ជាតិ
សេដ្ឋកិច្ច
«នាគក្រហម»មានរូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia ហោះហើរក្នុងស្រុក ពីខែឧសភា ទៅ
23, Apr 2024 , 11:19 am        
រូបភាព
យន្តហោះគ្រឿងទី១របស់​ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រៀមការហោះហើរផ្លូវការ នៅថ្ងៃទី១ឧសភា ឆ្នាំ២០២៤។ រូបថត៖ Air Asia Cambodia
យន្តហោះគ្រឿងទី១របស់​ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រៀមការហោះហើរផ្លូវការ នៅថ្ងៃទី១ឧសភា ឆ្នាំ២០២៤។ រូបថត៖ Air Asia Cambodia
យន្តហោះគ្រឿងទី១របស់ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia ដែលមានឈ្មោះថា «នាគក្រហម» នឹងហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា តទៅ។ នៅតួខ្លួនយន្តហោះនេះ មានការរចនារូបភាពប្រាសាទអង្គរវត្ត ជាមួយនឹងអក្សរជាភាសាអង់គ្លេស Cambodia យ៉ាងស្រស់ស្អាត​។

 
បើតាម Air Asia Cambodia  ឈ្មោះ និងរូបរាងដ៏ស្រស់ស្អាត ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ Air Asia Cambodia បានបញ្ជាក់ថា  «  រីឯពណ៌ដ៏ស្រស់ឆើតឆាយ ក្រហម ខៀវ និង ស ដែលតែងលំអលើយន្តហោះ អមជាមួយរូបប្រាសាទអង្គរវត្ត យ៉ាងស្រស់ស្អាត និងអស្ចារ្យ ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា»។ 
 
បើតាមក្រុមហ៊ុន Air Asia Cambodia យន្តហោះនេះ ត្រៀមហោះហើរបង្ហាញខ្លួន និងហោះហើរសាកល្បង នៅថ្ងៃទី៣០មេសា​ មុននឹងចាប់ផ្តើមការហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា ឆ្នាំ២០២៤ តទៅ។ 
 
ជុំវិញនៃការត្រៀមហោះហើរនៅក្នុងរបស់ក្រុមហ៊ុន Air Asia Cambodia នេះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍​នូវការមកដល់«នាគក្រហម​» ដែលមានរចនាររូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​។​ យន្តហោះនេះ នឹងធ្វើដំណើរហោះហើរក្នុងស្រុកចំនួន៨ជើងក្នុងមួយថ្ងៃ។ 
 
តាមកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នាគក្រហមនឹងហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាប ចំនួន ៤ជើងក្នុងមួយថ្ងៃ ផងដែរ។ 
 


បើតាមសេចក្តីប្រកាសព័ត៌មានរបស់ Air Asia Cambodia កាលពីថ្ងៃទី១៨មីនា ឆ្នាំ២០២៤ ​យន្តហោះ​ដែលប្រតិបត្តិការក្នុងស្រុក ជាប្រភេទយន្តហោះ A320 មាន​មូលដ្ឋាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ លោក ណាំ វិសុទ្ធ​ អគ្គនាយក​ក្រុមហ៊ុន​ Air Asia Cambodia បានបញ្ជាក់ថា ជើង​ហោះហើរ​ក្នុងស្រុក​មួយ​នេះ​ នឹង​ផ្តល់នូវ​តម្លៃ​សមរម្យ​សម្រាប់​អ្នកដំណើរ ដែលជា​វិធានការ​មួយ​ ដើម្បី​រួមចំណែក​ដល់​ការ​ងើបឡើង​វិញ ​នូវ​វិស័យ​ទេស​ចរណ៍ បន្ទាប់ពី​រងគ្រោះ​យ៉ាងខ្លាំង​ដោយ​វិបត្តិ​កូវីដ-១៩។ 
 
​« នេះ​គឺជា​ពេលវេលា​ដ៏​រំភើប​មួយ​ក្នុងការ​​ធ្វើដំណើរ​របស់​យើង ហើយ​យើង​ពិតជា​សប្បាយរីករាយ​ក្នុងការ​ចាប់ផ្តើម​ការហោះ​ហើរ​នេះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុងស្រុក យើង​មាន​មោ​ទ​ន​ភាព​ក្នុង​ការណែនាំ​តម្លៃ​សំបុត្រ​យន្តហោះ ​ដែលមាន​តម្លៃ​សមរម្យ​មក​សម្រាប់​ប្រទេស​កម្ពុជា​»។ លោក ណាំ វិសុទ្ធ​ បានរៀបរាប់បែបនេះ ជាមួយចក្ខុវិស័យ​​ផ្លាស់​ប្តូរ​របៀប​ធ្វើដំណើររបស់ពលរដ្ឋនៅក្នុងប្រទេស តាមរយៈការដំណើរតាមផ្លូវអាកាស ជាមួយតម្លៃ​សមរម្យ មានទាំង​គុណ​តម្លៃ និងសេវាកម្មល្អ។ 
 
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើង​ហោះ​ហើរ​ត្រង់ ទៅ-មក ជាមួយប្រទេសចំនួន៦​ក្នុងតំបន់អាស៊ាន។​ ក្នុងនោះមាន ថៃ ឡាវ វៀតណាម  ម៉ាឡេស៊ី សិង្ហបុរី។ ក្រៅពីនេះ  ព្រលានយាន​យន្ត​តម្លៃជិត៩០០លានដុល្លារនេះ ក៏មានជើងហោះហើរត្រង់​ ទៅកាន់ទីក្រុងមួយចំនួនរបស់ប្រទេសកូរ៉េខាងត្បូង និងចិន ផងដែរ។
 
បើតាម លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកអភិវឌ្ឍន៍ការហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅត្រីមាសទី១ អាកាសយានដ្ឋានថ្មីនេះ បានជំរុញឱ្យកំណើននៃជើងហោះហើរទាំងទៅ-ទាំងមកជាមធ្យមចំនួន៥០ជើង ស្មើនឹងប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើង៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ 
 
ក្នុងចំណោមប្រទេសខាងលើ គឺថៃ និងវៀតណាម មានហោះហើរមកកាន់ព្រលានយាន​យន្ត​អន្តរជាតិ​សៀមរាប​-អង្គរ​ ច្រើនជាងគេ ខណៈជើងហោះហើរមកពីប្រទេសចិន មាន៣ជើង​ក្នុងមួយសប្តាហ៍។ នេះជាការបញ្ជាក់របស់លោក ពេជ្រ​ សុប៉ុនតារា​ ដែលមាន​គម្រោង​ទាក់ទាញក្រុម​ហ៊ុន​យន្តហោះ​ធំៗ ពីប្រទេសក្នុងតំបន់អឺរ៉ុប អាម៉េរិក ឥណ្ឌា កូរ៉េ និងចិន ថែមទៀត ដើម្បីអាកាសយានដ្ឋាននេះ​កាន់តែសកម្ម និងមាន​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរច្រើន​៕ 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com