អន្តរជាតិ
មូលហេតុ​អ្វី​បានជា​បង្កើត​ឲ្យ​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​?
04, Dec 2015 , 9:39 pm        
រូបភាព
ដោយ:
​គឺ​ដើម្បី​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ សេដ្ឋកិច្ច និង ភាពជា​ដៃគូ អាស៊ាន​ត្រូវបាន​បង្កើតជា​ផ្លូវការ ក្នុង​ឆ្នាំ​១៩៦៧  ។ ក្រោម​បាវចនា «​ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ តែមួយ និង សហគមន៍​តែមួយ​« អស់​រយៈពេល​៤៨​ឆ្នាំនេះ អាស៊ាន​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ ក្នុងនោះ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​បញ្ហា​ចម្រូងចម្រាស​ដែល​អាស៊ាន មិនទាន់​ស្វែងរក​ដំណោះស្រាយ​រួមមួយ ដើម្បី​បញ្ចប់​នៅឡើយ​នោះទេ​។​



​យោងតាម​កត្តា​ភូមិសាស្ត្រ សមុទ្រ​ចិន​ខាងត្បូង គឹជា​ដែនសមុទ្រ ដែលជា​ផ្នែក​មួយ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​សំបូរ​ទៅដោយ​ធនធានធម្មជាតិ និង សក្តានុពល​ភូមិសាស្ត្រ​។ យ៉ាងណាមិញ សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​វិញ គឺជា​ដែន​ជម្លោះ​អធិបតេយ្យ​លើ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែលមាន​រដ្ឋ​ពាក់​ព​ន្ធ័​រួមមាន​រដ្ឋ​អាស៊ាន​បួន​ប្រទេស​ដូចជា ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម និង​រដ្ឋ​ខាងក្រៅ​មាន​ចិន​។

១. ឬ​សគល់​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​?
​ដោយសារ​សក្តានុពល​ទាំង​ផ្នែក​ភូមិសាស្ត្រ និង ធនធានធម្មជាតិ នៅក្នុង​តំបន់​ដែនសមុទ្រ បានធ្វើ​ឲ្យ​រដ្ឋ​ដែលមាន​ដែនសមុទ្រ​ជាប់​នឹង​តំបន់​ជម្លោះ ធ្វើការ​ទាមទារ​ដើម្បី​ចូលទៅ​កាន់កាប់​។  តំបន់​ដែលជា​ទិសដៅ​ដ៏​សំខាន់​ដែល​រដ្ឋ​នីមួយៗ​បាន​ព្យាយាម​ទាមទារ និង គ្រប់គ្រង នោះ​រួមមាន តំបន់​ប្រជុំ​កោះ​ស្ព្រា​ត​លី​(Spratly Islands ) និង តំបន់​ប្រជុំ​ប៉ា​រ៉ា​សែ​ល (Paracel Islands)​។ ការទាមទារ​ដែល​ឈានទៅ​ជម្លោះ​នោះ​គឺ ដោយសារតែ​រដ្ឋ​នីមួយៗ​ផ្អែកលើ​ការអះអាង និង ប្រភព​ផ្សេងៗ​គ្នា​នៅលើ​តំបន់​ត្រួតស៊ីគ្នា ពោលគឺ​មួយ​ផ្អែក​ដោយ​កត្តា​ប្រវត្តិសាស្ត្រ​(​ចិន​) និង មួយ​ផ្អែក​ដោយ​កត្តា​ច្បាប់ ឬ​លិខិត​តូប​ករ​ណ៍​(​រដ្ឋ​អាស៊ាន​) ។

២. រដ្ឋ​នីមួយៗ​ទាមទារ​តំបន់​អ្វីខ្លះ និង យោងតាម​ប្រភព​អ្វី​?
+ ប្រ៊ុយណេ
​ជា​រដ្ឋ​អាស៊ាន​មួយ​ដែលមាន​សក្តានុពល​ភូមិសាស្ត្រ ប្រ៊ុយណេ មិនសូវ​មានការ​ខ្នះខ្នែង​ក្នុងការ​ទាមទារ នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ប៉ុន្មាន​នោះទេ​។ យ៉ាងណាក៏ដោយ រយៈពេល​កន្លងមក​ប្រ៊ុយណេ បានទាមទារ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ) ដោយ​យោងតាម​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ដោយមាន​ការទទួលស្គាល់​ពី​ម៉ាឡេស៊ី​ផងដែរ​។​

+ ម៉ាឡេស៊ី​
​ជា​រដ្ឋ​ជិតខាង​របស់​ប្រ៊ុយណេ ម៉ាឡេស៊ី ក៏បាន​ទាមទារ​មិនសូវ​ខុសពី​ប្រ៊ុយណេ​ប៉ុន្មាន​នោះទេ​។ ក្នុងនោះ​ម៉ាឡេស៊ី បានទាមទារ​តំបន់​មួយចំនួន​នៅក្នុង​តំបន់​ជម្លោះ ដូច​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ) និង តំបន់​ខ្ពង់រាប​បាតសមុទ្រ​(Continental Shelf) ដោយ​យោងតាម​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS)​។​

+ ហ្វីលីពីន​
​ហ្វីលីពីន កន្លងមក ត្រូវបាន​ស្គាល់​ថា​រដ្ឋ​អាស៊ាន​មួយ​ដែលមាន​ភាព​អង់អាច​ជ្រុល ក្នុងការ​ប្រឈម ជាមួយ​ចិន​។ សម្រាប់​ការទាមទារ​របស់​ហ្វីលីពីន ហាក់ដូច​ជាមាន​ប្រភព​ច្រើន ក៏ប៉ុន្តែ​ប្រភព​ចម្បង នៅតែ​យោងតាម​ច្បាប់​ដដែល​។ ហ្វីលីពីន បាន​អះអាង​ខ្លួន​ចួ​ល​កាន់កាប់​តំបន់​ជម្លោះ​នោះ ដោយហេតុ​ផល​ទី​១ គឺ​ការរកឃើញ​និង ទៅដល់​តំបន់​កោះ​ស្ព្រា​ត​លី​មុនគេ​ដោយ​អ្នករុករក​ជនជាតិ​ហ្វីលីពីន Tomas Cloma នៅក្នុង​ឆ្នាំ​១៩៥៦  ។ ហេតុផល​ទី​២ ហ្វីលីពីន បាន​អះអាងថា​ការ​ទាម​ទាមទារ​របស់​ហ្វីលីពីន គឺ​ស្របទៅនឹង គោលការណ៍​នៃ​ការគ្រប់គ្រង​ជាក់ស្តែង ( de Facto) នៅ​តំបន់​កោះ​។ ហេតុផល​ទី​៣ ហ្វីលីពីន បាន​បញ្ជាក់ថា​បណ្តុំ​កោះ​ស្ព្រា​ត​លី គឺ​ស្ថិតនៅក្នុង​បណ្តុំ​កោះ ដែលមាន​ទីតាំង​នៅក្នុង​អធិបតេយ្យ​របស់​ហ្វីលីពីន​។ ហេតុផល​ទី​៥​កោះ​ស្ព្រា​ត​លី គឺ​មិន​ស្ថិតនៅក្នុង​តំបន់​ត្រួតស៊ីគ្នា ដូច​ទៅនឹង​កោះ​ប៉ា​រ៉ា​សែ​ល ដែលជា​តំបន់​ចម្រូងចម្រាស​រវាង​ចិន​និង វៀតណាម​នោះទេ​។   ចុងក្រោយ ហ្វីលីពីន បាន​លើក​ពី​ហេតុផល​ផ្លូវច្បាប់ នោះ​គឺ ការទាមទារ​តាម UNCLOS​។ ហ្វីលីពីន បាន​អះអាងថា​កោះ​ស្ព្រា​ត​លី គឺជា​បណ្តុំ​កោះ​របស់​ហ្វីលីពីន​ដែល​ផ្នែក​មួយ​នៃ​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ដែល​បា​នប​ញ្ញ​តិ​នៅក្នុង​មាត្រា​៧៦ នៃ UNCLOS​។

+ វៀតណាម​    ​
​ជុំវិញ​នៃ​ការទាមទារ​នៅក្នុង​ដែនសមុទ្រ​ជម្លោះ វៀតណាម​បាន​ប្រើប្រាស់​នូវ​អំណះអំណាង​ពីរ​ប្រភេទ រួមមាន​កត្តា​ប្រវត្តិសាស្ត្រ និង ដោយយោង​តាម UNCLOS​។ សម្រាប់ ការអះអាង​តាម​ប្រវត្តិសាស្ត្រ វៀតណាម បាន​លើកឡើងថា​ខ្លួន បានចាប់ផ្តើម​ទាមទារ​តាំងពី​អំឡុង​ពេលដែល​វៀតណាម​ត្រូវបាន​បែងចែក​ជា​ពីរ​មកម្ល៉េះ ពោលគឺ​ក្នុង​ឆ្នាំ​១៩៥៤ ។ ក្នុងពេលនោះ ស្តេច ប៉ោយ​ដាយ​ដែលជា​មេដឹកនាំ​វៀតណាម​ខាងត្បូង​បាន​អះអាងថា​កោះ​ស្ព្រា​ត​លី​និង កោះ​ប៉ា​រ៉ា​សែ​ល  គឺ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់​វៀតណាម ដោយ​យោងតាម​សន្និសីទ​ក្រុង សាន់ ហ្វ្រា​ន់​ស៊ី​ស្កូ និង ផែនទី​បន្សល់​ក្រោយពី​បញ្ចប់​អាណានិគម​។ យ៉ាងណាក៏ដោយ ក្រោយពី​វៀតណាម​ទាំងពីរ ត្រូវបាន​រួបរួម​ជាថ្មី​ក្នុង​ឆ្នាំ​១៩៧៥ និង​ក្រោយពី​មាន​ឧប្បទ្ទវហេតុ នៃ​ការបុក​នាវា​រវាង​វៀតណាម និង​ចិន លើ​ដែន​ជម្លោះ​ក្នុង​ឆ្នាំ​១៩៨៨ វៀតណាម​បានធ្វើ​ការអះអាង​ដោយ​ផ្អែកលើ​ផ្លូវច្បាប់​បន្ថែម​។ ក្នុងនោះ​វៀតណាម​បានទាមទារ​លើ​ការគ្រប់គ្រង តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) និង តំបន់​ខ្ពង់រាប​បាតសមុទ្រ ដែល​ចេញពី​កោះ​ស្ព្រា​ត​លី និង កោះ​ប៉ា​រ៉ា​សែ​ល​ដោយ​យោងតាម UNCLOS​។​

+ ចិន​
​ក្រៅពី​រដ្ឋ​ដែលជា​សមាជិក​អាស៊ាន​ទាំង​បួន ភាគី​ចម្បង​ក្នុង​បញ្ហា​នៃ​ទំនាស់​ដែនសមុទ្រ​នេះ គឺ​មហា​យក្ស​ចិន​។ ចិន គឺជា​តួអង្គ​តែមួយគត់​ដែល​បានទាមទារ​និង បន្តកាន់កាប់​ដែនសមុទ្រ​ជម្លោះ​ស្ទើរតែ​ទាំងអស់​នៃ​តំបន់​ជម្លោះ​។ អ្វីដែល​គួរកត់សម្គាល់​នោះ ការទាមទារ និង ដាក់បញ្ចូល​ដែន   សមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​អធិបតេយ្យ​របស់ខ្លួន គឺ​អនុលោម​តាម​កត្តា​ប្រវត្តិសាស្ត្រ​តែមួយគត់ ដោយ​ចិន​បាន​អះអាង​ខ្លួន​ថា​ចូលកាន់​កាប់​តំបន់​នោះ​តាំងពី​រជ្ជកាល​ហាន​មកម្ល៉េះ​។ ការទាមទារ ដោយ​កត្តា​ប្រវត្តិសាស្ត្រ​នេះដែរ ក៏មាន​ភ្ជាប់​ជាមួយនឹង​ផែនទី​ខ្សែបន្ទាត់​ប្រាំបួន​ចំណុច ( nine-dash-line) ឬ អ្នកខ្លះ​ទៀត​ហៅថា​ផែនទី​អក្សរ​យូ (U-shaped line map) ដែល​បាន​គូស​ជា​ឯកតោភាគី ដែល​គ្របដណ្តប់​លើ​ផ្ទៃសមុទ្រ​ជម្លោះ​ទាំងអស់ ។ ហើយ​ផែនទី​ដែល​ចិន​យក​ប្រើ​សម្រាប់​ការទាមទារ​នៅលើ​តំបន់​ជម្លោះ​បច្ចុប្បន្ន​បាន​ឆ្លងកាត់​ជាច្រើន​ដំណាក់កាល​។ ក្នុងនោះ ផែនទី ត្រូវបាន​គូស​លើកដំបូង ដោយ​អ្នកជំនាញ​ផែនទី Hu Jinji តាំងពី​ឆ្នាំ​១៩១៤ ដែល​ផែន​ទីនោះ​ត្រូវបាន ធ្វើឡើង​ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការទាមទារ​របស់    ជប៉ុន​លើ​តំបន់​នោះដែរ​។ ក៏ប៉ុន្តែ នៅក្នុង​ផែនទី រាប់បញ្ចូល​តែ​កោះ​ប៉ា​រា​សែ​ល​ល​តែប៉ុណ្ណោះ សម្រាប់​កោះ​ស្ព្រា​ត​លី ត្រូវបាន​គូស​បញ្ចូល​នៅពេល ក្រោយពេល ដែល​បារាំង​បាន​ចូល​ឈ្លានពាន ក្នង​ពេលដែល​ខ្លួន​កំពុង​ដាក់​អាណានិគម​នៅ​ឥណ្ឌូចិន (​វៀតណាម ឡាវ និង​កម្ពុជា​)​។ ហើយ​ផែនទី​ចុងក្រោយ ដែល​ចិន​កំពុងតែ​ប្រើប្រាស់​នោះ​គឺ ផែនទី​ខ្សែបន្ទាត់​ប្រាំបួន​ចំណុច ដែល​ត្រូវបាន​គូសឡើង​វិញ ដោយ​គណៈកម្មាធិការ​ផែនទី នៅក្នុង​ឆ្នាំ​១៩៣៥ ហើយ​បាន​ក្លាយជា​ផែនទី រដ្ឋបាល​របស់​ចិន​។​

+ តើ​អាស៊ាន​បានធ្វើ​អ្វីខ្លះ​កន្លងមក​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ជម្លោះ​នេះ​? [​សូម​រង់ចាំ​អត្ថបទ​បន្ត​]

​   

© រក្សាសិទ្ធិដោយ thmeythmey.com