ពីនេះ ពីនោះ
និយាយថាចង់កសាងជាតិ តែនៅខ្វះការប្រតិបត្តិ
× ភ្នំពេញ៖ អ្នកដឹកនាំ គឺជាអ្នកទទួលខុសត្រូវ ក្នុងការកសាងមូលដ្ឋានជាតិឲ្យបានរឹងមាំ។ ដើម្បីទទួលបានកម្លាំងមូលដ្ឋានដ៏រឹងមាំមួយ ដែលជាកម្លាំងពិតក្នុងការចូលរួមកសាង និងអភិវឌ្ឍសង្គមជាតិ ប្រជាពលរដ្ឋនៃសង្គមនោះ គឺត្រូវតែជាក្រុមមនុស្សដែលមានស្មារតីរឹងមាំ មិនតក់ស្លុត មានប្រាជ្ញាអាចចេះវិភាគ ពិចារណា ស្វែងរកហេតុនិងផល ខុស និងត្រូវបាន ។
គ្រប់សង្គមទាំងអស់អ្នកណាក៏គេដឹងដែរថា កម្លាំងពិតរបស់សង្គម គឺកម្លាំងប្រជាពលរដ្ឋ។ ចំណែកពលរដ្ឋដែលអាចចាត់ទុកថា ជាកម្លាំងពិតបាន គឺជាប្រជាពលរដ្ឋដែលមានការយល់ដឹងគ្រប់គ្រាន់ និងទទួលបានព័ត៌មាន ពីបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ តាមរយៈការ អប់រំបណ្តុះបណ្តាល និងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ បន្ថែមពីនេះ ពលរដ្ឋនោះគឺជា មនុស្សប្រកបដោយគុណភាព មានសីលធម៌ គុណធម៌ និងចំណេះជំនាញ មានការយល់ដឹង ដែលជំរុញឲ្យមានការគិតពិចារណា នាំឲ្យមានមនសិការ ឧត្តមគតិជាតិ។
យ៉ាងណាអ្នកដឹកនាំ ក្រុមអ្នកដឹកនាំល្អ គេដឹងភ្លាមថា ជាក្រុមមនុស្សដែលមានភាពច្បាស់លាស់ ក្នុងការកំណត់គោលដៅ យុទ្ធសាស្ត្រ សកម្មភាពជាក់ស្តែង និងរិះរកគ្រប់មធ្យោបាយ សម្រាប់យកទៅអនុវត្តគម្រោង ផែនការ សកម្មភាពឲ្យមានប្រសិទ្ធភាព និងបានជោគជ័យ ក្នុងការកសាងជាតិរបស់ខ្លួន។ ការកសាងប្រព័ន្ធគ្រប់គ្រងមូលដ្ឋាន ប្រកបដោយគុណភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ។ អ្នកដឹកនាំ ក្រុមអ្នកដឹកនាំ មិនមែនជាក្រុមមនុស្សដែលគ្រាន់តែទៅកាន់តំណែង ហើយបញ្ជានោះទេ ប៉ុន្តែជាក្រុមមនុស្សដែលត្រូវទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះបញ្ហាជាតិ។
ប៉ុន្តែអ្វីទាំងឡាយវាគ្រាន់តែជាពាក្យដដែលៗ ដែលគេនិយាយតគ្នា រាប់ឆ្នាំមកហើយ។ ការពិគ្រោះយោបល់ ពិភាក្សាវែកញែក ដោយក្តីគោរព និងផ្តល់តម្លៃ ដល់គ្នាទៅវិញទៅមក តាមតួនាទីភារកិច្ច គឺជាមូលដ្ឋានក្នុងការឈានទៅរក ការរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំមួយប្រកបដោយតម្លាភាព សុចរិតភាព គណនេយ្យភាព និងសន្តិភាព ដោយគ្មានការប្រមាថ ញុះញង់បំបែកបំបាក់ សម្លាប់ដោយអនាធិបតេយ្យ ដើម្បីមហិច្ឆិតារបស់ខ្លួន។ ទាំងនេះគឺជាទ្រឹស្ដីដែលបណ្ដារបញ្ញវន្ត យុវជន ប្រជាជន អ្នកនយោបាយតែងតែលើកឡើង បន្ទោសឲ្យគ្នាទៅវិញទៅមក ប៉ុន្តែនៅតែមិនព្រមនាំគ្នាប្រតិបត្តិ ថានឹងធ្វើឲ្យបានដើម្បីជាតិមាតុភូមិ៕
© រក្សាសិទ្ធិដោយ thmeythmey.com