បទយកការណ៍ / បទសម្ភាសន៍
សម្តេច នរោត្តម បុប្ផា​ទេវី និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ
30, Sep 2016 , 4:00 pm        
រូបភាព
ដោយ:
​សែ​រាជវង្ស​ដ៏​ល្បីល្បាញ​ផ្នែក​របាំ​រាជទ្រព្យ​ក្នុងសម័យ​សង្គមរាស្ត្រនិយម សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ត្រូវបាន​​ព្រះមហាក្សត្រ​ផ្តល់​គោរមងារ​ថា ទេព​នាថ​វ​ដ្តី​ឯក និង​ជា​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​។ សម្រាប់​សិល្បៈ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​នេះ សម្តេច បុប្ផា​ទេវី  គឺជា​និមិត្តរូប​នៃ​របាំ​នេះ ពី​ព្រោះតែ​កាលពី​អតីតកាល ប្រជាជន​ខ្មែរ ដែល​ស្គាល់ ឬឮ​ឈ្មោះ​របាំ​ព្រះរាជ​ទ្រព្យ   តែង​នឹកឃើញ​ដល់​ព្រះនាម​របស់​ទ្រង់ ដែលជា​អ្នក​សម្តែង​របាំ​នេះ និង​មាន​សម្រស់​ស្រស់​សោភា​។ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ បើទោះបីជា​តួឯក​អប្សរា​ទី ១ នៅមាន​ព្រះជន្ម​នៅឡើយ និង​នៅ​ដឹកនាំ​របាំ​ព្រះរាជ​ទ្រព្យ​សម្តែង​នៅ​បរទេស​ក្តី ក៏​យុវជន​ខ្លះ​មិនសូវ​ស្គាល់​ពី​ព្រះនាម​របស់​ទ្រង់​ដែរ​។  



​នៅ​សម័យ​សង្គមរាស្ត្រនិយម ជាពិសេស​នៅ​អំឡុង​ឆ្នាំ ១៩៦០ កិត្តិសព្ទ​របស់​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី ត្រូវបាន​ប្រជានុរាស្ត្រ​ខ្មែរ​ស្គាល់​ច្រើន​ក្នុងនាម​ជា​សិល្បៈការិនី​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​។ ពីព្រោះថា រាជបុត្រី​របស់​ព្រះបាទ​នរោត្តម សីហនុ អង្គ​នេះ មាន​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ជា​ញឹកញាប់​ព្រះបិតា​របស់​ទ្រង់​តែងតែ​អនុញ្ញាត​ឲ្យ​ព្រះ​នាង​ម្ចាស់​សម្តែង​របាំ​នៅពេលដែល​មេដឹកនាំ​ធំៗ​បរទេស​ដូចជា​មេដឹកនាំ​បារាំង និង​ចិន​ជាដើម មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ 


សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី មានបន្ទូល​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ព្រះនាម​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ស្គាល់​ច្រើន​នៅពេលនោះ អាច​ដោយសារតែ​ទ្រង់​ជា​សែ​រាជវង្ស​តែមួយគត់ ដែល​ក្លាយជា​សិល្បការិនី​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​ម្យ៉ាងទៀត​ដោយសារ​ទ្រង់​ជា​បុត្រី​របស់​ព្រះ​បរម​រតន​កោដ្ឋ​ផង​នោះ​។ សម្តេច​បញ្ជាក់​យ៉ាងនេះថា​៖ «​អាច​ដោយសារតែ​ខ្ញុំ ជា​សែ​រាជវង្ស​ដែរ ព្រោះ​តាំងពីដើម​មក​មិន​ដែលមាន​សែ​រាជវង្ស​សម្តែង​របាំ​នេះ​ទេ​។ លើក​ទី ១ ហើយ ដែល​សែ​រាជវង្ស​សម្តែង ជាពិសេស​ខ្ញុំ​ជា​រាជបុត្រី​របស់​ព្រះ​កូ​ណា ( សម្តេច នរោត្តម សីហនុ​) ផ្ទាល់​»​។ 
 
​ទេពកោសល្យ​ពិសេស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​របស់​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី នេះ មិនមែន​កើតឡើង​ដោយ​រឿង​ចៃដន្យ​នោះឡើយ តែ​វា​ជា​រឿង​សក្តិសម​ណាស់ ដែល​ព្រះអង្គ​ត្រូវតែមាន​ជំនាញ​ផ្នែក​នេះ​ជាងគេ​។ សម្តេចព្រះ បុប្ផា​ទេវី មានបន្ទូលថា ទ្រង់​បាន​ប្រសូត្រ​នៅក្នុង​សែ​រាជវង្ស ដែលមាន​លោហិត​ស្រឡាញ់​វិស័យ​សិល្បៈ​តែម្តង ជាពិសេស​មាតា​របស់​ទ្រង់ គឺ​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល ជា​អ្នករបាំ​ព្រះរាជ​ទ្រព្យ និង​ជា​អ្នកលេង​ល្ខោន​ផងដែរ​។ 
 

 
​ដោយសារ​កត្តា​ខាងលើនេះ បន្ទាប់ពី​ព្រះរាជ​បុត្រី នរោត្តម បុប្ផា​ទេវី ប្រសូត្រ​នៅ​ឆ្នាំ ១៩៤៣ កន្លង​ទៅបាន ៥ ឆ្នាំ ពោលគឺ​ព្រះអង្គ​មាន​ព្រះជន្ម ៥ វស្សា ទ្រង់​បាន​ចូលរៀន​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​នៅក្នុង​ព្រះបរមរាជវាំង​ទៅហើយ​។ ពេលនោះ ព្រះ​អយ្យិកា​របស់​ទ្រង់ គឺ​ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន ដែលជា​អ្នកថែរក្សា​ព្រះអង្គ បាន​ហៅ​គ្រូ​ចាស់ៗ​ដែល​សេសសល់​ពី​សម័យ​ព្រះបាទ អង្គឌួង នរោត្តម ស៊ីសុវត្ថិ មក​បង្រៀន​របាំ​ព្រះរាជ​ទ្រព្យ​នេះ​ដល់​ទ្រង់​។ 
 
​ពីព្រោះ​តែ​ភាព​ឆ្លៀវឆ្លាត​ក្នុង​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​នេះ ទើប​ពេលដែល​ព្រះរាជ​បុត្រី​មាន​ព្រះ​ជន​បាន ១៨ ព្រះវស្សា ព្រះមហាក្សត្រី​យ៍ ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន បាន​ប្រទាន​ព្រះនាម ដល់​ព្រះអង្គ​ថា ជា​នាដ​ការី​ដ៏​ស្រស់ស្អាត​។ ខ្ញុំ​សូម​ឆ្លៀត​ជម្រាបជូន​ប្រិយមិត្ត​សារព័ត៌មាន​ថ្មីៗ​ថា សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​ព្រះអង្គ​ទាំង​ទ្វេ​ជា​បុត្រ​របស់​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល និង​អតីតព្រះមហាក្សត្រ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ​។ ព្រះរាជ​បុត្រី បានបញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ​ព្រះ​រា​ម្រិ​ត ហើយ​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម ១៥ ព្រះវស្សា និង​មាន​បុត្រ ៥ អង្គ​។ 
 
​ពេល​របប​ប៉ុល ពត មកដល់ នាដ​ការី និង​ជា​សាស្ត្រាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ​អង្គ​នេះ បាន​ភៀស​ព្រះកាយ​ទៅ​រស់នៅក្នុង​ជំរុំ​ជនភៀសខ្លួន​ខ្មែរ​-​ថៃ មួយរយៈ ហើយ​មុន​បន្តទៅ​រស់នៅ​ប្រទេស​បារាំង ព្រះអង្គ​បាន​បង្ហាត់បង្រៀន​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ជំរុំ​អំពី​របាំ​ព្រះរាជ​ទ្រព្យ​នេះ​។ ព្រះអង្គ​បង្រៀន ដើម្បី​ឲ្យ​ប្រជាជន​ទាំងនោះ ភ្លេច​នូវ​ការលំបាក​ពេល​រស់នៅក្នុង​ជំរុំ​ផង និង​ដើម្បី​ថែរក្សា​នៅ​របាំ​នេះ​ផង ព្រោះ​ទ្រង់​បារម្ភ​ខ្លាច​បាត់បង់​ពេល​ប្រទេស​ធ្លាក់​ចូលក្នុង​សង្គ្រាម​។ 
 
 
​ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ សម្តេច នរោត្តម បុប្ផា ទេវី បានសម្រេច​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​។ ពេលមកដល់​កម្ពុជា​វិញ តួឯក​អប្សរា​ទី ១ អង្គ​នេះ បាន​ខ្នះខ្នែង​បង្រៀន​សិស្ស​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ ហើយ​កាន់តំណែង​ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ហើយ​បន្ទាប់ពី​បោះឆ្នោត​អាណត្តិ​ទី ២ សម្តេចព្រះរៀម បាន​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ស្នាដៃ​សំខាន់​របស់​ទ្រង់​ពេល​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​នេះ ព្រះអង្គ បាន​បញ្ចូល​របាំ​ព្រះរាជ​ទ្រព្យ​ដែល​ទ្រង់​ជំនាញ​របាំ​នេះ ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ។​
 
​ចាប់ពី​របាំ​ព្រះរាជ​ទ្រព្យ​បាន​ចូល​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​មក របាំ​នេះ​កាន់​តែមាន​កិត្តិនាម​ល្បីល្បាញ​នៅលើ​សកលលោក​។ ជាងនេះទៅទៀត បើទោះបីជា សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី មាន​វ័យ​ចំណាស់ មិនអាច​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ដោយ​ខ្លួនឯង​ក្តី ក៏​ទ្រង់​នៅតែ​បង្រៀន និង​ដឹកនាំ​សិស្ស​របស់​ទ្រង់​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅ​បរទេស​មានដូចជា នៅ​ប្រទេស​ចិន នៅ​បារាំង និង​នៅ​ឥណ្ឌា ជាដើម ។ 
 
​តាមរយៈ​ការសម្តែង​របាំ​នេះ នៅក្រៅ​ប្រទេស សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី មានបន្ទូលថា ជនជាតិ​បរទេស​ភាគច្រើន​ដែល​បាន​ទស្សនា​របាំ​ព្រះរាជ​ទ្រព្យ ស្ងោ​ច​សរសើរ​មិន​ដាច់​ពី​មាត់​ពី​របាំ​នេះ ជាពិសេស​សរសើរ​កម្ពុ​ជា ដែលមាន​វប្បធម៌​ដ៏​ល្អ និង​សម្បូរបែប​។ ព្រះអង្គ បញ្ជាក់ថា បរទេស​ខ្លះ ពេល​បាន​ទស្សនា​នូវ​របាំ​នេះ ពួកគេ​មាន​អារម្មណ៍​ថា ហាក់បីដូចជា ពួកគេ​កំពុង​ស្ថិតនៅ​ក្នុងឋាន​ទេវតា​។ 
 
 
 
​ថ្វីបើ​របាំ​នេះ ទ​ទូល​បានការ​ចាប់អារម្មណ៍​ពី​បរទេស​ក្តី តែ​នៅក្នុង​សង្គម​ខ្មែរ​វិញ របាំ​ព្រះរាជ​ទ្រព្យ​នេះ ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​នោះឡើយ​។ ព្រះអង្គ​មានបន្ទូល​បែបនេះ​ថា​៖«​យុវជន​ខ្មែរ​សព្វថ្ងៃនេះ មិនទាន់​ចាប់អារម្មណ៍​ខ្លាំង​នោះទេ ។ ម្យ៉ាង​យើង​មិនសូវ​មានឱកាស​សម្តែង​បាន​ច្រើន ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បានដឹង បាន​ទស្សនា​ច្រើន​»​។ ដោយសារតែ​យុវជន​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍ ទើប​រាល់​ពេលដែល​ព្រះអង្គ មុននឹង​ដឹកនាំ​ក្រុម​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ទៅ​សម្តែង​នៅ​បរទេស ព្រះអង្គ​តែង​ឆ្លៀត​រៀបចំ​សម្តែង​របាំ​នេះ​នៅ​សាលចតុមុខ ដើម្បី​ឲ្យ​យុវជន​កម្ពុជា​ខ្លះ​ដែលមាន​ចំណាប់អារម្មណ៍ បាន​ទស្សនា​របាំ​របស់​ជាតិ​មួយ​នេះ ហើយ​ជាពិសេស​ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី ក៏​ទ្រង់​យាង​ជា​ព្រះរាជា​ធិ​តី​ទត​របាំ​ព្រះរាជ​ទ្រព្យ​នេះដែរ​។ 
 
​និយាយ​ដល់​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នេះ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​ធ្លាប់​ចងក្រង​ជា​ឯកសារ​ទាក់ទង​នឹង​របាំ​ព្រះរាជ​ទ្រព្យ​នេះ មានបន្ទូលថា របាំ​នេះ មាន​អាយុ​កាលពី​ជាង ១ ពាន់​ឆ្នាំ​មកហើយ ហើយ​មាន​ប្រភពដើម​ចេញមក​ពី​ប្រទេស​ឥណ្ឌា​។ សម្តេច​បុប្ផា ទេវី ដែល​ទទួលបាន​គោរព​ងារ​ជា «​ទេព​នាថ​វ​ដ្តី​ឯក​» ដោយ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​តែ​តាំង​មត៌ក​មនុស្ស​រស់​របស់​កម្ពុជា កាលពី​ឆ្នាំ ២០១៣ មានបន្ទូល​ទៀតថា របាំ​នេះ មាន​តួអង្គ តួអង្គ​នាង ជានា​រី តួ​នាយ​រោង ជា​បុរស តួអង្គ​យក្ស និង​តួអង្គ​ស្វា ព្រមទាំង​តួ​បន្ទាប់បន្សំ តួ​តា​ឥសី និង​តួ​ត្លុក ជាដើម​។ បើតាម​សម្តេចព្រះរៀម នរោត្តម បុប្ផា​ទេវី ដំបូង​ឡើយ​របាំ​ព្រះរាជ​ទ្រព្យ គេ​សម្តែង​តែ​នៅក្នុង​ពិធីបួងសួង​របស់​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​។​
 


​ប្រិយមិត្ត​សារព័ត៌មាន​ថ្មីៗ​ជាទី​មេត្រី ស្គាល់​សម្តេច​រាជបុត្រី​ដែលជា​អ្នកជំនាញ​របាំ​ព្រះរាជ​ទ្រព្យ​តែមួយ​មុខ ទំនងជា​នៅ​មិនទាន់​អស់ចិត្ត​នោះទេ ពោលគឺ​ប្រហែល​ជាមាន​មន្ទិល​ថា សម្តេច នរោត្តម បុប្ផា​ទេវី ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ហេតុអ្វី​មិនដែល​និយាយ​ពី​បញ្ហានយោបាយ​ជា​សាធារណៈ​ដូចជា​ព្រះអនុជ​របស់​ទ្រង់​គឺ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​? ចម្ងល់​នេះ ត្រូវបាន​សម្តេច នរោត្តម បុប្ផា​ទេវី ពន្យល់ថា ថ្វីបើ​ព្រះអង្គ​ធ្លាប់​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​មែន តែ​និស្ស័យ​របស់​ទ្រង់​ចូលចិត្ត​ផ្នែក​សិល្បៈ ម្លោះ​ហើយ​ព្រះអង្គ​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ​។​
 


​ដោយសារ​ព្រះទ័យ​ជាប់ជំពាក់​នឹង​សិល្បៈ​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​នេះ ធ្វើ​ឲ្យ​ព្រះអង្គ​នៅតែ​បន្ត​រៀបចំ​កម្មវិធី​សម្តែង​របាំ​នេះ​នៅក្រៅ​ប្រទេស​ដែរ បើទោះបីជា​ទ្រង់មាន​ព្រះជន្ម​ដល់​ទៅ ៧៣ ព្រះវស្សា​ក្តី​។ សម្តេច​មានបន្ទូលថា សម្តេច​នឹង​នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង​របាំ​ព្រះរាជ​ទ្រព្យ​នេះ រហូតដល់​ព្រះអង្គ​ជរា​ធ្វើ​លែងកើត​។ ទ្រង់​បញ្ជាក់​យ៉ាងនេះ​ថា​៖«​ខ្ញុំ​ថា​ចាស់ៗ​ហើយ សុំ​សម្រាក​ដែរ តែ​នៅតែ​មានអី​ធ្វើ​ទៀត នៅតែ​ជួយ​គេ​ជួយ​ឯង​រហូតដល់​ធ្វើ​អ្វី​លែងកើត​»៕







© រក្សាសិទ្ធិដោយ thmeythmey.com