កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន ម៉ាណែត ស្នើអនុប្រធាន OCA បន្តនាំអត្តពលិកកម្ពុជា ទៅហ្វឹកហាត់នៅចិន
23, Apr 2024 , 8:19 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត ជួបលោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅវិមានសន្តិភាព។ រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
សម្តេច ហ៊ុន ម៉ាណែត ជួបលោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នៅវិមានសន្តិភាព។ រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត
សម្តេច ហ៊ុន ម៉ាណែត ស្នើ លោក តាង ហ្គោដុន (Gordon Tang) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បន្តជួយគាំទ្រការអភិវឌ្ឍវិស័យកីឡា ជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនបន្តទៀត ក្នុងគោលដៅពង្រឹងសមត្ថភាពឆ្ពោះទៅការប្រកួតព្រឹត្តិការណកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ លោក ហ្គោដុន ដែលជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប្តេជ្ញារួមចំណែក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីជួយដល់ការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។



មិនត្រឹមតែ ប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ប៉ុណ្ណោះទេ លោក តាង ហ្គោដុន ដែលជាមហាសេដ្ឋី សញ្ជាតិសិង្ហបុរី នឹងចូលរួមសហការជាមួយ NOCC ក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA) ដែលជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ គ្រោងនឹងរៀបចំនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសំណេរដែលបានបង្ហោះលើផេកផ្លូវការបស់សម្តេច ហ៊ុន ម៉ាណែត បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោក តាង ហ្គោដុន នៅព្រឹកថ្ងៃទី២៣ ខែមេសា នៅវិមានសន្តិភាព។
 
ក្នុងជំនួបនោះ លោកអនុប្រធាន OCA បានប្រាប់សម្តេច ហ៊ុន ម៉ាណែត អំពីការផ្ដួចផ្ដើមគំនិតក្នុងការនាំយកព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀតមកប្រកួតនៅកម្ពុជា មុនឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពអត្តពលិកកម្ពុជា ដើម្បីឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ 
  
រូបភាព៖ ផេកហ្វេសប៊ុកសម្តេច ហ៊ុន ម៉ាណែត

មានតួនាទីជាអនុប្រធានទី១ NOCC ផង និងជាប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា (CSF) ផងដែរនោះ លោក ហ្គោដុន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ជាពិសេសការនាំអត្តពលិកទៅហ្វឹកហាត់នៅចិនត្រៀមប្រកួតស៊ីហ្គេមលើកទី៣២។ អ្នកជំនួញសិង្ហបុរីរូបនេះ បានឧបត្ថម្ភទាំងស្រុងក្នុងការបញ្ជូនយុវជនថ្នាលកីឡាកាយសម្ព័ន្ធកម្ពុជាមួយចំនួនទៅហ្វឹកហាត់រយៈពេលវែងនៅចិនផងដែរ។
 
ដោយមើលឃើញការជ្រោមជ្រែង ហើយកម្ពុជាទទួលបានលទ្ធផលគាប់ប្រសើរនៅស៊ីហ្គេមក្នុងផ្ទះខ្លួន សម្តេច ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះលោក ហ្គោដុន ដែលបានរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផង។ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅខែកក្កដា ខាងមុខ។
 
លើសពីនេះ សម្តេច នាយករដ្ឋមន្ត្រីកម្ពូជា ក៏បានស្នើឱ្យលោកអនុប្រធាន OCA បន្តជួយគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលបានសិទ្ធិរៀបចំលើកដំបូងជាប្រវត្តិសាស្ត្រ៕

Tag:
 ហ៊ុន ម៉ាណែត
  តាង ហ្គោដុន
  OCA
© រក្សាសិទ្ធិដោយ thmeythmey.com