ផ្តើមរដូវកាលប្រជុំរួមគ្នា ​កាលពីថ្ងៃអង្គារ​ទី​១៦មេសា ឆ្នាំ២០២៤។ កម្មវត្ថុពីរ និងដ៏សំខាន់​បំផុតសម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិទាំង​២នេះ គឺការស្វែងរកមធ្យោបាយ​​ ជួយដោះស្រាយ​បំណុលនៃបណ្តាប្រទេស​ដែលក្រីក្របំផុត និងបង្កើនកញ្ចប់ថវិកា​ដើម្បីជួយប្រទេសក្រី​ក្រ ឲ្យ​ប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ​។

 
កិច្ចប្រជុំរដូវផ្ការីក​លើកនេះ រវាង​មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នឹងមិនត្រូវបាន​រំខាន​ដោយ​បញ្ហា​ផ្សេងឡើយ ព្រោះ​ថា​លោកស្រី​ Kristalina Georgieva ត្រូវបានគេសម្រេចតែងតាំង ​ជា​អគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ មួយ​អាណត្តិ​ទៀត។ កិច្ចប្រជុំលើកនេះ ក៏ជួនចំឱកាស​ខួប​៨០ឆ្នាំ​នៃស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិដ៏ធំនេះ ដែរ​។ មានសំណុំរឿងដ៏ធំ២​ ដែលពិភពលោក​នាពេលបច្ចុប្បន្ន​ត្រូវរួមគ្នា​ដោះស្រាយ ទាក់ទិននឹងបញ្ហាហិរញ្ញវត្ថុ​ គឺការជួយផ្នែកហិរញ្ញវត្ថុដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ ព្រមទាំងបញ្ហា​បំណុលវ័នក របស់ប្រទេសក្រីក្រ។
 
កាលពីចុងសប្តាហ៍​កន្លងទៅ លោក Ajay Banga នាយកធនាគារពិភពលោក​បាន​លើកឡើងថា ពិភពលោក​រាល់ថ្ងៃត្រូវការ​ជាចាំបាច់និង​ដោយ​ឆាប់បំផុត នូវ​ការធ្វើ​ឲ្យ​ប្រសើរឡើងនូវ​គុណភាពខ្យល់ដកដង្ហើមដែលស្អាតបរិសុទ្ធ ​ទឹកស្អាតសម្រាប់បរិភោគ ព្រមទាំង​ចរន្តថាមពលអគ្គីសនី​។ លោក​បានបន្តថា យើងមិនអាចកាត់បន្ថយ​ភាពក្រីក្របានទេ ប្រសិនបើយើងគ្មាន​ទស្សនវិស័យរួម ដើម្បី​ធ្វើ​ឲ្យ​ពិភពលោកនេះ​លែងមាន​ភាពក្រីក្រ ហើយ​ធ្វើ​ផែនដីនេះ ក្លាយ​ជាទីដែល​មនុស្សអាចបន្ត​រស់រានបាន​។
 
គួរបញ្ជាក់ថា នៅក្នុង​ផែនជួយប្រទេសក្រីក្រ ដើម្បី​ចាត់វិធានការ​​ប្រយុទ្ធប្រឆាំងនឹង​បម្រែបម្រួលអាកាសធាតុ និង​ធ្វើអន្តរកម្មថាមល គឺគេត្រូវការប្រាក់រាប់សិបម៉ឺនលានដុល្លា​។ តែយ៉ាងណា ទាំងខាងមូលនិធិរូបិយវត្ថុអន្តរជាតិ និងទាំងខាង​ធនាគារពិភពលោក គឺ​មិនអាចរកប្រាក់គ្រប់គ្រាន់បានទេ។
 
យ៉ាងណាមិញ បុគ្គលល្បីៗនិងអតីតអ្នកនយោបាយ​ជាង១០០នាក់ បានរួមគ្នាធ្វើលិខិតចំហមួយ​ ដោយ​បានអំពាវនាវឲ្យ​ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20 ត្រូវតែធ្វើ​កំណែទម្រង់ស៊ីជម្រៅនៅតាម​ស្ថាប័នពាក់ព័ន្ធ​​ ដើម្បីធ្វើយ៉ាងណា​បង្កើនការ​វិនិយោគ​ក្នុងវិស័យ​អាកាសធាតុ ឲ្យ​បាន​១ជា៣​។
 
យ៉ាងណាក៏ដោយ លោកស្រី Rachel Kyte សាស្ត្រាចារ្យ​ជំនាញ​នយោបាយ​បរិស្ថាននៅសកលវិទ្យាល័យ​Oxford បាន​លើកឡើងថា បញ្ហាវិនិយោគ គឺវាមិនមែន​រំពឹងទាំងស្រុងតែទៅលើ​ថវិកានោះទេ។ អ្វីដែលចាំបាច់បន្ថែមទៀតនោះ គឺ​ការសហការឲ្យរឹងមាំ រវាង​មូលនិធិរូបិយវត្ថុអន្តរជាតិ ជាមួយធានាគារពិភពលោក និងធានាគារអភិវឌ្ឍណ៍​នៅក្នុង​តំបន់ តាមប្រទេសនីមួយៗ។ ការសហការ ដែលត្រូវធ្វើតាមរយៈ ការ​សម្របនីតិវិធីនិងដំណើរការ​នានា ឲ្យ​ដើរទន្ទឹមគ្នា​។
 
សូមបញ្ជាក់ដែរថា ក្រៅពីបញ្ហា​ថវិកាវិនិយោគ​ក្នុង​វិស័យ​អាកាសធាតុ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ទាំង​២ ត្រូវជជែកគ្នារកដំណោះស្រាយ​ជួយប្រទេសក្រីក្រ ដែល​គ្មានលទ្ធភាពសងការប្រាក់​។

ប្រភពពីមន្ត្រីជំនាញ​ម្នាក់ បានប្រាប់AFPថា​ បញ្ហាចោទ​គឺដោយ​សារតែ​ស្ថាប័នហិរញ្ញវត្ថុ​ម្ចាស់បំណុលចិន មានច្រើន​គ្នា ហើយ​គ្មានការ​យល់ស្របគ្នានិង​គ្មានទស្សនវិស័យ​រួម​ឡើយ។
 
គួររំលឹកថា ដោយសារតែត្រូវទប់​ស្កាត់​បញ្ហាអតិផរណា ធនាគារកណ្តាល​ធំៗ ដូចជាធនាគារកណ្តាល​អាមេរិក (Fed) និងធនាគារ​កណ្តាលអឺរ៉ុប បាន​ដំឡើងអត្រាការប្រាក់គោល ធ្វើបានធ្វើ​ឲ្យ​តម្លៃបំណុល​កាន់តែកើនឡើងសម្រាប់ប្រទេស​ដែល​ខ្ចីប្រាក់​គេ​។ ប្រទេសក្រីក្រខ្លះ ត្រូវចំណាយ​ដល់ទៅ​ ១ភាគ​៣នៃចំណូលដុល​ក្នុងស្រុក ដើម្បីសងការប្រាក់​។ អង្គការមួយចំនួន ជាក់ស្តែង អង្គការ Dept for Climate បាន​លើកឡើងថា ដំណោះស្រាយ​ដ៏ល្អ គឺត្រូវតែលុបចោលបំណុលតែម្តង សម្រាប់ប្រទេសក្រីក្រខ្លាំងមួយចំនួន ដើម្បី​ឲ្យ​ប្រទេសទាំងនោះ មានលទ្ធភាព​អាចមានប្រាក់​ ដោះស្រាយវិបត្តិ​​អាកាសធាតុដែលគំរាមអាយុជីវិតប្រជាជន ទាំងដែលប្រទេសពួកគេ មិនមែនជាអ្នក​បង្ក​បញ្ហានេះឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com