ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្ម ព្រមានអ្នកដែលអនុវត្តមិនសុចរិតលើការជំរុញ​ការលក់ផលិតផល និងសេវា
22, Apr 2024 , 4:07 pm        
រូបភាព
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
ដោយ: រួបរួម
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានចេញប្រកាសមួយស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជ និងការជំរុញលក់ផលិតផលទំនិញ និងសេវា។



ប្រកាសដែលចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមេសា មានវិសាលភាពអនុវត្តចំពោះបុគ្គលដែលធ្វើធុរកិច្ចផ្គត់ផ្គង់ និងផ្សព្វផ្សាយផលិតផលទំនិញ និងសេវា តាមរយៈការសន្យា ការផ្សព្វផ្សាយ ឬការអះអាង ដែលមិនពិតឬបំភាន់ តាមគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ រួមទាំងមធ្យោបាយឌីជីថលនៅកម្ពុជា។

ការលក់បញ្ចុះថ្លៃ ការលក់បញ្ចុះថ្លៃពិសេស ការលក់លាងឃ្លាំង ការផ្តល់រង្វាន់ ឬវត្ថុអនុស្សាវរីយ៍ ការតាំងពិព័រណ៌ ការចាប់ឆ្នោតផ្សងសំណាង ការឧបត្ថម្ភកម្មវិធី ការលក់ផលិតផលទំនិញ និងសេវា ដោយភ្ជាប់ទំនិញ ឬសេវាដែលមិនមានតម្រូវការ គឺជាយុទ្ធសាស្ត្រនៃការជំរុញការលក់ ប៉ុន្តែបុគ្គលធ្វើធុរកិច្ចមួយចំនួន អនុវត្តមិនសុចរិតនោះឡើយ។

ក្នុងប្រកាសដដែល លោកស្រី ចម និម្មល តម្រូវឱ្យបុគ្គលធ្វើធុរកិច្ច ផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធឱ្យបានទាន់ពេលវេលាតាមតម្រូវការរបស់មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ក្នុងនោះមានដូចជា ផែនការផ្តល់រង្វាន់ អត្តសញ្ញាណអ្នកឈ្នះរង្វាន់ ប្រភេទរង្វាន់ ចំនួនរង្វាន់ លក្ខខណ្ឌ សុពលភាពនៃការផ្តល់រង្វាន់ និងទីតាំងផ្តល់រង្វាន់ ជាដើម។

ការមិនផ្តល់រង្វាន់ ឬផ្តល់រង្វាន់មិនគ្រប់ចំនួនតាមផែនការ ការផ្តល់ឯកសារក្លែងបន្លំ មិនពិត ភូតកុហកអំពីអត្តសញ្ញាណអ្នកឈ្នះរង្វាន់, ការផ្តល់ព័ត៌មាន ឬកំណត់កាលបរិច្ចេទមិនច្បាស់លាស់អំពីការលក់បញ្ចុះថ្លៃ លក់លាងឃ្លាំង ឬបញ្ចុះថ្លៃពិសេស ត្រូវបានចាត់ទុកជាការអនុវត្តមិនសុចរិត។

«រាល់ការចាប់ឆ្នោតផ្សងសំណាង ដើម្បីផ្តល់រង្វាន់ជូនដល់អ្នកប្រើប្រាស់ដោយបុគ្គលធ្វើធុរកិច្ច ត្រូវ ប្រព្រឹត្តទៅតាមកាលបរិច្ឆេទដែលបានកំណត់ រៀបចំជាសាធារណៈ មានតម្លាភាព សមភាព យុត្តិធម៌ ចំពោះអ្នកប្រើប្រាស់ ធានាការផ្តល់រង្វាន់ពិតប្រាកដដល់អ្នកប្រើប្រាស់»។ នេះជាការកំណត់ក្នុងប្រកាស។

ជាមួយគ្នានេះ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ហាមឃាត់ចំពោះការផ្សព្វផ្សាយលក់ផលិតផល តាមរយៈការជំរុញឱ្យអនីតិជននិយាយ ឬបញ្ចេញកាយវិការផ្ទុយពីទំនៀមទម្លាប់ប្រពៃណី និងសីលធម៌ ជះឥទ្ធិពលអវិជ្ជមានដល់សុខភាព សុវត្ថិភាព ឬការអភិវឌ្ឍធម្មជាតិរបស់អនីតិជន។

ពាក្យ ឬឃ្លា ដែលត្រូវហាមឃាត់ផងដែរសម្រាប់ការបរិយាយពាណិជ្ជកម្មមានដូចជា ល្អបំផុត តែម្នាក់ លេខមួយ លើសគេ គ្មានគូប្រៀប ឬអត្ថន័យស្រដៀងគ្នា ដោយគ្មានឯកសារត្រឹមត្រូវដែលបានបញ្ជាក់ដោយក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

គាស់ឈ្នះៗ កោសឈ្នះៗ ទិញឈ្នះៗ បើកឈ្នះៗ កាន់តែគាស់កាន់តែឈ្នះ គាស់ច្រើន ឈ្នះច្រើន កាន់តែកោសកាន់តែឈ្នះ ទិញ១ ថែម១ ទិញថែមៗ សម្តី សំណេរ ឬរូបភាពនានា ដែលមានលក្ខណៈភូតកុហក បំភាន់ ឬពង្វាងការពិត អាសអាភាស ស្រើបស្រាល ពាក្យអសុរោះ ការជួល ឬបញ្ជាបុគ្គលណាម្នាក់ឱ្យធ្វើការផ្សព្វផ្សាយភូតកុហកថា ខ្លួនបានទទួលរង្វាន់ ឬផលប្រយោជន៍ ផ្សេងទៀត ការប្រៀបធៀបផលិតផលទំនិញក្នុងចេតនាបង្អាប់ សុទ្ធតែជាចំណុចដែលត្រូវហាមឃាត់។

អ្នកប្រព្រឹត្តខុសត្រូវទទួលពិន័យអន្តរការណ៍តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ តាមមាត្រា៤៤ ការអនុវត្តមិនសុចរិត ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៥០លានរៀលចំពោះបុគ្គលណាដែលប្រព្រឹត្តការផ្សាយពាណិជ្ជកម្មជានុយ ការទាមទារ ឬការទទួលយកការទូទាត់ដោយគ្មានចេតនាផ្គត់ផ្គង់ទំនិញ ឬសេវាតាមការបញ្ជាទិញ ការអះអាងដែលមិនពិត ឬដែលបំភាន់អំពើសកម្មភាពធុរកិច្ចមួយចំនួន ការបង្ខិតបង្ខំដោយកម្លាំង និងការគំនិតតាមផ្លូវចិត្ត។


ចំពោះមាត្រា៤៥ អំពើលក់បែបពីរ៉ាមីដ ឬការលក់ទំនិញដែលមានភ្ជាប់សេចក្តីបរិយាយពាណិជ្ជកម្មមិនពិត ត្រូវពិន័យជាអន្តរការណ៍ជាប្រាក់ មិនលើសពី៨០លានរៀល៕



© រក្សាសិទ្ធិដោយ thmeythmey.com