កុមារ​ពិការភ្នែក យឿន ពិសី ក្លាយជា​ម្ចាស់​ពាន Cambodia’s Got Talent
ជាតិ
កុមារ​ពិការភ្នែក យឿន ពិសី ក្លាយជា​ម្ចាស់​ពាន Cambodia’s Got Talent
28, Feb 2015 , 11:30 am        
រូបភាព
ដោយ: រួបរួម
យឿន ពិសី អាយុ១៥ឆ្នាំ បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ Cambodia’s Got Talent រដូវ​កាល​ទីមួយ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស បន្ទាប់ពី​រូបគេ​ទទួល​ការផ្ញើរ​សារ​គាំទ្រ​លើស​បេក្ខជន និង​ក្រុម​សម្តែង​ចំនួន១៣ផ្សេងទៀត នា​ការបញ្ចេញ​សមត្ថភាព​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។



ពិសី ជា​សិស្ស​រៀន​នៅ​សាលា​អង្គការ​កុមារ​ពិការភ្នែក និង​គរ​ថ្លង់​គ្រួសារ​ថ្មី ខេត្តកំពង់ចាម។ កើត​ក្នុង​គ្រួសារ​ដែលមាន​កូន៧នាក់ ពិសី​មាន​ភ្នែក​ពិការ​តាំងពី​កំណើត​ដូចជា​បងប្រុស​របស់ខ្លួន​ផងដែរ។ កុមារ​កំសត់​រូបនេះ បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី Cambodia’s Got Talent ដោយបាន​បកស្រាយ​បទ «ព្រះវិហារ​សាក្សី​ស្នេហ៍» នៅ​វគ្គ​ដំបូង។ សំឡេង​របស់គេ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​ចៅក្រម៣រូប គឺ​លោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុ​ឃីម និង​តារា​កំប្លែង នាយ កុយ សុទ្ធតែ​បាន​គាំទ្រ​ឲ្យ​គេ​ឈានទៅ​កាន់​វគ្គ​បន្ត។

នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ យឿន ពិសី បាន​បកស្រាយ​បទ «កំពូលភ្នំ​ស្រួច» ហើយ​ទទួលបាន​នូវ​ការផ្ញើរ​សារ​គាំទ្រ​លើសគេ​ក្នុងចំណោម​បេក្ខជន​ដែល​ចូលរួម​ប្រជែង​ក្នុង​សប្តាហ៍​របស់ខ្លួន។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គេ​បាន​បកស្រាយ​បទ​ចម្រៀង​ដែល​រៀបរាប់​ពី​រឿងរ៉ាវ​ពិត​របស់ខ្លួន។

ចំណាត់ថ្នាក់​លេខ​មួយ នាំ​ឲ្យ យឿន ពិសី ទទួលបាន​ប្រាក់រង្វាន់​ចំនួន១០០លាន​រៀល។ បេ​ក្ខ​នារី ហ៊ុន ប៉ែន ដែល​សម្តែង​របាំ​សហ​សម័យ និង​ក្រុម​លោក វង្ស វណ្ណៈ និង​កញ្ញា ផុង ចាន់​ពិសី ដែល​សម្តែង​សៀក​សហ​សម័យ ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ទទួលបាន​ការផ្ញើរ​សារ​គាំទ្រ​ច្រើនជាងគេ (Top3) ផងដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ​មតិ​មួយចំនួន​បាន​រិះគន់ថា ជ័យលាភី​ដែល ពិសី ទទួលបាន​គឺ​កើតឡើង​ដោយសារតែ​ការ​អាណិត​ពី​សំណាក់​ទស្សនិកជន ពីព្រោះ​អ្នកមាន​បេក្ខជន​ជាច្រើន​ដែលមាន​សមត្ថភាព​លើស​បេក្ខជន​រូបនេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 23812 [1] => 9,27 [2] => កុមារ​ពិការភ្នែក យឿន ពិសី ក្លាយជា​ម្ចាស់​ពាន Cambodia’s Got Talent [3] => content [4] => [5] => [6] => 22 [7] => 0 [8] => )