ជាតិ
តើអ្វីខ្លះជាតម្រូវការចាំបាច់របស់មនុស្សគ្រប់ជាតិសាសន៍ក្នុងជីវិតរបស់ពួកគេ?
× តម្រូវការរបស់មនុស្សមានច្រើននៅក្នុងជីវិត។ ប៉ុន្តែ អ្វីដែលមនុស្សគ្រប់ជាតិសាសន៍ត្រូវការចាំបាច់ជាងគេក្នុងជីវិតនោះ គឺ ម្ហូបអាហារ សេរីភាព និងយុត្តិធម៌។
កើតមកភ្លាម មនុស្សត្រូវការម្ហូបអាហារដើម្បីអាចបំប៉នរាងកាយឲ្យធំធាត់។ គ្មានអាហារ មនុស្សមិនអាចរស់បានទេ។ ដោយសារតែតម្រូវការអាហារវាចាំបាច់ពេកនោះ ទើបមនុស្សពេលខ្លះ សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីអាចរស់បាន។
បន្ទាប់ពីអាចរស់បានហើយ។ មនុស្សត្រូវការយុត្តិធម៌។ គ្មានយុត្តិធម៌ មនុស្សមិនអាចរស់នៅបានសុខស្រួលនោះទេ។ មានយុត្តិធម៌ គឺមានន័យស្មើរ នឹងមានសេចក្តីសុខផ្លូវចិត្ត។ ឪពុកម្តាយស្តីបន្ទោសកូនដោយអយុត្តិធម៌ កូនគេងមិនលក់ឡើយ ពីព្រោះ កូនឈឺចាប់ផ្នែកអារម្មណ៍ខ្លាំងពេក។
សេរីភាពនេះ ក៏ជាតម្រូវការចាំបាច់ដែរ។ បន្ទាប់ពីមានយុត្តិធម៌ និងម្ហូបអាហារហើយ មនុស្សត្រូវការសេរីភាពក្នុងការនិយាយ។ ភាគីដទៃប្រព្រឹត្តិអំពើខុសច្រើន តែភាគីពាក់ព័ន្ធមិនអាចនិយាយបាន អ្នកពាក់ព័ន្ធទាំងនោះ ពិតជាស្ទះអារម្មណ៍ក្នុងទ្រូង សម្រាន្តមិនលក់ឡើយ។ សង្គមផ្តាច់ការ គ្មានសេរីភាពក្នុងការបញ្ចេញមតិ គ្មានសេរីភាពសារព័ត៌មាន ពលរដ្ឋនៃប្រទេសនោះ ទោះមានទ្រព្យយ៉ាងណាក៏ដោយ ក៏គ្មានសេចក្តីសុខផ្នែកអារម្មណ៍ដែរ ព្រោះ ពួកគេគ្មានសេរីភាពក្នុងការនិយាយស្តី។
សរុបសេចក្តីមកវិញ អាហារ សេរីភាព និងយុត្តិធម៌ គឺជារឿងបីយ៉ាងដែលមនុស្សគ្រប់ជាតិសាសន៍ត្រូវការដោយខានមិនបាននៅក្នុងជីវិត។ មានលុយ ខ្វះសេរីភាព និងយុត្តិធម៌ ស្មើនឹងគ្មានន័យ។ មានយុត្តិធម៌ និងមានលុយ តែខ្វះសេរីភាព ស្មើនឹងគ្មានន័យ។ មានសេរីភាព និងមានយុត្តិធម៌ តែគ្មានលុយ រឹតតែគ្មានន័យទៅទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com