ពីនេះ ពីនោះ
តើ​ «​ផ្សារ​»​ និង​ ​«​ផ្សា​»​មាន​អត្ថន័យ​ខុសគ្នា​ដូចម្ដេច​?
18, Aug 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ការសរសេរ​ពា​ក្យ​ប្រចាំ​ថ្ងៃនេះ រវាង​ពាក្យ​ថា​«​ផ្សារ​» និង​«​ផ្សា​» មនុស្សមួយចំនួនអាច​នៅមាន​ការភាន់ច្រឡំ​ច្រើន ពី​របៀប​នៃ​ការប្រើប្រាស់​ពាក្យ​ទាំង​ពីនេះ​។​



​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បកស្រាយ និង​ឲ្យ​និយមន័យ​ពាក្យ​ទាំងពីរ​នេះ​ដូចខាងក្រោម​៖
 
​«​ផ្សារ​»  មានន័យថា ទីប្រជុំ​លក់​ទិញ​របស់​ផ្សេងៗ គឺ​ប្រជុំ​ផ្ទះ ឬ​រាន​តូចធំ​ដែល​គេ​ដាក់​ទំនិញ​លក់ដូរ​។ បុរាណ​ប្រើពាក្យ​នេះ​ប្រើពាក្យ​នេះ​ថា អាប័ណ​។
ឧទាហរណ៍ ផ្សារផ្សោ​, ផ្សារ​ស្ដុកស្ដម្ភ​, និង​ផ្សារ​រាយរង​នៅ​លាយ​ចម្រុះ​គ្នា​។ ជា​កិរិយាសព្ទ មានន័យថា ភ្ជាប់​ភ្ជិត​ដោយ​ទឹកបន្សារ​។ ឧទាហរណ៍​៖ ផ្សារឆ្នាំង​ស្ពាន់​, ផ្សារ​ឡត​ស័ង្កសី​។​
 
​ពាក្យ​«​ផ្សា​» វិញ មានន័យថា ឈឺចាប់​ពើត​រោលរាល​ឆៀបៗ​ដោយ​មុខ​សស្ត្រា​, របួស​, ដាច់​, រលាត់​, ប៉ះពាល់​ត្រូវ​, ប្រទះ​នឹង​ជាតិ​ជូរ​,​ប្រៃ​, ហឹរ​...​។ ផ្សាខ្លោច ឬ​ខ្លោចផ្សា កើតទុក្ខ​សង្រេង​ដោយ​សេចក្ដី​ស្ដាយស្រណោះ ឬ​ដោយ​សេចក្ដី​អាល័យ​ហាក់ដូចជា​ឆេះ​ខ្លោច​ឈឺផ្សា​ក្នុង​ចិត្ត​។​
 
​ហេតុនេះ​សូម​​កត់ចំណាំ​ថា ពាក្យ «​ផ្សារ​» គឺ​ប្រើ​សំដៅ​ទៅលើ​ទីកន្លែង​លក់ដូរ​ទំនិញ ផ្សារ​លក់ទំនិញ និង​សំដៅ​ទៅលើ​ការ ផ្សារភ្ជាប់​របស់​មួយ​ជាដើម​។ ចំណែក ពាក្យ «​ផ្សា​» គឺ​សំដៅ​ទៅលើ ការឈឺចាប់​ក្នុង​ចិត្ត ឬ​របួសស្នាម​អ្វីមួយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com