English-Français
ជាតិ
ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ សត្វ​ដំរី​ជួយ​កសាង​ប្រាសាទ និង​ជួយ​ទ័ព​ខ្មែរ​ឲ្យ​ឈ្នះ​ចម្បាំង​
20, Apr 2018 , 11:17 am        
រូបភាព
​ភ្នំពេញ​៖ ជនជាតិ​បារាំង ដែលមានសញ្ជាតិខ្មែរ លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​បាន​ពន្យល់ថា មូលហេតុ​ដែល​គាត់ ឬ​សមាគម​គាត់​ចង់​ជួយសង្គ្រោះ បាក់ ម៉ៃ ឬ​ដំរី​ដទៃទៀត​នោះ ព្រោះ សត្វ​ដំរី​នៅក្នុង​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ផុត​ពូជ​។ បើ​យោងតាម​លោក Pierre-Yves Clais ជនជាតិ​បារាំង និង​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដែរនោះ ប្រទេស​កម្ពុ​ជាមាន​ដំរី​ស្រុក​៦៩​ក្បាល និង​ដំរីព្រៃ​២៥០​ក្បាល​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​បារាំង​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា ដូចតទៅ​៖

​សំឡេង​ជា​ភាសា​បារាំង​




​ដោយ​សង្កេតឃើញ​ភា
ពគ្រោះថ្នាក់​នៃ​សត្វ​ដំរី​ខ្មែរ​នោះ លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា បានសម្រេច​ចិត្ត​បង្កើត​សមាគម​ដើម្បី​ជួយសង្គ្រោះ​សត្វ​ដំរី​ដែល​នៅ​សេសសល់​នៅក្នុង​ប្រទេស​កម្ពុជា​។

​បុរស​ដែលមាន​ជំនាញ​ផ្នែក​ទេសចរណ៍ធម្មជាតិ​រូបនេះ បាន​និយាយថា សត្វ​ដំរីព្រៃ​នៅតែ​ប្រឈម​នឹង​ការ​បរបាញ់ ឬ​ការចាប់​ដោយ​អ្នកប្រមាញ់​«​ជនជាតិខ្មែរ និង​ជនជាតិ​វៀតណាម​»​មួយចំនួន​។

​ការ​បរបាញ់​ជា​រឿង​មួយ តែ​រឿង​មួយទៀត​ដែល​ធ្វើ​ឲ្យ​ចំនួន​ដំរីព្រៃ​កាន់តែ​បាត់បង់​ដែរនោះ គឺ​ការបាត់បង់​ព្រៃឈើ​ដែលជា​ជម្រក​របស់​សត្វ​ដំរី​។ ការបាត់បង់​ព្រៃឈើ គឺជា​ការបាត់បង់​ជម្រក​របស់​សត្វ​ដំរី​។

​លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​ដែលមាន​ជំនាញ​ខាង​ទេសចរណ៍ធម្មជាតិ បាន​បន្តទៀតថា លោក​ស្រឡាញ់​វប្បធម៌ ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា និង​ស្រឡាញ់​ដំរី​ខ្មែរ ហើយ​ដំរី​ខ្មែរ​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​។ លោក Pierre-Yves Clais បាន​រម្លឹកថា កាលពី​អតីតកាល បើ​គ្មាន​សត្វ​ដំរី ប្រទេស​កម្ពុជា​មិនអាច​ខ្លាំង​បានឡើយ ព្រោះ​កាលនោះ សត្វ​ដំរី ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំងនឹង​«​ជនជាតិ​ចាម និង​សៀម​»​។ លើសពីនេះទៅទៀត ដំរី ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​សាងសង់​ប្រាសាទ​(​ទាញ​ថ្ម​ប្រាសាទ​)​។ តែ​ជា​អកុសល ក្រោយមក​តួនាទី​សត្វ​ដំរី​ខ្មែរ​ត្រូវបាន​គេ​បំភ្លេចចោល​។ ការ​បំភ្លេច​តួនាទី​សត្វ​ដំរី គឺ​ស្មើនឹង​បំភ្លេច​មិត្តភក្តិ​ដែល​បាន​ជួយ​កសាង​ប្រទេស​ខ្មែរ​ឲ្យ​ខ្លាំង​។ «​ដូច្នេះ យើង​ចង់​ជួយសង្គ្រោះ​សត្វ​ដំរី​ដែល​នៅ​សេសសល់​»​។ នេះ គឺជា​ការបញ្ជាក់​បន្ថែម​របស់លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​។

​តាម​ការសង្កេត​របស់​លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា វត្តមាន​សត្វ​ដំរី​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅក្នុង​ខេត្ត​រតនគីរី​សព្វថ្ងៃ បាននិងកំពុង​ជួយ​ការពារ​ព្រៃឈើ​ពី​ការកាប់បំផ្លាញ​ពី​សំណាក់​ជនខិលខូច​។ គោលបំណង​របស់លោក Pierre-Yves Clais អនុប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា គឺ​ការពារ គាំពារ សត្វ​ដំរី​ពី​ការកាប់សម្លាប់​។ តែ​ដើម្បី​ថែទាំ ឬ​គាំពារ​សត្វ​ដំរី​បាន គេ​ត្រូវតែ​ថែទាំ​ព្រៃឈើ​ផងដែរ​។ ម្យ៉ាងទៀត «​បើ​កាប់​ព្រៃឈើ​អស់ ពេលនោះ ទេសចរណ៍ធម្មជាតិ ក៏ត្រូវ​ចប់​ដែរ​»​។

​ក្រោយពី​បង្កើត​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​វ​ត្តា​រួចមក លោក Pierre-Yves Clais បាន​ស្វះ​ស្វែងរក​ជំនួយ​ដើម្បី​ថែទាំ​ដំរី​៤​ក្បាល​របស់លោក​នៅក្នុង​ខេត្ត​រតនគីរី​។ តែ​រហូតមក​ដល់ពេលនេះ ថវិកា​ទទួលបាន​នៅ​តិចតួច​នៅឡើយ​។ តាម​ការសង្កេត​របស់​លោក Pierre-Yves Clais គឺថា ជន​បទេស ឬ​ខ្មែរ​មកពី​ក្រៅប្រទេស​ហាក់បីដូចជា​ចូលរួម​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​អភិរក្ស​សត្វ​ដំរី​ច្រើន​។ តែ​ពលរដ្ឋ​នៅក្នុង​ប្រទេស​ហាក់បីដូច​ជា​មិនសូវ​ចាប់អារម្មណ៍​ទេ​។ លោក​បញ្ជាក់ថា​៖«​ជួយ​សត្វ​ដំរី គឺ​ជួយ​ប្រទេសជាតិ​ទាំងមូល​»​។ បើ​យោងតាម​គម្រោង លោក​នឹង​បង្កាត់​កូនដំរី​ឲ្យ​បាន​កាន់តែច្រើន​នាពេល​អនាគត​៕  លេខ​ទំនាក់ទំនង​លោក Pierre-Yves Clais៖ ០១២ ២១៤ ៤៦៨


Tag:
 សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com