ជាតិ
កម្ពុជា នឹងមានភូមិខ្មែរ នៅប្រទេសជប៉ុន
23, Apr 2024 , 6:59 pm        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ ភូមិខ្មែរ នឹងត្រូវបង្កើតឡើង នៅទីក្រុងអ៊ីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) នៃប្រទេសជប៉ុន ដើម្បីបង្ហាញពីសម្ភារ​ ក៏ដូចជាហាងម្ហូប ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរ។

 
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ បានជួបជាមួយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដើម្បីជជែកពីវឌ្ឍនភាព នៃដំណើរការរៀបចំភូមិខ្មែរ នៅប្រទេសជប៉ុន។ កិច្ចពិភាក្សា ធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី២២មេសា។ នេះបើតាមការចេញផ្សាយរបស់ក្រសួងការងារ។  
 
ភូមិខ្មែរនេះ គឺជាគំនិតផ្ដួចផ្ដើម របស់គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ។  លោក តាកិស៊ិ អុខាមិ បានរៀបរាប់ថា ក្រុមហ៊ុននឹងខិតខំតុបតែង ឱ្យកសិដ្ឋានរបស់ខ្លួន ទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ 
 
ភូមិខ្មែរនៅជប៉ុននេះ គ្រោងបង្កើតនៅក្នុងក្រុងអ៊ីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរ។ ដើម្បីធ្វើឱ្យទីតាំងនេះ មានសោភណ្ឌភាពបែបខ្មែរ ក្រសួងការងារ បានផ្គត់ផ្គង់សម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិ រួមមានស្គរឆៃយ៉ាំ ឧបករណ៍ទ្រ មុខស្វា មុខត្លុកជាដើម។  នេះបើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដែលធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំង ដើម្បីពិនិត្យគម្រោងសាងសង់នេះ កាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៣។ 
 
បើតាមភាគីក្រុមហ៊ុនជប៉ុន ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការ នៅថ្ងៃទី៣០ មិថុនា ខាងមុខ៕

Tag:
 កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com