ជាតិ
សិល្បះ
សម្តេចព្រះរៀម បុប្ផា​ទេវី ដឹកនាំ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​នៅ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
13, Apr 2017 , 8:59 am        
រូបភាព
 
​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា​នេះ មានកម្ម​វិធី​ជាច្រើន​សុទ្ធសឹងតែ​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​របស់​ខ្មែរ​។ កម្មវិធី​ទាំងនោះ មានដូចជា​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ ល្ខោនខោល ការលេង​ល្បែង​ប្រជាប្រិយ របាំ​ប្រពៃណី សួន​នារីរ័ត្ន ភូមិ​បង្អែម​ខ្មៅ និង​ការ​ដាក់តាំង​វត្ថុ​យក្ស​ទាំង​៣ មាន​ចាប៉ីដងវែង សំបុក និង​ពងមាន់ និង​កម្មវិធី​កម្សាន្ត​ជាច្រើន​។ នេះ​បើតាម​លោក អ៊ឹង វីរៈ អ្នកនាំពាក្យ​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​។


​អ្វីដែល​ពិសេស ការសម្តែង​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ សម្ដេចព្រះរាម នរោត្តម បុ​ប្ជា​ទេវី  ជា​អ្នកដឹកនាំ​ការសម្តែង​របាំ​នេះ​ដោយផ្ទាល់​ព្រះអង្គ នៅក្នុង​ព្រឹត្តិការណ៍​រយៈពេល​នេះ​។ លោក អ៊ឹង វីរៈ​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ឆ្នាំនេះ​យើង​ពិតជា​មាន​មហា​កិត្តិយស ដែល​សម្តេចព្រះរាម បុប្ផា​ទេវី ដែល​សព្វព្រះរាជហឫទ័យ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​តាមរយៈ​ការសម្តែង​របាំ​ព្រះរាជ​ទ្រព្យ​ក្រោម​ចំណងជើង​ថា​«​ប្រវត្តិ​មួយ​សតវត្ស​ន៍​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​»​។​
 
​សម្ដេចព្រះរាម នរោត្តម បុ​ប្ជា​ទេវី  ជា​បុត្រី​របស់​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​សែ​រាជវង្ស​តែមួយគត់ ដែល​ក្លាយជា​សិល្បការិនី​ផ្នែក​របាំ​ព្រះរាជ​ទ្រព្យ​។ សម្តេច​បុប្ផា ទេវី ដែល​ទទួលបាន​គោរព​ងារ​ជា «​ទេព​នាថ​វ​ដ្តី​ឯក​» ដោយ​ព្រះរាជក្រឹត្យ​ស្ដីពី​ការ​តែ​តាំង​មត៌ក​មនុស្ស​រស់​របស់​កម្ពុជា កាលពី​ឆ្នាំ ២០១៣ ។  របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ៕
 
 
 
 

Tag:
 បុប្ផា​ទេវី​
 ​ របាំ​ព្រះរាជ​ទ្រព្យ​
 ​ អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com